អ្នកកាសែត២រូប​​ត្រូវ​ចាប់ខ្លួន​ បន្ទាប់ពី​ផ្សាយ​ព័ត៌មាន​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​

លោក​ ហ៊ុន​ សុខា​ ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ និង​លោក​ កែវ​ រតនា​ ចាងហ្វាង​កាសែត​ទូរទស្សន៍​អន​ឡាញ​ឈ្មោះ​ TN​ TV​។ រូបភាព៖ ហ្វេសប៊ុក TNM ព័ត៌មានពិត គ្រប់ទីកន្លែង

អង្គភាព​អ្នកសារព័ត៌មាន​ អ្នកកាសែត​ និង​​ប្រជាពលរដ្ឋ ​ស្នើ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះលែង​អ្នកសារព័ត៌មាន​ និង​បើក​ចំហឡើងវិញ​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ ការ​ស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​ចាប់ខ្លួន​អ្នកកាសែត​ទាំង ២នាក់​បញ្ជូន​ទៅ​តុលាការ​ ក្រោម​បទ​ចោទ​​ថា បាន​ញុះ​ញង់​ឱ្យ​ពលរដ្ឋ​តវ៉ា​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​​កាលពី​សប្ដាហ៍​មុន​។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ថ្ងៃទី២១ ខែកក្កដា​ កំពុង​បន្ត​នីតិ​វី​ធី​សាកសួរ​អ្នកកាសែត ២នាក់​ក្នុង​បទ​ចោទ​ញុះ​ញុង​ឱ្យ​ពលរដ្ឋ​តវ៉ា​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​។ អ្នកកាសែត​ទាំងពីរ​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ គឺ​មាន​ លោក​ ហ៊ុន​ សុខា​ ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ និង​លោក​ កែវ​ រតនា​ ចាងហ្វាង​កាសែត​ទូរទស្សន៍​អន​ឡាញ​ឈ្មោះ​ TN​ TV​។

ប្រតិកម្ម​នានា​បាន​កើតឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​ណ៍​ចាប់ខ្លួន​អ្នកកាសែត ២នាក់​នេះ​។ អង្គភាព​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ លោក ​ខៀវ​ កា​ញារី​ទ្ធ អន្តរាគមន៍​ឱ្យ​ដោះលែង​អ្នកកាសែត​បន្ទាន់​ និង​ចាត់ទុកថា ​នេះ​ជា​ករណី​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​អ្នកកាសែត​ព័ត៌មាន​។

បុរស​ម្នាក់​ឈ្មោះ​ កែវ​ រដ្ឋា​ ជា​ប្អូនប្រុស​បង្កើត​របស់​ចាងហ្វាង​ទូរទស្សន៍​អន​ឡាញ​ TN​ TV​ បាន​ឲ្យ​ដឹងថា ​ ខ្លួន​បាន​រក​មេធាវី​ដើម្បី​ការពារ​ក្ដី​ឱ្យ​បងប្រុស​ ហើយ​ទន្ទឹង​ចាំ​ជួប​បងប្រុស​នៅ​តុលាការ​។ លោក​បន្ត​ថា​ បងប្រុស​របស់​ខ្លួន​ត្រឹមតែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​មិន​គួរណា​ត្រូវ​ចោទប្រកាន់​នោះ​ឡើយ​។

តំណាង​ប្រជាពលរដ្ឋ​ដែល​ស្ថិតនៅ​ក្នុង​ហេតុការណ៍​នោះ​ អ្នកស្រី​ ស៊ូ​សុ​ផា​នី​ បានឱ្យ​ដឹង​ថា ​អ្នកកាសែត២រូប​នេះ​ជា​អ្នក​ចុះទៅ​ដល់ទី​តាំង​ទំនាស់​ដីធ្លី​ក្នុង​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ​ ដើម្បី​​ផ្សាយ​ផ្ទាល់​ពី​ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​ចុះទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ដែល​ចង់​ឈូស​ឆាយ​លើ​ដី​ទំនាស់​រវាង​ពលរដ្ឋ​ជាង ២០គ្រួសារ​ និង​ក្រុមហ៊ុន​ ថៃ​ ប៊ុ​នរ៉ុង​ បន្ទាប់មក​អាជ្ញាធរ​ចាប់​អ្នកភូមិ ៥នាក់​ ហើយ​បន្ត​ចាប់​អ្នកកាសែត ២នាក់​តែម្តង​។

អ្នកស្រី​ ស៊ូ​ សុ​ផា​នី ប្រាប់​ថា​៖ «ពួកគាត់​មក​ផ្សាយ​ព័ត៌មាន​ ដែល​ក្រុមហ៊ុន​ចុះ​ឈូស​ឆាយ​លើ​ដី​ទំនាស់​តាំងពី​ឆ្នាំ១៩៩៦​ ហើយ​ពលរដ្ឋ​ចុះ​ឃាត់​គ្រឿងចក្រ​។ ពេលនោះ​ប៉េ​អឹ​មមក​ ឱ្យ​គាត់​បិទ​ឡាយ​ បិទ​ឡាយ​រួច​ប៉េ​អឹ​មចាប់​ពលរដ្ឋ​ និង​ចាប់​អ្នកកាសែត​តែម្តង​»

ឆ្លើយតប​នឹង​ការ​លើកឡើង​បែបនេះ​ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ​លោក​ អេង​ ហ៊ី​ ឲ្យ​ដឹង​ថា​ ករណី​ដែល​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ខ្លួន​អ្នកកាសែត ២នាក់​ គឺ​ផ្អែក​តាម​បណ្ដឹង​ និង​និ​តិ​វី​ធី​ច្បាប់​។ លោក​បន្ត​ថា​ អង្គភាព​អាវុធហត្ថ​ក៏​មាន​ភស្តុតាង​ជាក់ស្តែង​ដែល​អ្នកកាសែត២រូប​នោះ​ល្មើសច្បាប់​ដែរ​ គឺ​ពួកគាត់​ធ្វើ​លើស​ពី​តួនាទី​ជា​អ្នក​ផ្សាយ​ព័ត៌មាន​។ លោក​បញ្ជាក់​ថា​ រឿង​ដោះលែង​ ឬមិន​ដោះលែង​ គឺ​សម្រេច​នៅ​លើ​តុលាការ​។

លោក​ អេង​ ហ៊ី​ ប្រាប់​ថា៖ «យើង​អនុវត្ត​តាមច្បាប់​។ យើង​សូម​ឱ្យ​អ្នក​សារព័ត៌​មាន​គោរព​ចវិជ្ជាជីវៈ​បាន​ត្រឹម​ត្រូវ។ អាវុធហត្ថ​មិន​ចង់​ឃើញ​អ្នកកាសែត​ជាប់ទោស​ទេ​»

អង្គភាព​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ដោយ​បញ្ជាក់​ថា ​ការ​ចាប់​ខ្លួន​អ្នកកាសែត​ទាំង ២នាក់​នេះ​ គឺ​អាវុធហត្ថ​ធ្វើតាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​​ខេត្ត​ព្រះសីហនុ​ លោក ​សៀង​ សុខ​ ព្រះរាជអាជ្ញា​ ចោទប្រកាន់​អ្នកកាសែត​ទាំងពីរ​ពី​បទ​ញុះ​ញង់​ដោយសារតែ​សួរ​សំ​ណួរ​ញុះ​ញង់​ទៅកាន់​ប្រជាពលរដ្ឋ​។

ចំពោះ​ប្រធាន​ការី​និពន្ធ​កាសែត​ខ្មែរ​ ថាម​ស៍​ លោក​ ម៉ៃ​ ទិត្យ​ថា​រ៉ា ​វិញ​ លោក​យល់ថា​ ករណី​ចាប់ខ្លួន​អ្នកកាសែត​នេះ​ ជា​ប្រការ​គួរ​ឱ្យ​បារម្ភ​ពី​សេរីភាព​អ្នកកាសែត​នៅ​កម្ពុជា​។ លោក​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកកាសែត ​និង​បញ្ឈប់​រាល់​ការ​ធ្វើ​ទុក​បុកម្នេញ​គ្រប់​ទម្រង់​លើ​អ្នកកាសែត​ ដើម្បី​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។

លោក​ ម៉ៃ ​ទិត្យ​ថា​រ៉ា ប្រាប់​ថា​​៖ «ករណីនេះ​ជា​ករណី​ដែល​បង្ហាញថា​ អ្នកកាសែត​នៅ​កម្ពុជា​ប្រឈម​នឹង​ដាក់ទោស​នៅពេល​បំពេញការងារ​។ យើង​​សូម​ស្នើ​ឱ្យ​ដោះលែង​ពួកគាត់​»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ ស៊ឹង​ សែន​ករុណា​ មានប្រសាសន៍​ថា​ អ្នកកាសែត​នៅ​កម្ពុជា​ពិតជា​លំបាក​ខ្លាំង​ក្នុង​ការ​រាយការណ៍​រាល់​ភាព​អសកម្ម​ទាំងឡាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ ឬឈ្មួញ​អ្នកមាន​ទ្រព្យធន​។ លោក​ថា​ កន្លងទៅ​ សង្គម​ស៊ីវិល​ធ្លាប់​ស្នើ​ជាច្រើន​ដង​ច្រើន​សារ ​ដើម្បី​ឱ្យ​មានការ​បើក​ចំហរ​សេរីភាព​សារព័ត៌មាន​ ប៉ុន្តែ​ បញ្ហា​នេះ​មិនទាន់​ត្រូវ​បាន​កែ​លម្អ​រនៅ​ឡើយ​។

លោក ស៊ឹង​ សែន​ករុណា​ ប្រាប់​ថា៖ «កាសែត​ប្រឈម​ខ្លាំង​ណាស់​ ធ្វើ​ឱ្យ​ពួកគាត់​ពិបាកធ្វើ​ការ​។ ហើយ​នេះ ​ជា​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន»

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​ លោក​ មាស​ សុភ័​ណ្ឌ​ ប្រសាសន៍​ថា​ ក្រសួងព័ត៌មាន​បាន​ទទួល​សំ​ណើរ​រួចហើយ​ពី​ករណី​សុំ​អន្តរាគមន៍​ចំពោះ​ការ​ចាប់ខ្លួន​អ្នកកាសែត​នេះ​ ប៉ុន្តែ លោក​ថា ​ក្រសួង​សុំ​ពេល​អង្កេត​លម្អិតជាមុន​សិន​។

លោក ​មាស​ សុភ័​ណ្ឌ​ ប្រាប់​ថា៖ «យើង​រង់ចាំ​ការស៊ើបអង្កេត​។ ក្រសួង​សុំ​ឱ្យ​អ្នកសារព័ត៌មាន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​»

កាលពី​ខែមិថុនា​កន្លងទៅ​ អ្នកកាសែត ២នាក់ ​នៃ​គេហទំព័រ​ក្រាំងមាស​នៅ​ខេ​ត្ត​កំ​ពង់​ឆ្នាំង ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​បទ​ចោទ​ថា​បាន​ជំរិត​ទារ​ប្រាក់​ពី​ឧកញ៉ា​ ទៀ​ វិចិត្រ​ ដែល​ជា​កូនប្រុស​របស់​លោក​ ទៀ​ វិញ ​មេបញ្ជាការ​កងទ័ពជើងទឹក​។

ចំណែក​ឯអ្នកសារព័ត៌មាន ២រូប​ ដែល​ជា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ​នៅតែ​ជាប់​បណ្ដឹង​នៅ​តុលាការ​ក្នុង​សំណុំរឿង​ប្រគល់​ព័ត៌មាន​សម្ងាត់​របស់​ជាតិ​ឱ្យទៅ​បរទេស​ ខណៈ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើកសវនាការ​លើ​អង្គសេចក្ដី​នៅ​ថ្ងៃទី២៦ កក្កដា ​ខាងមុខនេះ​។

កាលពី​ថ្ងៃទី០៣​ ខែឧសភា​ ដែល​ជា​ទិវា​សេរីភាព​សារ​ព័ត៌មាន​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ស្មោះត្រង់​ក្នុង​វិជ្ជាជីវៈ​ ក្លាហាន​ហ៊ាន​និយាយ​ការពិត​ រិះគន់​ក្នុង​ន័យ​ស្ថាបនា​ និង​ត្រូវ​ធ្វើជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឧ្យ​ឃើញ​តភាព​សង្គម​ ដើម្បី​ជួយ​កសាង​យុត្តិធម៌​សង្គម​ រក្សាសុខ​សន្តិភាព​ និង​អភិវឌ្ឍ​ប្រទេសជាតិ​។

ប៉ុន្តែ​ លោក​បាន​ថ្លែង​ថា៖ «សិទ្ធិមនុស្ស ​ត្រូវ​ចាប់ផ្តើម​ពី​សិទ្ធិ​រស់​រៀន​មានជីវិត​។ មិនមែន​ចាប់ផ្តើម​ពី​សរសេរ​អត្ថា​ធិប្បាយ​កាសែត​ទេ​។ បើ​វា​ងាប់​ទៅ​ហើយ​ តើ​សរសេរ​កាសែត​របៀប​ម៉េច​?»

របាយការណ៍​ស្ដី​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩​ ចេញផ្សាយ​ថ្ងៃទី១៨​ ខែមេសា​ ដោយ​​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ (RSF​) ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​លេខ១៤៣​ ជា​ប្រទេស​រឹតត្បិត​ខ្លាំង​ខាង​សេរីភាព​សារព័ត៌មាន​។ សេរីភាព​នេះ​ បាន​ធ្លាក់ចុះ​បី​ឆ្នាំ​ជាប់គ្នា​ បើ​ធៀប​ឆ្នាំ២០១៨ដែល​កម្ពុជា​ស្ថិតនៅ​លេខ១៤២​ ហើយ​កាលពី២០១៧ កម្ពុជា​ស្ថិតនៅ​លេខរៀង​ទី១៣២​។

ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ជា​រឿយ​ៗថា​ កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ពេញលេញ ​ដោយ​សំអាង​លើ​ចំនួន​ស្ថាប័ន​សារព័ត៌មាន​នៅ​កម្ពុជា​ និង​បង្ហាញ​ពី​មោទនភាព​ដែល​កម្ពុជា​មាន​សេរីភាព​ជាង​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ដូចយ៉ាង​ ឡាវ​ វៀតណាម​ មីយ៉ាន់ម៉ា​ និង​សង្ហ​បុរី​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ