កម្ពុជា ​គ្មាន​គម្រោង​​ប្តឹង​កាសែត​អាមេរិក​ដែល​ចុះផ្សាយ​ថា​មាន​មូលដ្ឋានទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ កាលពីពេលកន្លងទៅ។

មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា​ កម្ពុជា​មិនមាន​គម្រោង​ប្តឹង​កាសែត​អាមេរិក​ដែល​បាន​ចុះផ្សាយ​ថា​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ​ ដោយ​ថា ​បញ្ហា​នេះ​កម្ពុជា​ធ្លាប់​បាន​បំភ្លឺ​រួចហើយ​។

សារព័ត៌មាន​អាមេរិក​ The​ Wall​ Street​ Journal​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ​ថា​ កម្ពុជា​-ចិន​ បាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយគ្នា​ អំឡុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០១៩​នេះ​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ ប្រាប់​ VOD​ នៅ​ថ្ងៃនេះ​ថា​ កម្ពុជា​គ្មាន​គម្រោង​ប្តឹង​ករណីនេះ​ទេ​ ដោយ​ចាត់ទុកថា​ ការ​ចោទ​ប្រកាន់​នេះ​ ជា​រឿង​ដដែល​ៗ ទោះ​បីនាយក​រដ្ឋមន្ត្រី​ធ្លាប់​បំភ្លឺ​ទៅ​អនុ​ប្រ​ធា​ធិបតី​អាមេរិក​រួចហើយ​ក៏ដោយ​។

លោក​ ថា​៖ «ចំពោះ​ខ្ញុំ​ ខ្ញុំ​គិតថា​ រឿង​ហ្នឹង​វា​មិនមែន​ថ្មី​ទេ​ វា​បន្តបន្ទាប់​តាំងពី​យូរ​យារ​ណាស់​មក​ហើយ​ គេ​ [អាមេរិក​] មានបំណង​ជាក់លាក់​របស់​គេ​ណាស់​ ដើម្បី​រាំង​ស្កាត់​ ដើម្បី​ធ្វើអ្វី​តាមបំណង​ដែលគេ​ចង់បាន​»។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ លោក​ កេត​ សោ​ផាន់​ មានប្រសាសន៍​ថា​ គិត​ត្រឹម​ថ្ងៃអង្គារ​នេះ​កម្ពុជា​មិនទាន់​​សម្រេច​ប្តឹង​កាសែត​អាមេរិក​នេះ​នៅឡើយ​ដែរ​ ដោយ​រង់ចាំ​ក្រុមការងារ​ទាក់ទង​ទៅ​ចាងហ្វាង​ការផ្សាយ​ជាមុន​សិន​ ក្រែង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នោះ​ ជា​ព័ត៌មាន​ក្លែងក្លាយ​។

លោក​ថា​៖ «សម័យនេះ​ជាស​ម័យ​ព័ត៌មាន​វិទ្យា​ អ៊ីចឹង​ប្រភព​ព័ត៌មាន​មួយចំនួន​គេ​ហៅថា​ Fake​ News​ [ព័ត៌មាន​ក្លែងក្លាយ​] អ៊ីចឹង​យើង​នឹង​បន្ត​ស្រាយ​បំភ្លឺ​ៗអ្វី​ដែល​ជា​ការពិត​ ដើម្បី​កុំ​ឱ្យ​មាន​ព័ត៌មាន​បែប​ Fake​ News​ ហ្នឹង​ទៀត​»។

កាលពី​ខែមករា​ដើមឆ្នាំ​នេះ​ ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​អាមេរិក​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ក្នុង​របាយ​កា​រណ៍សន្តិសុខ​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ អាច​នឹង​មាន​វត្តមានយោធា​របស់​ចិន​នៅ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ​ពេលនោះ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ផ្ញើ​លិខិត​បំភ្លឺ​ច្រានចោល​។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោកស្រី​ Emily​ Zeeberg​ ឱ្យ​ដឹង​តាម​អ៊ី​ម៉ែ​លថា​ អាមេរិក​កំពុង​តាមដាន​ពី​ការពិត​នៃ​រឿង​នេះ​។

អ្នកនាំពាក្យ​រូប​នេះ​អន្ត​ថា​ វត្តមានយោធា​បរទេស​នៅ​លើទឹក​ដី​កម្ពុជា​ ជា​ការ​ព្រួយបារម្ភ​របស់​អាមេរិក​ ព្រោះ​វា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​។

លោកស្រី​ Emily​ Zeeberg​ សរសេរ​ថា​៖ ​ «យើង​មានការ​ព្រួយបារម្ភ​ថា​ ជំហាន​ណាមួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​មាន​វត្តមានយោធា​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ ​នឹង​គំរាមកំហែង​ដល់​ការ​ផ្សារភ្ជាប់​គ្នា​ និង​ភាព​ស្និទ្ធស្នាល​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ក្នុង​ការសម្រប​សម្រួលការ​អភិវឌ្ឍ​ក្នុង​តំបន់​ ​និង​រំខាន​ដល់​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​អាស៊ី​អាគ្នេយ៍​»។

អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោក  Geng Shuang បាន​លើកឡើងក្នុងសន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញថា ក្នុងនាម​ជា​អ្នកជិតខាង​ និង​ជាមិត្តភ័ក្រ​នឹងគ្នា​ជាយូរ​មកហើយ​ ចិន និងកម្ពុជា ធ្វើ​​កិច្ចសហប្រតិបត្តិការ​នានាជាមួយគ្នាជាច្រើន​។ លោក Geng Shuang បន្ថែម​ថាកិច្ចសហប្រតិបត្តិការទាំងនោះគឺបើកទូលាយ មាន​តម្លាភាព​ ស្មើភាព និងផ្តល់​ផលប្រយោជន៍ឲ្យគ្នាទៅវិញ​ទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បាន​ស្នើឲ្យ​គ្រប់​ភាគី​កុំ​ធ្វើការបកស្រាយ​បំផ្លើស​ជុំវិញ​ទំនាក់​ទំនងប្រទេសខ្លួន​ជាមួយកម្ពុជា​ផងដែរ​។

អ្នកជំនាញ​គោលនយោបាយ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត​ និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋ​អាម៉េរិក​ លោក​ អៀ​ សុផល​ មានប្រសាសន៍​ថា​ អត្ថបទ​ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​អាមេរិក​នោះ​ ហាក់​មិនទាន់​បង្ហាញ​នូវ​ភស្តុតាង​ច្បាស់លាស់​នៅឡើយ​ទេ​ ។

ប៉ុន្តែ ​អ្នកជំនាញ​គោលនយោបាយ​អន្តរជាតិ​រូប​នេះ​ពន្យល់​ថា​ ប្រសិនជា​ប្រទេស​មួយ​បណ្តោយ​ឱ្យ​មហាអំណាច​មួយ​មាន​មូលដ្ឋានទ័ព​លើ​ប្រទេស​ខ្លួន​ លោក​ថា ​ប្រទេស​នោះ​ អាច​ក្លាយជា​ប្រទេស​អាណានិគម​របស់​គេ​ ឬក៏​ក្លាយជា​ដែនដី​សម្រាប់​ពង្រឹង​អំណាច​ឱ្យ​មហាអំណាច​នោះ​ផង​ដែរ​។

ទោះជាយ៉ាងណា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​ចាត់ទុក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក​នេះ​ថា​ ជា​ព័ត៌មាន​ប្រឌិត​ មាន​ចេតនា​អាក្រក់​បំផុត​ ប្រឆាំង​នឹង​កម្ពុជា​។ ​

មេ​ដឹក​នាំកម្ពុជា​បញ្ជាក់​ជាថ្មី​ទៀត​ថា៖ ​«គ្មាន​រឿង​បែបនេះ​កើតឡើង​នោះ​ទេ​ ព្រោះ​មូលដ្ឋាន​យោធា​បរទេស​វា​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ