ក្រសួងដែនដី​ស្នើ​ចាត់វិធានការផ្លូវច្បាប់លើមេខ្លោងញុះញង់ពលរដ្ឋខេត្តត្បូងឃ្មុំឲ្យតវ៉ា​ទាមទារដីព្រៃសហគមន៍​

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រជាពលរដ្ឋរាប់រយនាក់មកពីខេត្តចំនួន៥ មកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីដើម្បីរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដោះស្រាយបញ្ចប់វិវាទីធ្លីពួកគេ។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើទៅសមត្ថកិច្ចស្រាវជ្រាវរកមេខ្លោង ដែលក្រសួងថា បានញុះញង់ឲ្យពលរដ្ឋខេត្តត្បូងឃ្មុំមួយក្រុមឡើងមកតវ៉ាទាមទារ​ដីព្រៃសហគមន៍កាលពី​ម្សិលមិញ។

កាលពីម្សិលមិញ ក្រុមប្រជាពលរដ្ឋរាប់រយនាក់មកពីខេត្តចំនួន៥ ក្នុងនោះមានពលរដ្ឋខេត្តត្បូងឃ្មុំប្រហែល១០០នាក់ផងដែរ បានឈរលើកបដា និងដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីដើម្បីរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយដោះស្រាយបញ្ចប់វិវាទដីធ្លីពួកគេ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដីឲ្យដឹងថា ពលរដ្ឋ៧នាក់នៅខេត្តត្បូងឃុំដែលអះអាងថា ជាតំណាងពលរដ្ឋ៦៧៦គ្រួសារ មកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលប្តឹងទាមទារដីព្រៃសហគមន៍៣៧១៨ហិកតានោះ គឺក្រសួងមិនទទួលការដោះស្រាយជូនឡើយ។

ក្រសួងបញ្ជាក់ថា តាមការពិនិត្យឯកសារពាក់ព័ន្ធគឺរកឃើញថា ដីតំបន់មួយចំនួនដែលពលរដ្ឋតវ៉ាទាមទារនោះត្រូវបានពលរដ្ឋខ្លួនឯងព្រមព្រៀងលក់ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ «ហាមីនីវីងអីនវេសមេន ខូអិល ធីឌី» អស់តាំងពីឆ្នាំ២០១១ម្លេះ និងតំបន់ផ្សេងទៀតត្រូវបានវាស់វែងចែកជូនពលរដ្ឋធ្វើជាកម្មសិទ្ធិឯកជនអស់ហើយ ពុំមានសល់ដីរួមភូមិទៀតឡើយ។

តំណាងសហគមន៍ លោក សែម សាង បានបង្ហាញការខកចិត្តចំពោះវិធានការរបស់ក្រសួងរៀបចំដែនដីនេះ ដោយថា វាជារឿងអយុត្តិធម៌បំផុតដែលក្រសួងមិនស្រាវជ្រាវរកការពិត និងមិនដោះស្រាយជូនពលរដ្ឋ ថែមទាំងព្រមានចាត់វិធានការផ្លូវច្បាប់ទៀត។

តំណាងសហគមន៍រូននេះអះអាងថា អ្នកភូមិមិនបានព្រមព្រៀងលក់ដីឲ្យក្រុមហ៊ុនដូចការលើកឡើងរបស់ក្រសួងនោះទេ ដោយលោកចោទអាជ្ញាធរមូលដ្ឋានថា ជាអ្នកឃុបឃិតគ្នាក្លែងឯកសារស្នាមមេដៃពលរដ្ឋលួចលក់ដីសហគមន៍ទៅឲ្យក្រុមហ៊ុន។

តំណាងសហគមន៍ លោក សែម សាង បានបង្ហាញការព្រួយបារម្ភពីសុវត្ថិភាពក្រោយក្រសួងប្រកាសឲ្យសមត្ថ​កិច្ចចាត់វិធានការ ប៉ុន្តែ លោកថា នឹងមិនបោះបង់​ការតវ៉ានោះទេ ដរាបណាមិនទទួលបានដំណោះស្រាយ។ លោកបាន​បញ្ជាក់​ថា ការឡើងមកតវ៉ារបស់ក្រុមអ្នកនោះក៏ពុំមានការញុះញង់ពីក្រុមណាមួយនោះដែរ។

លោក បន្ថែមថា៖ «រឿងបារម្ភចេះតែបារម្ភហើយ។ ប៉ុន្តែ បើគង់តែបាត់បង់ដីអស់ដដែលៗ ឈប់តវ៉ាមានន័យអី ដោយសារតែពលរដ្ឋបាត់បង់ដីហើយ បានជាគាត់នាំគ្នាមកតវ៉ាឲ្យរដ្ឋាភិបាលជួយដោះស្រាយ។ មិនមែនចាំគេញុះញង់ឲ្យមក មិនមែនគេឲ្យលុយនោះទេ ឧទាហរណ៍ បើគេយកដីរបស់អស់លោកអាជ្ញាធរវិញ តើអស់លោកអាជ្ញាធរអន់ចិត្តប៉ុណ្ណាដែរ»

មេឃុំត្រពាំងព្រីងដែលទើបឡើងកាន់តំណែងថ្មី លោក ហ៊ិន បូណាល់ មានប្រសាសន៍ថា លោកមិនបានដឹងរឿងទាំងអស់នេះទេ ដោយថា ទើបកាន់តំណែងថ្មីនៅឃុំមួយនេះកាលឆ្នាំ២០១៧ ដោយលោកបង្វែរឲ្យទៅសួរមេឃុំចាស់វិញ។

មេឃុំត្រពាំងព្រីងចាស់ លោក មុំ សាប៊ុន មានប្រសាសន៍ថា ក្រុមអ្នកភូមិពិតជាបាននាំគ្នាលក់ដីឲ្យក្រុមហ៊ុន និងចូលកាន់កាប់ដីដោយខ្លួនឯងនៅតំបន់ពិតមែន។

លោកបន្ថែមថា៖ «ពលរដ្ឋគាត់ជាអ្នកលក់ដោយខ្លួនឯងតែម្តង មេគាត់បានផ្តិតគ្រប់ផ្ទះ យកលុយពីក្រុមហ៊ុនចិនអស់ហើយ តាំងពីដើមឆ្នាំ២០១០ម្លេះ ក្រៅពីហ្នឹង ពលរដ្ឋចូលកាន់កាប់ដោយខ្លួនតែម្តង»។

ប្រធាន​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ករណីក្រសួងប្រកាសឲ្យសមត្ថកិច្ចស្វែងរក និងមានវិធានការចំពោះមេខ្លោង ដែលថា បានញុះញង់ឲ្យពលរដ្ឋតវ៉ាដីធ្លីនោះ គឺជាការគំរាមកំហែង និងបំភិតបំភ័យមិនឲ្យពលរដ្ឋហ៊ានចេញមុខតវ៉ារឿងដីធ្លីនោះទៀត។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករករូបនេះ ស្នើទៅក្រសួងរៀបចំដែនឲ្យចុះសិក្សាស្រាវជ្រាវបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋដល់កន្លែងជាក់ស្តែង ដើម្បីរកការពិត និងដើមចម នៃការលក់ដីសហគមន៍ទាំងនោះទៅឲ្យក្រុមហ៊ុន និងក្រុមឈ្មួញឲ្យបានច្បាស់លាស់ជាជាងចេញវិធានការភ្លាមៗបែបនេះ។

លោក មានប្រសាសន៍ថា៖ «ក្រសួងរៀបចំដែនដី​ហ្នឹងត្រូវចុះជួបពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋទាំងប៉ុន្មានភូមិដែលក្រសួងបដិសេធហ្នឹងជាមុនសិន ថាតើ មានរឿងអ្វីនៅពីក្រោយ? ព្រោះថា ដូចជាការលក់ដីភូមិ ការបែងចែកដីឲ្យក្រុមហ៊ុនហ្នឹង វាមានពាក់ព័ន្ធអំពើពុករលួយដែរឬអត់? ហើយវាមានការក្លែងបន្លំឯកសារ ដើម្បីបោកប្រាស់ដោយក្រុម ឬបុគ្គលណាមួយឬអត់? ពិសេសអាជ្ញាធរហ្នឹងមានពាក់ព័ន្ធទៅលើបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែរអត់? ជាជាងគ្រាន់តែទទួលបានសំណើ គ្រាន់តែពិនិត្យឯកសាររួមជាមួយការឆ្លើយបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន ទាំងមិនបានស្តាប់កង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋរងគ្រោះ»

កាលពីថ្ងៃទី១ ខែកក្កដា ​ក្រសួង​រៀបចំ​ដែនដី ក៏​បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយស្នើទៅអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឲ្យចាត់ការតាមផ្លូវច្បាប់លើប្រជាពលរដ្ឋកោះកុងមួយក្រុម ដែល​កំពុងមានជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន ហេង​ ហ៊ុយ នៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយថា ពលរដ្ឋទាំងនោះថា ពុំជាប់ពាក់ព័ន្ធជាមួយវិវាទដីធ្លីនោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ