អង្គភាពអ្នកសារព័ត៌មាន អ្នកកាសែត និងប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធររដ្ឋាភិបាលដោះលែងអ្នកសារព័ត៌មាន និងបើកចំហឡើងវិញនូវសេរីភាពសារព័ត៌មាននៅកម្ពុជា។ ការស្នើនេះធ្វើឡើងបន្ទាប់ពីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់ខ្លួនអ្នកកាសែតទាំង ២នាក់បញ្ជូនទៅតុលាការ ក្រោមបទចោទថា បានញុះញង់ឱ្យពលរដ្ឋតវ៉ាក្នុងសំណុំរឿងទំនាស់ដីធ្លីកាលពីសប្ដាហ៍មុន។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី២១ ខែកក្កដា កំពុងបន្តនីតិវីធីសាកសួរអ្នកកាសែត ២នាក់ក្នុងបទចោទញុះញុងឱ្យពលរដ្ឋតវ៉ាក្នុងសំណុំរឿងទំនាស់ដីធ្លី។ អ្នកកាសែតទាំងពីរនាក់ដែលត្រូវចាប់ខ្លួន គឺមាន លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ និងលោក កែវ រតនា ចាងហ្វាងកាសែតទូរទស្សន៍អនឡាញឈ្មោះ TN TV។
ប្រតិកម្មនានាបានកើតឡើងបន្ទាប់ពីមានហេតុការណ៍ណ៍ចាប់ខ្លួនអ្នកកាសែត ២នាក់នេះ។ អង្គភាពក្លឹបអ្នកកាសែតឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍មួយស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អន្តរាគមន៍ឱ្យដោះលែងអ្នកកាសែតបន្ទាន់ និងចាត់ទុកថា នេះជាករណីរំលោភធ្ងន់ធ្ងរលើសិទ្ធិសេរីភាពអ្នកកាសែតព័ត៌មាន។
បុរសម្នាក់ឈ្មោះ កែវ រដ្ឋា ជាប្អូនប្រុសបង្កើតរបស់ចាងហ្វាងទូរទស្សន៍អនឡាញ TN TV បានឲ្យដឹងថា ខ្លួនបានរកមេធាវីដើម្បីការពារក្ដីឱ្យបងប្រុស ហើយទន្ទឹងចាំជួបបងប្រុសនៅតុលាការ។ លោកបន្តថា បងប្រុសរបស់ខ្លួនត្រឹមតែអ្នកសារព័ត៌មានប៉ុណ្ណោះមិនគួរណាត្រូវចោទប្រកាន់នោះឡើយ។
តំណាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍នោះ អ្នកស្រី ស៊ូសុផានី បានឱ្យដឹងថា អ្នកកាសែត២រូបនេះជាអ្នកចុះទៅដល់ទីតាំងទំនាស់ដីធ្លីក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីផ្សាយផ្ទាល់ពីហេតុការណ៍ដែលប្រជាពលរដ្ឋចុះទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលចង់ឈូសឆាយលើដីទំនាស់រវាងពលរដ្ឋជាង ២០គ្រួសារ និងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បន្ទាប់មកអាជ្ញាធរចាប់អ្នកភូមិ ៥នាក់ ហើយបន្តចាប់អ្នកកាសែត ២នាក់តែម្តង។
អ្នកស្រី ស៊ូ សុផានី ប្រាប់ថា៖ «ពួកគាត់មកផ្សាយព័ត៌មាន ដែលក្រុមហ៊ុនចុះឈូសឆាយលើដីទំនាស់តាំងពីឆ្នាំ១៩៩៦ ហើយពលរដ្ឋចុះឃាត់គ្រឿងចក្រ។ ពេលនោះប៉េអឹមមក ឱ្យគាត់បិទឡាយ បិទឡាយរួចប៉េអឹមចាប់ពលរដ្ឋ និងចាប់អ្នកកាសែតតែម្តង»។
ឆ្លើយតបនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា ករណីដែលអាវុធហត្ថខេត្តព្រះសីហនុបានចាប់ខ្លួនអ្នកកាសែត ២នាក់ គឺផ្អែកតាមបណ្ដឹង និងនិតិវីធីច្បាប់។ លោកបន្តថា អង្គភាពអាវុធហត្ថក៏មានភស្តុតាងជាក់ស្តែងដែលអ្នកកាសែត២រូបនោះល្មើសច្បាប់ដែរ គឺពួកគាត់ធ្វើលើសពីតួនាទីជាអ្នកផ្សាយព័ត៌មាន។ លោកបញ្ជាក់ថា រឿងដោះលែង ឬមិនដោះលែង គឺសម្រេចនៅលើតុលាការ។
លោក អេង ហ៊ី ប្រាប់ថា៖ «យើងអនុវត្តតាមច្បាប់។ យើងសូមឱ្យអ្នកសារព័ត៌មានគោរពចវិជ្ជាជីវៈបានត្រឹមត្រូវ។ អាវុធហត្ថមិនចង់ឃើញអ្នកកាសែតជាប់ទោសទេ»។
អង្គភាពអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការចាប់ខ្លួនអ្នកកាសែតទាំង ២នាក់នេះ គឺអាវុធហត្ថធ្វើតាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ ព្រះរាជអាជ្ញា ចោទប្រកាន់អ្នកកាសែតទាំងពីរពីបទញុះញង់ដោយសារតែសួរសំណួរញុះញង់ទៅកាន់ប្រជាពលរដ្ឋ។
ចំពោះប្រធានការីនិពន្ធកាសែតខ្មែរ ថាមស៍ លោក ម៉ៃ ទិត្យថារ៉ា វិញ លោកយល់ថា ករណីចាប់ខ្លួនអ្នកកាសែតនេះ ជាប្រការគួរឱ្យបារម្ភពីសេរីភាពអ្នកកាសែតនៅកម្ពុជា។ លោកអំពាវនាវឱ្យដោះលែងអ្នកកាសែត និងបញ្ឈប់រាល់ការធ្វើទុកបុកម្នេញគ្រប់ទម្រង់លើអ្នកកាសែត ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក ម៉ៃ ទិត្យថារ៉ា ប្រាប់ថា៖ «ករណីនេះជាករណីដែលបង្ហាញថា អ្នកកាសែតនៅកម្ពុជាប្រឈមនឹងដាក់ទោសនៅពេលបំពេញការងារ។ យើងសូមស្នើឱ្យដោះលែងពួកគាត់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អ្នកកាសែតនៅកម្ពុជាពិតជាលំបាកខ្លាំងក្នុងការរាយការណ៍រាល់ភាពអសកម្មទាំងឡាយរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឬឈ្មួញអ្នកមានទ្រព្យធន។ លោកថា កន្លងទៅ សង្គមស៊ីវិលធ្លាប់ស្នើជាច្រើនដងច្រើនសារ ដើម្បីឱ្យមានការបើកចំហរសេរីភាពសារព័ត៌មាន ប៉ុន្តែ បញ្ហានេះមិនទាន់ត្រូវបានកែលម្អរនៅឡើយ។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «កាសែតប្រឈមខ្លាំងណាស់ ធ្វើឱ្យពួកគាត់ពិបាកធ្វើការ។ ហើយនេះ ជាការរឹតត្បិតសេរីភាពសារព័ត៌មាន»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រសាសន៍ថា ក្រសួងព័ត៌មានបានទទួលសំណើររួចហើយពីករណីសុំអន្តរាគមន៍ចំពោះការចាប់ខ្លួនអ្នកកាសែតនេះ ប៉ុន្តែ លោកថា ក្រសួងសុំពេលអង្កេតលម្អិតជាមុនសិន។
លោក មាស សុភ័ណ្ឌ ប្រាប់ថា៖ «យើងរង់ចាំការស៊ើបអង្កេត។ ក្រសួងសុំឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ»។
កាលពីខែមិថុនាកន្លងទៅ អ្នកកាសែត ២នាក់ នៃគេហទំព័រក្រាំងមាសនៅខេត្តកំពង់ឆ្នាំង ត្រូវបានចាប់ខ្លួនក្នុងបទចោទថាបានជំរិតទារប្រាក់ពីឧកញ៉ា ទៀ វិចិត្រ ដែលជាកូនប្រុសរបស់លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក។
ចំណែកឯអ្នកសារព័ត៌មាន ២រូប ដែលជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី នៅតែជាប់បណ្ដឹងនៅតុលាការក្នុងសំណុំរឿងប្រគល់ព័ត៌មានសម្ងាត់របស់ជាតិឱ្យទៅបរទេស ខណៈដែលសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើអង្គសេចក្ដីនៅថ្ងៃទី២៦ កក្កដា ខាងមុខនេះ។
កាលពីថ្ងៃទី០៣ ខែឧសភា ដែលជាទិវាសេរីភាពសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឧ្យឃើញតភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
ប៉ុន្តែ លោកបានថ្លែងថា៖ «សិទ្ធិមនុស្ស ត្រូវចាប់ផ្តើមពីសិទ្ធិរស់រៀនមានជីវិត។ មិនមែនចាប់ផ្តើមពីសរសេរអត្ថាធិប្បាយកាសែតទេ។ បើវាងាប់ទៅហើយ តើសរសេរកាសែតរបៀបម៉េច?»។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ ចេញផ្សាយថ្ងៃទី១៨ ខែមេសា ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ១៤៣ ជាប្រទេសរឹតត្បិតខ្លាំងខាងសេរីភាពសារព័ត៌មាន។ សេរីភាពនេះ បានធ្លាក់ចុះបីឆ្នាំជាប់គ្នា បើធៀបឆ្នាំ២០១៨ដែលកម្ពុជាស្ថិតនៅលេខ១៤២ ហើយកាលពី២០១៧ កម្ពុជាស្ថិតនៅលេខរៀងទី១៣២។
ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាប្រកាសជារឿយៗថា កម្ពុជាមានសេរីភាពសារព័ត៌មានពេញលេញ ដោយសំអាងលើចំនួនស្ថាប័នសារព័ត៌មាននៅកម្ពុជា និងបង្ហាញពីមោទនភាពដែលកម្ពុជាមានសេរីភាពជាងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់ ដូចយ៉ាង ឡាវ វៀតណាម មីយ៉ាន់ម៉ា និងសង្ហបុរីជាដើម៕