លោកថោង ខុនបន្ទោសអ្នកប្រកបអាជីវកម្មធ្វើឱ្យភ្ញៀវទេសចរលែងចង់មកកម្ពុជា

លោក ថោង ខុន ក្នុងសិក្ខាសាលានៅសៀមរាប កាលពីថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩(រូបក្រសួងទេសចរណ៍)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ទោសថា ដោយសារតែក្រុមអ្នកប្រកបអាជីវកម្មលក់កញ្ចប់ទេសចរណ៍នៅសៀមរាបបោកប្រាស់ធ្វើឱ្យភ្ញៀវលែងចង់មកកំសាន្តនៅកម្ពុជា  បានបណ្តាលឱ្យសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនបិទទ្វារ។​

លោកថោង ខុន លើកឡើងបែបនេះ នៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ធ្វើឡើងកាលពីសប្តាហ៍មុន។​

ក្រុមដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្ទោសនោះជាអ្នកប្រកបអាជីវក​ម្មលក់កញ្ចប់ទស្សនកិច្ចថ្លៃសូន្យ (Zero Package Tour) ក្នុងវិស័យទេសចរណ៍គឺ​ សំដៅលើសកម្មភាពលក់កញ្ចប់ទស្សនកិច្ចនៅថ្លៃទាប​ ឬលក់ទាំងខាត​ ហើយតម្រូវឱ្យទេសចរអន្តរជាតិ ទិញទំនិញផ្សេងៗក្នុងតម្លៃខ្ពស់​ ដើម្បីប៉ះប៉ូវការខាតបង់ទាំងនោះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកខ្លះបោកប្រាស់ភ្ញៀវទារប្រាក់ថែមក្នុងការទិញសំបុត្រចូលទស្សនាតំបន់ប្រាសាទអង្គរជាដើម។​ លោកបារម្ភថា ចំនួនភ្ញៀវទេសចរមកកម្ពុជាថយហើយខាតបង់ដល់ប្រយោជន៍ជាតិក៏ដូចជាអ្នកប្រកបរបរលើវិស័យទេសចរណ៍។

លោក ថោង ខុន៖« មានក្រុមហ៊ុនខ្លះទិញសំបុត្រចូលទស្សនាអង្គរវត្ត ៦២ដុល្លារ សម្រាប់រយៈពេល៣ថ្ងៃ តែភូតភរភ្ញៀវនាំភ្ញៀវចូលទស្សនាអង្គរវត្តតែ ១ថ្ងៃទេ ហើយថ្ងៃទី២ បន្តទៅទស្សនានៅប្រាសាទបេងមាលា ១ថ្ងៃ (តម្លៃពិត ៥ដុល្លារ) និងប្រាសាទកោះកេរ ១ថ្ងៃទៀត (តម្លៃពិត ១០ដុល្លារ)។ ពួកគេភូតភរទេសចរថា ប្រាសាទបេងមាលា និងប្រាសាទកោះកេរ ក៏ជាអង្គរវត្តដែរ ដោយគាត់បានចំណេញប្រាក់ពីភ្ញៀវដល់ទៅ ១៥ដុល្លារ។ »

របាយការណ៍ក្រសួងទេសចរណ៍ប្រចាំឆ្នាំ២០១៨បង្ហាញថា មានភ្ញៀវទេសចរបរទេសចំនួន៦លាន២សែននាក់ ក្នុងជនជាតិចិនច្រើនជាងគឹមានចំនួន​៣០ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ