វៀតណាម​​គ្រោង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ព្រំដែន​ដែល​បោះបាន​ ៨៤​ភាគរយ​ជា​មួយ​កម្ពុជា​នៅ​ឆ្នាំ​នេះ

ជំនួប​រវាង​អនុរដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម​ លោក​ ង្វៀន​ គួ​កយុង​ និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ លោកស្រី​ អ៊ា​ត សោភា​ នៅ​ភ្នំពេញ​ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ VNA

សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​ចុះផ្សាយ​ថា​ ប្រទេស​កម្ពុជា​ និង​វៀតណាម​គ្រោង​ចុះហត្ថលេខា​ទទួលស្គាល់​ព្រំដែន​គោក​ដែល​បោះ​រួចហើយ​បាន​ចំនួន៨៤ភាគរយ​នោះ​នៅ​ឆ្នាំនេះ​។

សារព័ត៌មាន​រដ្ឋ​វៀតណាម​ vietnamplus.vn​ បាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន​ថា​ ក្នុង​ជំនួប​រវាង​អនុរដ្ឋ​មន្ត្រី​ការបរទេស​វៀតណាម​ លោក​ ង្វៀន​ គួ​កយុង​ និង​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ លោកស្រី​ អ៊ា​ត សោភា​ នៅ​ភ្នំពេញ​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើ​កិច្ចពិភាក្សា​នយោបាយ​ចំនួន៦ចំណុច​ ដែល​រាប់​ចាប់ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ការអប់រំ​ នយោបាយ​ និងសន្ដិ​សុខ​ជាតិ​ ជាដើម​។

សារព័ត៌មាន​វៀតណាម​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា ​ក្នុង​ជំនួប​នោះ ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការ​បោះបង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ​ឱ្យ​ឆាប់​ចប់​ និង​គ្រោង​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​ចំនួន២​ ទទួលស្គាល់​ព្រំដែន​ដែល​ភាគី​ទាំងពីរ​បោះ​បាន៨៤ភាគរយ​ហើយ​នោះ​ នៅ​ឆ្នាំនេះ​ផង​ដែរ​។

សារព័ត៌មាន​នោះ ​បាន​សរសេរ​ថា​៖ «ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​ក្នុង​ការ​បង្កើន​ល្បឿន​នៃ​ការអនុវត្ត​កំណត់ព្រំដែន​ និង​បង្គោលព្រំ​ដែន​ រួម​ទាំង​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់​ចំនួន២​ ទទួលស្គាល់​ការ​បញ្ចប់​ការងារ​បោះបង្គោល​ព្រំដែន៨៤ភាគរយ ​នៅ​ឆ្នាំ២០១៩នេះ​»។

ទោះជាយ៉ាងណា ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ កេត​ សោ​ផាន់​ មិនបាន​បញ្ជាក់​ពី​បញ្ហា​នេះនោះ​ទេ​ ដោយ​លោក​សរសេរ​ប្រាប់​ VOD​ តាម​សារ​អេឡិចត្រូនិច​ថា​ កិច្ចប្រជុំ​កាលពី​ម្សិលមិញ​នោះ​ គឺជា​ការពិគ្រោះ​យោបល់​ និង​ចែករំលែក​បទ​ពិសោធ​រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណេាះ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ លោក​ ង្វៀន​ ហ៊ូ​ជុង​ នៅ​ភ្នំពេញ ​កាលពី​ថ្ងៃទី២៥​-២៦ ខែកុម្ភៈ​ កម្ពុជា​ និង​វៀតណាម​ បាន​ចេញ​នូវ​សេច​ក្ដី​ថ្លែងការណ៍​រួម​មួយ​ដោយ​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ បញ្ចប់​ឯកសារ​ច្បាប់​ទទួលស្គាល់​ព្រំដែន​ដែល​បាន​បោះ​ហើយ៨៤ភាគរយ​នោះ ​ឱ្យ​បាន​ឆាប់​ផង​ដែរ​។

សេច​ក្ដី​ថ្លែងការណ៍​រួម​នោះ​ បាន​បញ្ជាក់​ថា​៖ « ភាគី​ទាំងពីរ​បាន​ជំរុញ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បញ្ចប់​ឯកសារ​ផ្លូវច្បាប់​ចំនួន​ពីរ​ឱ្យ​បាន​ឆាប់​ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ការងារ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ចំនួន​ ៨៤​ ភាគរយ​ដែល​សម្រេច​បាន​ដោយ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​។ ភាគី​ទាំងពីរ​បាន​គាំទ្រ​ឱ្យ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​ បន្ត​សហប្រតិបត្តិ​ការ​ពន្លឿន​ការចរចា​ឆ្ពោះទៅ​សម្រេច​បានការ​បញ្ចប់​ការងារ​ព្រំ​ខណ្ឌសីមា ​និង​បោះបង្គោល​ព្រំដែន​នៅ​ចំណុច​ដែល​នៅ​សេសសល់​ សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ​មិត្តភាព ស្ថិរភាព​ សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ប្រទេស​ទាំងពីរ​។

អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ លោកស្រី​ កុយ​ ពិសី​ បដិសេធ​អត្ថា​ធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ ដោយ​លោកស្រី​ថា​ ជាប់​ប្រជុំ​។

លោកស្រី​ កុយ​ ពិសី​៖ «ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​ប្អូន​ អត់​ទាន់​ចង់និយាយ​រឿង​អស់ហ្នឹង​ទេ​។ សុំទោស​»។

​អតីតតំណាងរាស្រ្តបក្ស​សង្គ្រោះជាតិ លោក​ អ៊ុំ​ សំ​អាន​ យល់ថា ​ការ​ត្រៀម​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវច្បាប់​ទទួលស្គាល់​ព្រំដែន​គោក​កម្ពុជា​-វៀតណាម​ នេះ​ គឺជា​ចេតនា​របស់​វៀតណាម​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ គ្មាន​ការ​តវ៉ា​ពី​កម្ពុជា​ លើ​បង្គោលព្រំ​ដែន​គោក​ទាំងប៉ុន្មាន​ដែល​កម្ពុជា​បាន​បោះ​ជាមួយ​ខ្លួន​កាលពី​កន្លងទៅ​ ខណៈ​ដែល​ទំនោរ​នយោបាយ​កម្ពុជា​ហាក់​កំពុង​ងាក​ទៅ​រក​ចិន​នោះ​។

លោក អ៊ុំ​ សំ​អាន មានប្រសាសន៍ថា​​៖ «អ៊ីចឹង​បាន​យួន​ចង់​ឱ្យ​កម្ពុជា​ធ្វើ​អ៊ីចឹង។ ការពិត​ ការ​ចុះហត្ថលេខា​កន្លងមក​ ទៅលើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥​ ទៅលើ​អនុស្សារ​ណៈ​នៃ​ការ​បោះបង្គោល​ហ្នឹង​ គឺ​វា​គ្រប់គ្រាន់​ហើយ​ មិន​ចាំបាច់​ដល់​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​បាន៨៤ភាគរយ​ហ្នឹង​ថា​ត្រឹមត្រូវ​ មិន​ត្រឹមត្រូវ​ វា​មិន​ចាំបាច់​ធ្វើ​អ៊ីចឹង​ទៀត​ទេ​! ប៉ុន្ដែ​ យួន​គេ​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ការ​បោះបង្គោល​កាលពី​កន្លងមក​ហ្នឹង​មិន​មានការ​កែប្រែ​ទាំង​បច្ចុប្បន្ន​ ទាំង​អនាគត​ ឬក៏​មាន​រដ្ឋាភិបាល​ថ្មី​អ៊ីចឹង​ឯង​»។

ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ ត្រូវ​បាន​អតីត​បក្ស​ប្រឆាំង​អះអាង​ថា​ កម្ពុជា​បាន​ខាតបង់​ទឹកដី​ទៅ​ប្រទេស​វៀ​តណាម ដោយសារតែ​រដ្ឋាភិបាល​យក​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥​។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ លោក​ វ៉ា​ គឹ​មហុង​ ធ្លាប់​ប្រាប់​ VOD​ ថា ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​នៅសល់​ចំណុច​មិន​ឯកភាព​គ្នា​ ១៦ភាគរយ​ទៀត​ ដែល​នឹង​បន្ត​បោះ​លុះ​ណា​ភាគី​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋាន​ពី​ ១ លើ​ ១០០ពាន់​ មក​ខ្នាត​ ១លើ៥០ពាន់​វិញ​ តាម​កិច្ច​ព្រមព្រៀង​កម្ពុជា​ និង​វៀតណាម​។

កម្ពុជា​ និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង១២៧០គីឡូម៉ែត្រ​ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​សរុប​ចំនួន​ ៣១៤ ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​គ្នា​និង​គ្នា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ