វិភាគ​៖ អ្វី​ជា​បញ្ហា​ចម្បង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​យក​កាកសំណល់​មក​ចោល​នៅ​កម្ពុជា​ ?

សំរាម៨៣កុងទីន័រដែលផ្លុងចោលនៅខេត្តព្រះសីហនុ ហើយត្រូវបានប្រទះឃើញនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ បណ្ដាលសង្គម

កាកសំណល់​សំរាម​ ៨៣កុង​ទី​ន័រ​ ទម្ងន់ ១៦០០តោន​ ត្រូវ​បាន​ក្រុមហ៊ុន​បរទេស​ដឹក​មក​ទម្លាក់​ចោល​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា​​កាលពី​សប្តាហ៍​មុន​ បើ​ទោះបីជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​ចេញ​បញ្ជា​មិន​ឱ្យ​នាំចូល​ក៏ដោយ​។

សំរាម៨៣កុងទីន័រ
សំរាម៨៣កុងទីន័រដែលផ្លុងចោលនៅខេត្តព្រះសីហនុ ហើយត្រូវបានប្រទះឃើញនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩។ រូបភាព៖ ហ្វេសប៊ុក Ministry of Environment

ជ្រុង​មួយ​នៃ​បញ្ហា​នេះ​ មិនមែន​ជា​រឿង​ថ្មី​ទេ​ បើ​គេ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ការប្រកាស​វិធានការ​​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​​កាលពី ២៣ឆ្នាំមុន​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ឆ្នាំ១៩៩៦​ បាន​ចេញ​បទបញ្ជា​ហាមឃាត់​ការនាំចូល​កាកសំណល់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​អះអាង​នាពេលនោះថា​ លោកបាន​បដិសេធ​សំណើ​របស់​ក្រុមហ៊ុន​សិង្ហបុរី​មួយ​ ដែល​ចង់​បង្កើត​រោងចក្រ​​កែច្នៃ​កាក​សំណល់​សំរាម​មួយ​មានតម្លៃ ៦០លាន​ដុល្លារ​ នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​បំប្លែង​កាក​សំ​ណល់ឧហ្សា​ហក​ម្ម​ទៅជា​​ថាមពល​អគ្គិសនី​។

លោក​ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ជា​លើក​ចុងក្រោយ​ថា​ ខ្ញុំ​មិន​យល់ព្រម​ដាច់ខាត​ចំពោះ​សំណើ​ពី​បរទេស​ក្នុង​ការ​នាំ​យក​កាកសំណល់​ចូល​មក​ប្រទេស​កម្ពុជា​ បើ​ទោះបីជា​ការនាំចូល​ ដើម្បី​ផលិត​ថាមពល​ ឬធ្វើ​ជី​ក៏ដោយ​»។

ប៉ុន្តែ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៨ សមត្ថកិច្ចកម្ពុជាបានរកឃើញកាកសំណល់​សំរាម​ទម្ងន់ ៣ពាន់​​តោន​ ដែលក្រុមហ៊ុនតៃវ៉ាន់ដឹកមក​ទម្លាក់​ចោល​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

អតីត​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ ម៉ុ​ក មា​រ៉េ​ត អះ​អា​ពេលនោះ​ថា​ កាកសំណល់​ទម្ងន់ ៣ពាន់​តោន​នោះ​ មាន​ផ្ទុក​វិទ្យុសកម្ម​បង្ក​ផល​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​ និង​បរិស្ថាន​។

ប៉ុន្តែ​ កម្ពុជា​​បាន​បញ្ជូន​កាកសំណល់​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ​ បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ពី​ពលរដ្ឋ​ និង​អ្នកឃ្លាំមើល​សង្គម​។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ទាំងពីរ​លើក​នេះ​ វា​បាន​បង្កើត​ចម្ងល់​ជាច្រើន​ថា​ បើ​មន្ត្រី​កម្ពុជា​ដឹង​ថា​ កាកសំណល់​ទាំងនោះ​ បាន​​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ និង​បរិស្ថាន​ ហេតុអ្វីបានជា​បញ្ហា​នេះ​នៅតែ​កើក​មាន​លើទឹក​ដី​កម្ពុជា​?

អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ វិភាគ​ថា​ ភាព​ធូររ​លុង​នៃ​ការអនុវត្ត​ច្បាប់​ និង​អំពើពុករលួយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ វា​បាន​បើក​ច្រក​ឱ្យក្រុមហ៊ុន​ខិលខូច​ អាច​នាំចូល​អ្វី​គ្រប់យ៉ាង​ហូរ​ចូល​កម្ពុជា​។

អ្នកវិភាគ​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ មានតែ​បើក​ការស៊ើបអង្កេត​ប្រប​កដោយ​ឯករាជ្យ​ រកម​ន្ត្រី​ពាក់ព័ន្ធ​ដែល​ឃុបឃិតជាមួយ​ក្រុមហ៊ុន​ខិលខូច​ មក​ប្រឈមមុខ​ច្បាប់​ ទើប​កម្ពុជា​អាច​ទប់ស្កាត់​ បញ្ហា​សង្គម​ជាច្រើន​ទៀត​បាន​។

លោក មាស នី ប្រាប់ថា៖ «អ្វីដែលយើងចង់ឃើញ គឺចង់ឃើញរដ្ឋាភិបាលពង្រឹងផ្នែកច្បាប់ ដើម្បីការពារកុំឲ្យមានហេតុហ្នឹងកើតឡើងទៀតនៅពេលខាងមុខ»

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ វិភាគ​ប្រហាក់​ប្រហែល​ដែរ​ថា​ បញ្ហា​ចម្បងដែល​ក្រុមហ៊ុន​ខិលខូច​ អាចយ​កកា​ក​សំណល់​​ខុសច្បាប់​ មក​ទម្លាក់​ចោល​នៅ​កម្ពុជា​ជាបន្តបន្ទាប់​នេះ​ អាចម​កពី​រដ្ឋាភិបាល​គ្មាន​ឆន្ទៈបង្ក្រាប​ទៅលើ​មន្ត្រីពុករលួយ​ជា​បក្ខពួក​ខ្លួន​ ឬ​អាច​​ថា មេដឹកនាំចង់ទុក​អ្នក​ទាំងនោះ​ ជា​ឧបករណ៍​ការពារ​អំណាច​។

លោក គឹម សុខ ប្រាប់​ថា៖ «ក្រុមហ៊ុនបរទេស ពិសេសចិន ដែលអាចចេះតែដឹកសំរាមប្លាស្ទីកមកចាក់ចោលនៅកម្ពុជា និងកាកសំណល់វិទ្យុសកម្មមកចាក់ចោលនៅប្រទេសកម្ពុជា​យើងបានម្តងហើយម្តងទៀតបានបែបនេះ។ ខ្ញុំគិតថា ចំនុចទី១ធំ គឺព្រោះតែឥទ្ធិពលនៃអំណាចពុករលួយ។ អំពើពុករលួយនេះ បើយើងពិនិត្យឲ្យស៊ីជម្រៅនៃការដឹកនាំនៅកម្ពុជាបច្ចុប្បន្ន គឺជាចំនុចគន្លឹះនៃការពង្រឹងប្រព័ន្ធអំណាចរបស់លោក ហ៊ុន សែន»

ប្រធាន​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ លោក​បណ្ឌិត​ សុខ​ ទូច​ មានប្រសាសន៍​ថា​ លោក​មិនទាន់​អាច​វិភាគ​បាន​ថា​ តើមាន​កត្តា​ចម្បងអ្វីខ្លះ​ ដែល​បើកផ្លូវ​​ឱ្យ​ក្រុមហ៊ុន​បរទេស​ អាច​នាំ​កាកសំណល់​សំរាម​ជាថ្មី​ទៀត​ មក​ទុក​នៅ​កម្ពុជា​ពេលនេះ​ទេ​ ប៉ុន្តែ លោក​ថា​​ វា​ដល់ពេល​ដែល​រដ្ឋាភិបាល​​វះកាត់ហើយ ​ ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មន្ត្រីណាមួយជាប់ពាក់ព័ន្ធ។

លោក សុខ ទូច ប្រាប់ថា៖ «ចំណុចមួយទៀតដែលយើងត្រូវគិត គឺក្រុមហ៊ុនណា​ដែលនាំចូល អ្នកណាដែលអនុញ្ញាតឲ្យនាំចូល អាហ្នឹងវាត្រូវតែវះ ឬកាត់ចេញទៅ កុំទុក។ ប្រទេសរបស់យើង មិនមែនរស់ដោយសារធ្វើឡើងវិញទេ [កែច្នៃសំរាម]។ ប្រទេសយើង រស់ដោយសារទេសចរណ៍។ កាលណាយើងយកធុងសំរាមមកបោះចោលនៅស្រុកយើង វាបាត់បង់ទេសចរណ៍។ ដឹក ៨៣កុងទីន័រមក មិនស្មើដឹកទេសចរណ៍​មួយកប៉ាល់ទេ។ អញ្ចឹងទេ សូមកុំប្រើប្រាស់រូបមន្តហ្នឹង»

បើ​តាម​លោក​ សុខ​ ទូច​ ក្រុម​ហ៊ុនចិន​មិន​តិច​ជាង៣ទេ ធ្លាប់​ពិភាក្សា​ជាមួយ​លោក​ ដើម្បី​សុំ​បើក​ក្រុមហ៊ុន​កែច្នៃ​សំរាម​ ប៉ុន្តែ ​លោក​ថា​ លោក​បាន​បដិសេធ​ចោល​។

ទោះជាយ៉ាងណា ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​ រដ្ឋាភិបាល​នៅ​មិនទាន់​ប្រកាស​ថា ​តើ​កាកសំណល់​សំរាម​ប្លា​ស្ទីក​ជាង ១ពាន់​តោន​ ដែល​ថា ​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន​​ចិន​នោះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​ ឬ​យ៉ាងណា​នៅឡើយ​ទេ​ ។

ចំណែក​ក្រសួង​ពាក់ព័ន្ធ​ ក៏​មិនទាន់​ប្រកាស​ជា​សាធារណ​នៅឡើយ​ដែរ​ថា​ កាកសំណល់​សំរាម​ដែល​រកឃើញថ្មីទៀតនេះ ​នឹង​បង្ក​ផល​ប៉ះពាល់អ្វីខ្លះ​​ដល់​បរិស្ថាន ​និង​ជីវិត​មនុស្ស​​ដែរ​។

ប៉ុន្តែ​ អ្នកវិភាគ​ បង្ហាញ​ក្ដីបារម្ភ​ថា​ បទល្មើស​ឆ្លងដែន​ច្រើន​ករណី​ទៀត​ នឹង​ហូរ​ចូល​កម្ពុជា​ បើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈវះកាត់​មន្ត្រី​​ពុករលួយ​​​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ