រដ្ឋាភិបាលផ្ដល់​សិទ្ធិ​ដល់​​នគរបាល​ត្រួត​ពិនិត្យ​ប្រព័ន្ធ​អគ្គិភ័យ​នៅ​តាម​អគារ​ទាំង​អស់​ទូទាំង​ប្រទេស​

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​​ប្រគល់​សិទ្ធិ​ដល់​​នគរបាល​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៅ​តាម​ការដ្ឋាន​សំណង់ និង​តាម​អគារ​គោលដៅ​ដទៃ​ទៀត។

ក្នុង​ប្រកាស​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​ លោក ស ខេង បាន​ផ្ដល់​សិទ្ធិ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត នូវ​សិទ្ធិ​ចុះ​ហត្ថលេខាបញ្ជាក់​ទទួល​ស្គាល់ប្លង់​បង្ការ​អគ្គិភ័យ ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ម្ចាស់​សំណង់​រុះ​រើ ជួសជុល​កែ​តម្រូវ​ប្រព័ន្ធ​អគ្គិភ័យ ចេញ​លិខិត​ព្រមាន ចេញបង្កាន់​ដៃ​ពិន័យ​ និង​ចេញ​លិខិត​ផ្អាក​បណ្ដោះ​អាសន្នដល់​ផ្នែក​ណា​មួយ​នៃ​សំណង់ និង​គោល​ដៅ​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ និងវិធានការ​បង្ការ និង​ពន្លត់អគ្គិភ័យ​ ឬ​មិន​បាន​បំពាក់​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ និង​មិន​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ ដោយស្ថាប័ន​ជំនាញ​បច្ចេក​ទេស​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​ទទួល​ស្គាល់​។

អនុក្រឹត្យ​ស្ដីពី​ចំណាត់​ថ្នាក់​ សំណង់ និង​គោលដៅ​ដែល​តម្រូវ​ឲ្យ​មាន​ប្លង់​ប្រព័ន្ធ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០១៨ ​បាន​តម្រូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ប្រតិភូ​កម្ម​អំណាច​ទៅ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​តាំង​ពី​ពេល​នោះ​ផង​ដែរ តែ​ទើប​នឹង​ឃើញ​​ប្រកាសនេះ​​នៅ​​ពេល​នេះ។

ចំណាត់​ថ្នាក់​សំណង់​តម្រូវ​ឲ្យ​មានប្រព័ន្ធ​បង្ការ​ និង​អគ្គិភ័យ ក្នុង​អនុក្រឹត​​ចំណាត់​ថ្នាក់​ សំណង់ឆ្នាំ​២០១៨ បាន​កំណត់​សំណង់​៥​ចំណាត់​ថ្នាក់​ ដែល​មាន​សំណង់​គោល​ដៅ​ណា​ដែល​ងាយ​ឆាប​ឆេះ សំណង់​ក្រសួង ស្ថាប័ន​ មន្ទីរ អង្គភាព​រដ្ឋ គ្រឹះស្ថាន​សាធារណៈ និង​ឯកជន សំណង់​នៅ​ទី​ប្រជុំជន​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន រហូត​ដល់​កំពង់​ផែ សំណង់​នៅ​តំបន់​ព្រៃ​ភ្នំ ឧស្សាហកម្ម និង​ការដ្ឋាន និង​អាគារ​ពាណិជ្ជកម្ម​ខ្នាត​តូច រួម​ទាំង​​ផ្សារ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ