បទយកការណ៍៖ កសិករនៅឃុំក្រាំងយ៉ូវខេត្តកណ្តាល​បោះ​បង់​របរ​ចិញ្ចឹម​ជ្រូក​ ក្រោ​យផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក

កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ​ អ្នកស្រី ប៊ុន គឹមឡុង ថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមនឹងរឿងជំងឺប៉េស្តជ្រូក។ រូបភាព៖ ហួត វុទ្ធី

ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិក បានឆ្លងរាលដាលមកដល់ទឹកដីកម្ពុជា ហើយ​មន្ត្រីជំនាញរកឃើញថា បានកើតឡើងនៅខេត្តចំនួន៥ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ បន្ទាប់​ពី​វា​ផ្ទុះ​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម ដែល​នៅ​ជាប់​ជិត​ខាង​ជាមួយ​កម្ពុជា។

ដំណឹងនៃការឆ្លងរាលដាលនេះ ក៏​បានសាយភាយ​ដល់​ភ្នែក និង​ត្រចៀក​របស់​ពលរដ្ឋ​កម្ពុជា​ស្ទើរគ្រប់ទីកន្លែងផង​ដែរ ដែល​ធ្វើ​ឲ្យ​តម្រូវការ​សាច់​ជ្រូកធ្លាក់​ចុះ ហើយ​តម្លៃ​សាច់​ជ្រូក​ក៏​ធ្លាក់​ចុះ​ព្រម​គ្នា​ផង​ដែរ ហើយ​បញ្ហា​នេះ​ជំរុញ​ឲ្យ​កសិករ​​មួយ​ចំនួនកំពុង​ងាក​ចេញ​ពី​មុខ​របរ​ចិញ្ចឹម​សត្វ​មួយ​ប្រភេទ​នេះ។

ក្រាំងយ៉ូវ ជាឃុំមួយនៅ​ក្នុងស្រុកស្អាង ខេត្តកណ្តាល មានចម្ងាយតែ​ជាង ៤០គីឡូម៉ែត្រប៉ុណ្ណោះ​ពីរាជធានីភ្នំពេញ ហើយឃុំ​នេះត្រូវ​បាន​ក្រសួង​កសិកម្ម​ប្រកាស​ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បាន​ផ្ទុះ​ឡើង និង​រីក​រាល​ដាល​ខ្លាំង រហូតធ្វើឱ្យកសិករចិញ្ចឹមជ្រូក និង​អាជីវករលក់សាច់ជ្រូកនៅផ្សារមួយចំនួនសម្រេចបោះបង់មុខរបររបស់ខ្លួនតែម្តង។

កសិដ្ឋានចិញ្ចឹមជ្រូក
កសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកភូមិម្នាក់ ស្ថិតនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបភាព៖ ហួត វុទ្ធី

កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ​ អ្នកស្រី ប៊ុន គឹមឡុង បានរៀបរាប់ថា មុខរបរចិញ្ចឹមជ្រូកប្រមាណ ១០ឆ្នាំមកនេះ ត្រូវបានបោះបង់ចោលនៅពេលនេះ ក្រោយពេលជ្រូកអ្នកស្រីជិត ១០០​ក្បាល បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកងាប់ និងត្រូវបំផ្លាញចោលទាំងអស់។

រៀបរាប់ទាំង​ទឹកមុខពោរពេញដោយទុក្ខព្រួយបារម្ភ​នោះ អ្នកស្រីថា បានធ្វើឱ្យគ្រួសារគាត់ប្រឈមជាខ្លាំង ដោយត្រូវខាតបង់ពេលវេលា កម្លាំង និងខាតបង់ថវិកាប្រមាណ ១ម៉ឺន ៥ពាន់ដុល្លារ ក្នុងរយៈពេលតែមួយពព្រិចភ្នែក។

អ្នកស្រី ប៊ុន គឹមឡុង
កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ​ អ្នកស្រី ប៊ុន គឹមឡុង ថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមនឹងរឿងជំងឺប៉េស្តជ្រូក។ រូបភាព៖ ហួត វុទ្ធី

អ្នកស្រីបន្ថែមថា៖ «ចាស៎! ជួបតែតម្លៃថោកទេ បើថា រឿងងាប់ ខ្ញុំមិនដែលចិញ្ចឹមងាប់មែន។ ចិញ្ចឹមម្តង ១០០ ៧០ ឬ ៨០ក្បាលអី ខ្ញុំមិនដែលជួបបញ្ហាជ្រូកខ្ញុំងាប់ទេ។ ទើបតែឆ្នាំហ្នឹង ជ្រូកឈឺងាប់ មិនអាចព្យាបាលបាន ហើយភូមិហ្នឹងក៏ងាប់អស់ច្រើនដែរ មិនមែនចំពោះតែ​ខ្ញុំទេ គ្រាន់តែគេតិចតួច។ បើកើតជំងឺហ្នឹង ខ្ញុំមិនអាចបន្តទៀតបានទេ ព្រោះវាខាតបង់ច្រើនណាស់»

ដោយឡែក អាជីវករលក់សាច់ជ្រូកនៅផ្សារភ្នៀត ក្នុងឃុំក្រាំងយ៉ូវ និងជាអ្នកចិញ្ចឹមជ្រូកផងនោះ លោក យ៉ាវ ឡុង ឱ្យដឹងថា ជ្រូករបស់លោកប្រមាណ ៣០ក្បាលឆ្លងជំងឺសាហាវនេះ គ្មានសល់ ដោយលោកថា ជំងឺនេះចាប់ផ្តើមកើតឡើងតាំងពីខែមិថុនាមកម្លេះ។

អាជីវករ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ជំងឺនេះក្រៅពីបំផ្លាញមុខរបរចិញ្ចឹមជ្រូក ដែលធ្វើឱ្យលោកខាតបង់ប្រាក់ជាង ១០លានរៀលហើយនោះ​ វាក៏បានបំផ្លាញមុខរបរលក់សាច់ជ្រូករបស់លោកនៅផ្សារដែរ ដោយថា ក្រោយពេលជំងឺប៉េស្តជ្រូកនេះផ្ទុះឡើង​ ពលរដ្ឋក្នុងឃុំ លែងបរិភោគសាច់ជ្រូកហើយ ដែល​នាំ​ឲ្យ​លោក​លក់មិនដាច់សូម្បីតែ ១ខាំ។

 អាជីវករលក់សាច់ជ្រូកនៅផ្សារភ្នៀត ក្នុងឃុំក្រាំងយ៉ូវ និងជាអ្នកចិញ្ចឹមជ្រូកផងនោះ លោក យ៉ាវ ឡុង
អាជីវករលក់សាច់ជ្រូកនៅផ្សារភ្នៀត ក្នុងឃុំក្រាំងយ៉ូវ និងជាអ្នកចិញ្ចឹមជ្រូកផងនោះ លោក យ៉ាវ ឡុង ថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមនឹងរឿងជំងឺប៉េស្តជ្រូក។ រូបភាព៖ ហួត វុទ្ធី

លោកបន្តថា៖ «អត់ទេ អត់មានបានមួយរយមួយរៀលអីទេ ដុតចោល(ជ្រូក)ទាំងអស់ហ្មង។ កាប់(ជ្រូកលក់)អត់ទាន់ទេ ដូចថា វាក្រឡាប់ចក្រ វាមូល(ងាប់ច្រើន)តែម្តង ហើយលែងមានអ្នកស៊ីហ្មង ហើយសុំអង្វរឱ្យគេ ក៏​គេ​មិនយកទៀត។ ពេលផ្ទុះជំងឺនេះមក ឈប់លក់សាច់ជ្រូកតែម្តង»

កសិករទាំងនេះ ស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាចំពោះមុខនេះ ដោយអាចធ្វើឱ្យពួកគាត់មានដើមទុនខ្លះ​សម្រាប់ប្រកបមុខរបរផ្សេង និងស្នើឱ្យពលរដ្ឋចូលរួមទប់ស្កាត់ជំងឺនេះ មិនឱ្យរាលដាលទៅតំបន់ផ្សេង។

អាជ្ញាធរឃុំបានកំណត់ទីតាំងរក្សាទុកជ្រូកងាប់ ឬ​ជ្រូកកើតជំងឺប៉េស្តដែលត្រូវយកទៅបោះចោល និងដុតចោល នៅក្បែរវត្តភ្នំទំពែក ក្នុងភូមិស្វាយដំណាក់ ហើយជ្រូករាប់រយក្បាលហើយ ត្រូវ​បានដុត ឬ​កប់ចោលនៅទីនោះ។

លក់ពងទាកូន និងប្រហិតចៀននៅខាងមុខខ្លោងទ្វាវត្តភ្នំទំពែក ក្បែរទីតាំងរក្សាទុកជ្រូកឆ្លងជំងឺនោះ អ្នកស្រី គិត គីម ​រៀបរាប់ថា អ្នកស្រីតែងឃើញអ្នកភូមិយកជ្រូកងាប់មកបោះចោលក្នុងរណ្តៅជាហូរហែ ដោយកន្លែងនោះធ្លាប់ត្រូវបានអាជ្ញាធរជំនាញបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

ពលរដ្ឋរូបនេះនិយាយថា តាំងពីផ្ទុះជំងឺ​នេះមក គ្រួសារអ្នកស្រីឈប់បរិភោគសាច់ជ្រូកទាំងស្រុង ដោយគ្មានថ្ងៃកំណត់នឹងហូបវិញឡើយ ហើយងាកមកហូបត្រី ឬ​មាន់​ទាជំនួសវិញ ព្រោះតែបារម្ភពីសុខភាព។ ម្យ៉ាង អ្នកស្រីមើលឃើញស្ថានភាពជ្រូកមានជំងឺទាំងនោះ គួរឱ្យខ្លាច និង​ខ្ពើមរអើម។

អ្នកស្រី គិត គីម អ្នកលក់ដូរនៅម្ដុំទីតាំងដែលមានជំងឺប៉េស្តជ្រូកឆ្លង ស្ថិតនៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល
អ្នកស្រី គិត គីម អ្នកលក់ដូរនៅម្ដុំទីតាំងដែលមានជំងឺប៉េស្តជ្រូកឆ្លង ស្ថិតនៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមនឹងរឿងជំងឺប៉េស្តជ្រូក។ រូបភាព៖ ហួត វុទ្ធី

អ្នកស្រីបន្តថា៖ «ហ្នឹង! ឃើញអីចឹង ខ្ពើមតែម្តង។ ខ្ញុំព្រួយបារម្ភខ្លាច​កើតដល់មនុស្សហើយ គឺ​ចេះតែខ្លាច។ ខ្ញុំចង់កុំឱ្យមានជំងឺហ្នឹងកើតឡើងទៀតណា លោកគ្រូ»។

របាយការណ៍អាជ្ញាធរឃុំក្រាំយ៉ូវ នៅឆ្នាំ២០១៩ ឱ្យដឹងថា ឃុំនេះមានភូមិចំនួន ១៩ និងមានពលរដ្ឋចំនួនជិត ៥ពាន់គ្រួសារ (៤៩០៥) ដែលស្មើនឹងចំនួនប្រជាជនជិត ២ម៉ឺនាក់ (១៧៩៧៧)។

ជំទប់ទី១ ឃុំក្រាំយ៉ូវ លោក ឌឹប សៅ មានប្រសាសន៍កាលពីថ្ងៃម្សិលមិញថា ក្នុងចំណោម ១៩ភូមិ គឺ មានភូមិចំនួន ១៧ហើយ ដែលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះបានកើតឡើង ពោលគឺមានតែពីរភូមិប៉ុណ្ណោះ ដែលរកឃើញថា នៅមិនទាន់ឆ្លងជំងឺនេះ​។

លោកថា ពលរដ្ឋក្នុងឃុំទាំងអស់ មានជាង ៣០០គ្រួសារ (៣២៨) បានប្រកបមុខរបរចិញ្ចឹមជ្រូកនេះ ដោយថា ពលរដ្ឋប្រមាណ ៣០០គ្រួសារហើយមានបញ្ហានេះ និងមានជ្រូកជិត ៧រយក្បាល (៦៩៦) បានងាប់ ក្នុងចំណោមជ្រូកកសិករចិញ្ចឹមទាំងអស់ជាង ១ពាន់ប្រាំមួយរយក្បាល (១៦៨៦)។

ប្រភពដដែល អះអាងថា ការផ្ទុះជំងឺនេះ ពិតជា​ប៉ះពាល់អ្នកភូមិរបស់លោកប្រាកដមែន ប៉ុន្តែ ខាងឃុំបានត្រឹមធ្វើរបាយការណ៍បញ្ជូនទៅលើ ដោយមិនមានលទ្ធភាពជួយពួកគាត់លើសពីនេះទេ។

ជំទប់ទី១ ឃុំក្រាំយ៉ូវ លោក ឌឹប សៅ
ជំទប់ទី១ ឃុំក្រាំយ៉ូវ លោក ឌឹប សៅ ថ្លែងប្រាប់អ្នកសារព័ត៌មានពីបញ្ហាកំពុងប្រឈមនឹងរឿងជំងឺប៉េស្តជ្រូក។ រូបភាព៖ ហួត វុទ្ធី

លោកមានប្រសាសន៍ថា៖ «ងាប់ជ្រូកគាត់អស់អីចឹង គាត់ប្រឈមនឹងខាតដើមខាតចុងហើយ។ អ្នកណាចិញ្ចឹមច្រើន ខាតច្រើន អ្នកណាចិញ្ចឹមតិច ខាតតិច អាស្រ័យតាមមុខរបរ និងតាមសត្វគាត់ចិញ្ចឹម ហើយប្រឈមនឹងការបាត់ដើមទុនរបស់ពួកគាត់ទៅថ្ងៃអនាគត។ ភូមិឃុំក៏បានរួមសោកស្តាយដែរ និងធ្វើសកម្មភាពណែនាំ និងរាយការណ៍ទៅលើ ដើម្បី​អញ្ជើញមន្ទីរជំនាញមកណែនាំផ្សព្វផ្សាយ ​ទប់ស្កាត់ភាពរីករាលដាល ប៉ុន្តែ ជាទឹកចិត្ត ដោយយើងមិនមានលទ្ធភាពជួយពួកគាត់បានទេ»។

ជំទប់ទី១ឃុំរូបនេះ មិនដឹង​ច្បាស់អំពីមូលហេតុប្រភពនៃការឆ្លង​ឡើយ ប៉ុន្តែ លោក​យល់ថា មេរោគជំងឺនេះអាច​មកពីខេត្តតាកែវ ហើយក៏អាចមានប្រភពចេញពីប្រទេសវៀតណាមផងដែរ។

យ៉ាងនេះក្ដី លោកថា ដោយសារពលរដ្ឋឃុំរបស់គាត់ភាគច្រើន ការចិញ្ចឹមជ្រូកជាមុខរបរបន្ទាប់ពីមុខរបរធ្វើស្រែចម្ការ ដូច្នេះ នៅពេលខាតបង់ជ្រូក ពួកគាត់អាចមានមុខរបរធ្វើស្រែចម្ការទប់ទល់ខ្លះដែរ។

កាលពីពេលថ្មីៗនេះ ​មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា រដ្ឋមិនទាន់មានគោលនយោបាយផ្តល់សំណងជូនកសិករដែលរងគ្រោះដោយការផ្ទុះជំងឺប៉េស្តជ្រូកនោះ​ទេ។

អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិត​កម្ម​សត្វ​ លោក តាន់ ផាន់ណារ៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពីថ្ងៃទី​១១ ខែកក្កដា​ ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ក្រៅ​ពី​ចម្លង​តាម​រយៈ​ជ្រូក​ដែល​មាន​ជំងឺ វា​អាច​ឆ្លង​តាម​សម្ភារ​​បរិក្ខារ មធ្យោបាយ​ធ្វើ​ដំណើរ កាក​សំណល់​អាហារ​ដែល​ចម្អិន​មិន​បាន​ឆ្អិន​ល្អ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​មាន​មេរោគ។

លើសពីនេះ វាអាចកើត​ចេញ​ពី​កន្លែង​ដែល​ផ្ទុះ​ជំងឺ​នេះ​តាមរយៈ​​ខ្យល់​អាកាស ​សត្វ​ល្អិត​បឺត​ឈាម និង​ភ្នាក់ងារចម្លង​ផ្សេង​ទៀត​​។

ប្រធាន​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​កសិករ​ចិញ្ចឹម​ជ្រូក ដោយ​ថា ដើម្បីលើកទឹកចិត្ត និងការពារមិនឱ្យពួកគេធ្លាក់ទៅក្នុងភាពក្រីក្រផងដែរ។

ថេង សាវឿន
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលអាចបង្កើនហិរញ្ញប្បទានរបស់រដ្ឋ ដើម្បីជាកម្ចីដល់កសិករ ដោយមានអត្រាការប្រាក់ទាប។ ទីពីរ លើកទឹកចិត្តដល់អ្នកចិញ្ចឹមជ្រូកហ្នឹង ដែលគាត់ទទួលបានប្រាក់ទាបហ្នឹង អាចប្តូរមុខរបរផ្សេង ដូចជា ចិញ្ចឹមមាត់ស្រែ ក៏វាបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋដែរ។ មួយទៀត ទាក់ទងការពង្រឹង និងការបណ្តុះបណ្តាលពហុបច្ចេកទេសជំនាញបន្ថែមទៀត »។  

បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានប្រកាសថា ខេត្តចំនួន ៥ហើយ បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល។

រាល់ពេលប្រកាសអំពីការផ្ទុះជំងឺនេះ ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ​ឲ្យ​​ចាត់​វិធានការទប់ស្កាត់ជាបន្ទាន់​ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផល​មាន​ដើម​កំណើត​​ពី​សត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅ​កាន់​តំបន់​ផ្សេង​ទៀត ជាដើម។

កាលពីថ្ងៃទី១១ ខែកក្កដា ​ក្រសួងអះអាងថា មាន​ជ្រូកដែល​ឆ្លង​ជំងឺ​ប៉េស្ត​នេះ​​ងាប់ និង​ត្រូវ​បាន​សម្លាប់​មាន​ជាង ​២ពាន់​ក្បាល​ហើយ​ ដែល​ក្នុង​នោះ​ជិត​ ៨រយ​ក្បាល​ ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​បំផ្លាញ​ចោល​ ដែល​តម្លៃ​​ខាតបង់​ខ្ទង់ ៥០ម៉ឺនដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ