វៀតណាមបង្កើនអាហារសុវត្ថិភាពសម្រាប់ប្រជាជននិងនាំចេញ

កន្លែងដាំបន្លែរបស់កសិករវៀតណាម(រូបពី គេហទំព័រ The Reader)

វៀតណាមកំពុងតែបង្កើនចំនួននៃអាហារសុវត្ថិភាពដែលមិនប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាជនក្នុងប្រទេសបរិភោគ និង នាំចេញយកទៅលក់នៅទីផ្សារអន្តរជាតិរួមទាំងសហភាពអឺរ៉ុបផងដែរ។​

របាយការណ៍ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាមកាលពីម្សិលមិញបង្ហាញថា ប្រជាជនវៀតណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលភ័យខ្លាចចំពោះអាហារមិនស្អាតគឺជាប្រភេទអាហារមានសារធាតុគីមី និង មិនមានអនាម័យ។

ប្រជាពលរដ្ឋទាំងនោះងាកមកទិញអាហារនៅតាមផ្សារទំនើបវិញជំនួសឱ្យផ្សារបែបប្រពៃណីដែលពួកគាត់ធ្លាប់ទិញពេលកន្លងមក។ បើទោះអាហារនៅផ្សារទំនើបថ្លៃជាងអាហារនៅផ្សារធម្មតា ប៉ុន្តែប្រជាជនវៀតណាមជឿជាក់ថា អាហារមានសុវត្ថិភាព។

ពួកគេមានការព្រួយបារម្ភថា ទាំងបន្លែស្រស់ៗ​ និង អាហារកែច្នៃហើយផ្សេងទៀត អាចនឹងមានសុវត្ថិភាពពេលទិញនៅក្នុងផ្សារទំនើបព្រោះមានការដាក់សញ្ញានៃការពិនិត្យគុណភាព និង កាលបរិច្ឆេទនៃការប្រើប្រាស់បានត្រឹមត្រូវ។​

ទីភ្នាក់ងារព័ត៌មានវៀតណាម​ចុះផ្សាយថា គ្រាន់តែនៅក្នុងទីក្រុងហូជីមិញ និងហាណូយ តម្លៃនៃការវិនិយោគលើអាហារសុវត្ថិភាពមានជាង៧០លានដុល្លារអាមេរិកក្នុង១ឆ្នាំ។​ ការផ្សព្វផ្សាយបញ្ជាក់ថា ចំណុចនេះជាឱកាសមួយសម្រាប់ក្រុមហ៊ុនឯកជនវិនិយោគលើផ្នែកអាហារសុវត្ថិភាពស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។​

របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងឆ្នាំ២០១៦បង្ហាញថា វៀតណាមជួបបញ្ហាប្រឈមខ្លាំងចំពោះសុវត្ថិភាពចំណីអាហារ ទាំងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និង ប៉ះពាល់ដល់កិត្តិយសប្រទេសនៅលើទីផ្សារអន្តរជាតិ។​ ដោយរបាយការណ៍នេះរកឃើញថា អាហារទាំងកែច្នៃហើយ និង បន្លែស្រស់ៗមានសារធាតុគីមី បង្កឱ្យអ្នកប្រើប្រាស់មានជំងឺ។​

ទោះយ៉ាងណាធនាគារពិភពលោក​ក៏បានផ្តល់ជាអនុសាសន៍ថា វៀតណាមនៅតែមានសក្កានុពលក្នុងការផលិតនឹងនាំចេញអាហារសុវត្ថិភាព ដោយការផ្តល់ឱកាសឱ្យក្រុមហ៊ុន​ជាអ្នកផលិតហើយរដ្ឋគ្រាន់តែបង្កើតប្រព័ន្ធស្តង់ដារមួយដើម្បីត្រួតពិនិត្យតែប៉ុណ្ណោះ។​

ក្រោយមកក្នុងអំឡុងឆ្នាំ២០១៧ និង ២០១៨ រដ្ឋាភិបាលវៀតណាម​រៀបចំផែនការពង្រឹងការផលិតអាហារដែលមានស្តង់ដារ។ ក្នុងស្តង់ដារនោះចែកចេញជាពីរគឺស្តង់ដារសុវត្ថិភាពបែបវៀតណាម និងស្តង់ដារសុវត្ថិភាពតាមបែបអឺរ៉ុប។​

កាលពីខែតុលាឆ្នាំ២០១៧ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាម​បានប្រជុំជាមួយបណ្តាក្រុមហ៊ុននាំចេញបន្លែ និង ផ្លែឈើទាំងអស់ ហើយណែនាំថាត្រូវតែពង្រឹងគុណភាពនៃទំនិញរបស់ខ្លួនតាមស្តង់ដារដែលរដ្ឋាភិបាលដាក់ចេញ ដើម្បីចៀសវាងការដាក់ពិន័យ និងហាមនាំចូលទៅផ្សារអឺរ៉ុប។​

កាលពីថ្ងៃទី៣០ខែមិថុនាកន្លងទៅនេះ វៀតណាម​បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបលើតំបន់ពាណិជ្ជកម្មមិនជាប់ពន្ធ និងការការពារលើអ្នកវិនិយោគគ្នាទៅវិញទៅមកបានបង្កបរិយាកាសកាន់តែច្រើនថែមដល់វៀតណាមនាំទំនិញទៅលក់នៅអឺរ៉ុបដែលមិនជាប់ពន្ធជិត១០០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាមរឹតតែត្រូវពង្រឹងគុណភាពរបស់ខ្លួនច្រើនថែមទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ