ពលរដ្ឋរាប់រយនាក់មកពីខេត្តចំនួន៥ ជំរុញទៅរដ្ឋាភិបាលឲ្យ​ពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លី

ពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានមកតវ៉ានៅមុខខុទ្ធកាល័យនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋរាប់រយនាក់មកខេត្តចំនួន៥ បានជំរុញទៅរដ្ឋាភិបាល​ឲ្យពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគេ ខណៈវិវាទនោះអូសបន្លាយជិត ១០ឆ្នាំ ដែល​ពួកគេ​ថា ធ្វើឲ្យគ្រួសារពួកគេធ្លាក់ខ្លួនក្រីក្រ។

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ និងខេត្តកណ្ដាល បានប្រមូលផ្តុំគ្នាដាក់ញត្តិជាថ្មីនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងរៀបចំដែនដីនៅថ្ងៃនេះ ដើម្បីរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងលោក ជា សុផារ៉ា ឲ្យ​ជួយដោះស្រាយដោយផ្តល់​ដីធ្លីជូនពួកគេវិញ។

អ្នកស្រី សុង សៀងហេង អាយុ ៥៥ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកំពង់ស្ពឺ ប្រាប់ វីអូឌី នៅ​កន្លែងតវ៉ាមុខខុទ្ទកាល័យនាយករដ្ឋមន្រ្តីថា ពលរដ្ឋជិត ៣០០គ្រួសារមក​ពីស្រុកឱរ៉ាល និងស្រុកថ្ពង តំណាងឲ្យពលរដ្ឋជាង ១ពាន់គ្រួសារ ដែលអះអាងថា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០នោះ គឺរហូតពេលនេះ មានពលរដ្ឋតិចតួចបំផុតទទួលបានសំណង។

តំណាងពលរដ្ឋរូបនេះបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋ ៥៨២គ្រួសារនៅស្រុកឱរ៉ាល គឺទទួលសំណងតែ ៦៥គ្រួសារប៉ុណ្ណោះ ខណៈនៅស្រុកថ្ពង ពលរដ្ឋ ៥៥០គ្រួសារទទួលបានសំណងតែ ២៥គ្រួសារ។

អ្នកស្រីបន្ថែមថា៖ «ពលរដ្ឋខ្លះធ្លាក់ខ្លួនក្រីក្រ គាត់គ្មានលុយផ្គត់ផ្គង់ឲ្យកូនៗបានរៀនសូត្រ។ កូនៗគាត់បានទៅជាខ្ញុំចម្ការអំពៅគេ អ្នកខ្លះចំណាកស្រុកចោលភូមិកំណើតទៅធ្វើការងារនៅស្រុកគេ អ្នកខ្លះជំពាក់ធនាគារមិនមែនតែមួយស្ថាប័ននោះទេ ដោយសារពួកគាត់បាត់បង់ដីធ្លី គាត់គ្មានដីធ្លីសម្រាប់បង្កបង្កើនផល និងពិបាកចិត្តរហូតស្លាប់ក៏មានដោយសារគ្មានលុយសងគេ»

អ្នកស្រី ខៀវ សារ៉ុន អាយុ ៣៧ឆ្នាំ ដែលអះអាងថា ជាតំណាងពលរដ្ឋមកខេត្តស្វាយរៀង ឲ្យដឹងថា អ្នកភូមិ ១៨០នាក់មកពីស្រុករមាសហែក តំណាងឲ្យពលរដ្ឋ ២៦០គ្រួសារ បានមានជម្លោះដីធ្លីទំហំ ៦៧០ហិកតាជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ «អិនខេវី (NKV)» តាំងពីឆ្នាំ២០១០ ហើយថា ពលរដ្ឋទាំងនោះក៏កំពុងប្រឈមបញ្ហាជីវភាពដែរ ដោយសារពុំមានដីបង្កបង្កើនផល។

អ្នកស្រីបន្ថែមថា៖ «មន្រ្តីថ្នាក់លើ គាត់ដេកតែម៉ាស៊ីនត្រជាក់ គាត់អត់ដឹងថា ពួកខ្ញុំលំបាកវេទនាយ៉ាងណានោះទេ។ មិនបាច់ថា សម្បូរលុយចាយទេ សម្បីតែបាយក៏រកហូបសឹងមិនចង់មានផង។ ផលប៉ះពាល់ កូនៗពួកយើងអត់បានរៀនខ្ពស់ទេ។ អ៊ីចឹង អនាគតកូនៗបានត្រឹមតែជាកម្មករគេទេ»

ចំណែងតំណាងពលរដ្ឋមកពីខេត្តព្រះសីហនុ លោក យូ វាសនា និយាយថា មួយរយៈចុងក្រោយនេះ ខេត្តព្រះសីហនុបានកើនឡើងជម្លោះដីធ្លី ខណៈកំណើនវិនិយោគចិននៅទីនោះ។

លោក យូ វាសនា បញ្ជាក់ថា រហូតមកដល់ពេលមានពលរដ្ឋជាង ៣០នាក់ហើយត្រូវបានអាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុន និងអ្នកមានលុយមានអំណាច ដែលបណ្តាលឲ្យអ្នកភូមិឡើងមករកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ។

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី លោក គង់ ចំរើន បានទទួលយកញត្តិពីក្រុមប្រជាពលរដ្ឋ ហើយ​បាន​សន្យាកោះហៅតំណាងពលរដ្ឋម្នាក់ៗ​ចូល​ជួបនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាររកដំណោះស្រាយ។

មន្រ្តីសម្របសម្រួលនៅសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ញ៉ិល ភាព ដែលតាមដានការតវ៉ាផ្ទាល់របស់ក្រុមប្រជាពលរដ្ឋនៅថ្ងៃនេះផ្ទាល់ មើលឃើញថា ភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីជូនពលរដ្ឋនេះ ដោយសារតែជម្លោះដីធ្លីនោះជាប់ពាក់ព័ន្ធជាមួយមន្រ្តីមានលុយមានអំណាចមួយចំនួនក្នុងជួររដ្ឋាភិបាល។

មន្រ្តីសង្គមស៊ីវិលរូបនេះបន្តថា ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ និងដើម្បីកុំអន្តរជាតិមើលកម្ពុជាកំពុងរំលោភសិទ្ធិមនុស្ស រួមទាំងសិទ្ធិដីធ្លីនោះ រដ្ឋាភិបាលត្រូវប្រើអភិក្រមទាំង ៥ ដោយហ៊ានកាត់ស្អុយដែលជាប់ពាក់ព័ន្ធចោល។

លោកបន្ថែមថា៖ «ដើម្បីដោះស្រាយបញ្ចប់ លុះត្រូវតែរដ្ឋាភិបាលមានយន្តការច្បាស់លាស់ ហ៊ានវះកាត់ ព្រោះបញ្ហារំលោភដីធ្លីនេះ វាបានកើតឡើងជាប្រព័ន្ធទៅហើយ។ អីចឹង រដ្ឋាភិបាលត្រូវប្រើដាវអាជ្ញាសឹក ហើយត្រូវអនុវត្ត​តាមគោលការណ៍នីតិរដ្ឋ ត្រូវដោះស្រាយដោយផ្អែកទៅតាមមូលដ្ឋានច្បាប់ និងភស្តុតាងជាក់លាក់ជូនប្រជាពលរដ្ឋ»

តាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា បានឲ្យដឹងថា ប្រពលរដ្ឋទាំង ៥ខេត្តដែលគ្រោងឡើងមកតវ៉ាដីធ្លីនៅភ្នំពេញថ្ងៃនេះមានចំនួន ៩៨០​នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៧៦១៥ គ្រួសារ ដែលមានទំហំដីធ្លីទំនាស់សរុបចំនួន ១៦ ២៧៩.៦៤​ហិកតា ស្ថិតនៅក្នុងខេត្តព្រះសីហនុ កំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល។

របាយការណ៍​សង្ខេប​មួយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគ​រូប​នី​យក​ម្ម​ និង​សំណង់​ ចេញផ្សាយ​ឆ្នាំ២០១៨ កន្លងមក​នេះ​ ឲ្យដឹង​ថា​ បញ្ហា​វិវាទ​ដីធ្លី​ទូទាំង​ប្រទេស​នៅសល់​ជិត​ ១៥០០ករណី​ទៀត​ នៅ​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ​ គិត​ត្រឹម​ចុងឆ្នាំ​២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ