អាជ្ញាធរថា ក្រុមហ៊ុន​ពាក់​ព័ន្ធជន​ជាតិ​​ចិន​នាំ​សំរាម​ចូល​កម្ពុជា

សំរាមដែលផ្ទុកក្នុងកុងទីន័រដែលត្រូវបានផ្លុងចោលនៅខេត្តព្រះសីហនុ។ រូបភាព៖ បណ្ដាញសង្គម

មន្រ្តីជាន់​ខ្ពស់កម្ពុជា​ បាន​បញ្ជាក់​ថា ក្រុមហ៊ុនដែលនាំសំរាមប្លាស្ទីកមកចោលនៅក្នុងខេត្តព្រះសីហនុចំនួន៨៣កុងទឺន័រ ពាក់ព័ន្ធជាមួយជនជាតិចិន។

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បាន​ប្រាប់ ​វីអូឌី ​ថា​ក្រុមហ៊ុននោះមានឈ្មោះថា​ ជុងយៀង ប្លាស្ទីក មេន្ទហ្វេកឈ័រ ឯ.ក ពាក់ព័ន្ធជនជាតិចិន។ លោក បាន​បន្ថែមថា​ ពេល​នេះអាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេត​បន្ថែម​ និងស្វែងរក​អ្នកពាក់​ព័ន្ធផ្សេងទៀត។

លោក មានប្រសាសន៍ថា៖ «​បាទ! វាមាន​ជនជាតចិននៅ​​ហ្នឹង។ ប៉ុន្តែ យើងកំពុងស្រាវជ្រាវក្រែងលោមាន​ខ្មែរយើង មានភាគហ៊ុនមាន​អីចូលនៅហ្នឹងដែរ។»

កាលពីថ្ងៃ​ទី​១៧ ខែ​កក្កដា សមត្ថកិច្ចកម្ពុជា បាន​បើកទូរកុងទឺន័រក្នុងកំពង់​ផែស្វយ័តខេត្ត​ព្រះសីហនុ រកឃើញសំរាមប្លាស្ទិក​ចំនួន៨៣ កុងទឺន័រ ​ដែលមានទម្ងន់ជិត១៦០០តោន។ អាជ្ញាធរកម្ពុជា​ បាន​អះអាងថា​សំរាមទាំងនោះមានប្រភព​មក​ពីសហរដ្ឋអាមេរិក និងកាណាដា។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោកស្រី Emily Zeeberg ថ្លែងប្រាប់វីអូឌីតាម អ៊ីម៉ែលកាលពីថ្ងៃទី១៧ ខែកក្កដា ថា អាមេរិកកំពុងតាមដានរបាយការណ៍ស្តីសំរាមនៅក្នុងខេត្តព្រះសីហនុ ដែលអាជ្ញាធរកម្ពុជាចោទថា នាំចូលពីអាមេរិក និងកាណាដា។​

លោកស្រី Emily Zeeberg សរសេរថា​៖ « ស្ថានទូតសហរដ្ឋអាមេរិក កំពុងតែតាមដានរបាយការណ៍ស្តីពីសំរាមប្លាស្ទិច នៅកំពង់ផែខេត្តព្រះសីហនុ។​ យើងបានស្នើសុំព័ត៌មានបន្ថែម ហើយក៏ស្នើផ្តល់ជំនួយ(ដល់កម្ពុជា)ដើម្បីកំណត់ពីប្រទេសដើមដែលនាំចេញ និងក្រុមហ៊ុនដែលនាំចូលកម្ពុជា។»

វីអូឌី​ បាន​ព្យាយាម​ទាក់​ទងទៅក្រសួងបរិស្ថាន​របស់​ប្រទេស​កាណាដា​នៅថ្ងៃសុក្រនេះ ប៉ុន្តែពុំ​ទាន់មាន​ការឆ្លើយតបណាមួយនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ