តំណាង​រាស្ត្រ​​អូស្ត្រាលី​ប្ដេជ្ញា​ជំរុញ​ឲ្យ​​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ឃាតកម្ម​លោក កែម ឡី

សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី លោក Julian Hills (ទី​១​ពី​ខាង​ស្ដាំ) ចូលរួម​ពិធី​រាប់​បាត្រ​ក្នុង​កម្មវិធី​រំឭក​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​ទីក្រុង​មែលប៊ន កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩។

សមាជិក​សភា​ម្នាក់​របស់​អូស្ត្រាលី បាន​​ប្ដេជ្ញា​ជំរុញ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេតដោយ​ឯករាជ្យ និង​ពេញ​លេញ​​​​ទៅ​លើ​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក​បណ្ឌិត​ កែម ឡី កាល​ពី ៣​ឆ្នាំ​មុន។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​មាន​តែ​បុរសតែ​ម្នាក់​ប៉ុណ្ណោះ​​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន និង​នាំ​យក​ទៅ​កាត់​ទោស​ក្នុង​សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ។

ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​រំឭក​ខួប ៣​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក កែម ឡី ​នៅ​ឯ​ទីក្រុង​មែលប៊ន កាល​ពី​ថ្ងៃ​ម្សិល​មិញ សមាជិក​សភា​សហព័ន្ធ​របស់​អូស្ត្រាលី លោក Julian Hills បានថ្លែង​ថា លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​មួយ​ទៅ​លើ​ឃាតកម្ម​អ្នក​វិភាគ​រូប​នេះ។

សមាជិក​សភា​អូស្ត្រាលី​លោក Julian Hills ​បាន​ថ្លែង​ថា​៖ «ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អើ​ពើ​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ហ្នឹង​ទេ អូស្ត្រាលី​នឹង​មាន​មូលដ្ឋាន​​ត្រឹម​ត្រូវ ដើម្បី​ពិចារណា​ដាក់​ទណ្ឌកម្ម​​លើ​មនុស្ស​ជា​គោលដៅ»

លោក Julian Hills ថ្លែង​បន្ត​ថា​៖ «ហើយ​ពិភព​លោក​នឹង​ឆ្ងល់​ថា មាន​អ្វី​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុ​ន សែន ភ័យ​ខ្លាច​​ចំពោះ​ការ​បង្កើត​នូវ​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​នេះ»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ជំរុញ​ឲ្យ​ដាក់​ភស្តុតាង​ថ្មីៗ និង​ច្បាស់​លាស់ ដើម្បី​បើក​ដំណើរ​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​ឡើង​វិញ។

លោក ផៃ ស៊ីផាន ប្រាប់​វីអូឌី​តាម​តេឡេក្រាម​នៅ​ថ្ងៃ​នេះ​ថា​៖ «ករណី​មាន​ភស្តុតាង​ថ្មី ច្បាស់​លាស់ និង​យក​ជា​ការ​បាន ច្បាប់​ធានានូវ​សុពលភាព​ក្នុង​ការ​បើក​ករណី​សារ​ជាថ្មី»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះ​អាង​ថា រដ្ឋាភិបាល​នឹង​បដិសេធ​ចំពោះ​ការ​ទាមទារ​នេះ ហើយ​លោកស្វាគមន៍​ដល់​ការ​ដាក់​ភស្តុតាង​ផ្សេង​ទៀត​ទៅ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។

លោក សុខ ឥសាន ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា​៖ «អត់​មាន​ទេ​អា​ហ្នឹង! ទោះបី​អ្នក​ឯង​ថា​ទាល់​តែ​ងាប់​ទៀត ក៏​គ្មា​គេ​បង្កើត​​ដែរ។​ អត់​ធ្វើ​តាម​អ្នក​ណា​ទាមទារ ធ្វើ​តែ​តាម​នីតិវិធី​របស់​គេ តុលាការ​មាន​តួនាទី​ភារកិច្ច​របស់​តុលាការ​ទៅ​តាម​នីតិវិធី​របស់​តុលាការ ហើយ​បើ​អ្នក​ណា​ទាមទារ​ មាន​​ឯកសារ​ភស្តុតាង​អី យក​ទៅ​តុលាការ។ អាហ្នឹង​គឺ​អ៊ីចឹង។ គាត់​មិន​មែន​ជា​អ្នក​កាត់​ក្ដី គាត់​ជា​អ្នក​ពីក្រៅ​ទេ។ គាត់​គ្មាន​សិទ្ធិ​អី​នឹង​និយាយ​​ជំនួស​តុលាការ​ទេ»

ថ្ងៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​​ថ្ងៃទី​១០ កក្កដា បាន​ក្លាយ​ជា​ទិវា​នៃ​ការ​ចង​ចាំ និង​រំឭក​ឡើង​វិញ​ពីសំណាក់​ក្រុម​អ្នក​គាំ​ទ្រ​រូប​លោក និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា យុវជន ៤​នាក់ ដែល​បាន​ចូលរួម​រំឭក​​ថ្ងៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ ប៉ុន្តែ យុវជន ២​រូប​ត្រូវ​បាន​ដោះ​លែង​វិញ ខណៈ​ដែល​យុវជន គង់ រ៉ៃយ៉ា និង​ សួង នាគព័ន្ធ ត្រូវ​បញ្ជូន​ទៅ​ឃុំ​បណ្ដោះ​ខ្លួន​អាសន្ន ក្រោម​បទ​ចោទ​ប្រកាន់​ថា «បាន​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»

សមាជិក​សភា​អូស្ត្រាលី​រូប​នេះ បាន​ថ្លែង​ទៀត​ថា ក្រុម​សមាជិក​សភា​អូស្ត្រាលី​បាន​ចោទសួរ​រក​មូល​ហេតុ​នៃ​ការ​ហាម​ឃាត់​​ក្រុម​អ្នកគាំ​ទ្រ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស មិន​ឲ្យ​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ឃាតកម្ម​នៅ​ឯ​កន្លែង​ឃាតកម្ម។

លោក Julian Hills ថ្លែង​បន្ត​ថា​៖ «ហេតុនេះ យើង​ឆ្ងល់​ថា ប្រសិន​បើ​លោក ហ៊ុន សែន គ្មាន​អ្វី​លាក់​បាំង​ទេ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ហាម​ឃាត់​ការ​តវ៉ា និង​ការ​ជួប​ជុំ​នៅ​ខែ​នេះ​នៅ​ឯ​កន្លែង​ឃាតកម្ម​លើ​លោក កែម ឡី»

​លោក Julian Hills និង​សមាជិក​សភា​ដទៃ​ទៀត នឹង​ទាម​ទារ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​គៀង​គរ​ប្រទេស​ជិត​ខាង​ដទៃ​ទៀត ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែល​ម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ ទៅ​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​បង្ហាញ​ការ​គាំទ្រ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​អន្តរជាតិ​ទៅ​លើ​ឃាតកម្ម​មួយ​នេះ ហើយ​លោក​ចាត់​ទុក​ថា វា​នឹង​​ជួយ​ជម្រះ​មន្ទិល​សង្ស័យពី​សំណាក់​មហាជន​ទៅ​លើ​រដ្ឋាភិបាល​ផង​ដែរ។

លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «យើងចង់ឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតមួយដោយឯករាជ្យ ដែលមានអង្គការសហប្រជាជាតិចូលរួម ឬក៏អង្គការអន្តរជាតិដែលគេមានជំនាញ នៅក្នុងការសើបអង្កេតបានសហការរួមគ្នា ដើម្បីធ្វើការស៊ើបអង្កេតឲ្យមានភាពច្បាស់លាស់ ដើម្បីជម្រះ​នូវមន្ទិលសង្ស័យជាច្រើន ដែលអាជ្ញាធរកម្ពុជាបានធ្វើការស៊ើបអង្កេតកន្លងមក ដែលនៅមានភាពស្រពិចស្រពិល និងខ្វះទំនុកចិត្តពីប្រជាពលរដ្ឋ»

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​បាន​ចូល​រួម​បក​ស្រាយ​លើ​របាយការណ៍​ស៊ើប​អង្កេត​មួយ​របស់​អង្គការ Global Witness នៅ​ក្នុង​កម្មវិធី​ផ្សាយ​មួយ​របស់​វិទ្យុ​អាស៊ី​សេរី។

របាយការណ៍​ស៊ើប​អង្កេត​នោះ​មាន​ចំណង​ជើង​ថា «Hostile Takeover» បាន​លាត​ត្រដាង​អំពី​​បណ្ដាញ​ជំនួញ និង​​អាជីវកម្ម​​ដល់​ទៅ​ ១១៤​ក្រុមហ៊ុន ដែល​កាន់​កាប់​ភាគ​ហ៊ុន​​ដល់​ទៅ​ជាង ២០០​លាន​ដុល្លារ ពី​សំណាក់​សមាជិក​ក្រុម​គ្រួសារ និង​សាច់​ញាតិ​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ