អាជីវករ អះអាងថាពលរដ្ឋ​មិនសូវ​ទិញសាច់ជ្រូកដូចមុនឡើយ​ ក្រោយ​ផ្ទុះជំងឺ​ប៉េស្តជ្រូកអាហ្រ្វិក​

អាជីវករលក់សាច់ជ្រូកនៅផ្សារមួយកន្លែង ក្នុងក្រុងភ្នំពេញ។ រូបភាព៖ ណាត សុភាព

អាជីវករលក់សាច់ជ្រូកនៅក្នុងរាជធានីភ្នំពេញមួយចំនួន ត្អូញត្អែរថា លក់​មិនសូវដាច់នោះទេ ក្រោយពីមានការផ្ទុះ​ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែល​ឆ្លងពីប្រទេសវៀតណាមចូលដល់ទឹកដីកម្ពុជា។

អាជីវករនៅផ្សារទួលគោក អ្នកស្រី ភឿន ស្រអែម បានរៀប​រាប់ប្រាប់អ្នកសារព័ត៌មានថា គាត់លក់សាច់ជ្រូកមិនសូវដាច់នោះទេ ដោយ​សារ​តែប្រជាពលរដ្ឋមួយចំនួនឃើញព័ត៌មានផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម មានរូបភាពជ្រូកកើត​ជំងឺ​ប៉េស្តជ្រូក បណ្តាលឲ្យងាប់។

អ្នកស្រី រៀបរាប់ថា៖ «(ទិញ)តែមួយដុំមក​ ទិញអស់តែប្រាំមួយម៉ឺន​ សាច់ជ្រូកលក់មិនអស់ផង […} កាលមុនលក់បាន​ក្រែល លក់បានប្រហែល១០គីឡូដែរ ឆ្អឹងជំនី ឆ្អឹងកាប់»។

អាជីករមួយចំនួនទៀត​ បានរៀបរាប់ប្រហាក់​ប្រហែលគ្នាថា ក្រោយពីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះមួយកម្រិត ដោយសារលក់មិនសូវដាច់។

អាជីវករម្នាក់ទៀត នៅម្តុំផ្សារដើមគរ អ្នកស្រី ឈិត គន្ធា បានរៀប​រាប់ថា ចាប់ពីកម្ពុជាមានជំងឺប៉េស្តជ្រូកនេះ ធ្វើឲ្យគាត់ពិបាកលក់ដូរ ហើយនាំឲ្យអតិថិជនងាកទៅទិញត្រី និងសាច់គោទៅវិញ ខណៈសាច់ជ្រូកដែលពួកគេធ្លាប់ទិញ ត្រូវបានមើលរំលង។

អាជីវកររូបនោះត្អូញត្អែរថា ក្រោយពីមានជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលមកដល់កម្ពុជាបែបនេះ ធ្វើឲ្យសេដ្ឋកិច្ចគ្រួសារពួកគេធ្លាក់ចុះមួយកម្រិត។

អ្នកស្រី ត្អូញត្អែរដូច​នេះថា៖ «ប៉ះពាល់ច្រើន អត់មានលុយកន្លែងបង់ឲ្យគេ អត់មានទាំងលុយឲ្យកូនញាំបាយ អត់ទាំងដើមឲ្យគេទៀត បើសិនជាយើងយកមកលក់អត់ដាច់ យើងត្រូវទុកចោល ក្លាស្សេទុក»។

ប្រជាពលរដ្ឋរស់នៅម្តុំផ្សារទូលគោក អ្នកនាង សេង ភក្ត្រា បានដើរចេញពីកន្លែងទិញផ្លែត្រឡាចនិងប្រហិតត្រី​ឆ្លាត យកទៅស្ល បានរៀបរាប់ថា ក្រោយពីឃើញព័ត៌មានផ្សព្វផ្សាយថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងចូលដល់ទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ គាត់សម្រេច​ចិត្តឈប់ញាំសាច់ជ្រូកមួយរយៈ ដោយសារខ្លាចប៉ះពាល់ដល់សុខភាព។

អ្នកនាងនិយាយដូចនេះថា៖ «ខ្ញុំទិញបន្លែ ប៉ុន្តែ ខ្ញុំស្លជាមួយប្រហិត ស្ងោរជាមួយប្រហិតត្រី សាច់ផ្សេងៗខុសពីសាច់ជ្រូក។ យើងអត់អាចត្រួតពិនិត្យដោយភ្នែកយើងថា ជ្រូកហ្នឹងអត់ភ្នែក យើងថា ជ្រូកហ្នឹងអត់មានជំងឺ ឬអត់ យើងអត់ទុកចិត្ត​»។

អ្វីដែលគួរឲ្យកត់សំគាល់ អ្នកនាង សេង ភក្ត្រា បានបញ្ជាក់ថា ក្រោយពីមានជំងឺប៉េស្តជ្រូកនេះ ធ្វើឲ្យត្រីឡើងថ្លៃចន្លោះពី៣០០០រៀល ទៅ៥០០០រៀលថែម​ទៀត​ក្នុងមួយគីឡូក្រាម ខណៈសាច់គោនៅរក្សាបាននៅតម្លៃដដែល។

បច្ចុប្បន្ននេះ ក្រសួងកសិកម្មបានប្រកាសថា ខេត្តចំនួន ៥ហើយ បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្តាល។

វី.អូ.ឌី មិនអាចសុំការអត្ថាធិប្បាយ​ពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានទេ។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា ​ដើម្បីទប់ស្កាត់កុំឲ្យមានការចរាចរសាច់ជ្រូកដែលមានជំងឺប៉េស្តជ្រូកលើទីផ្សារ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋត្រូវពិនិត្យឲ្យបានហ្មត់ចត់មុននឹងទិញយកទៅបរិភោគ។

លោកមានប្រសាសន៍ថា៖ «ទាំងសមាគម ទាំងស្ថាប័នពេទ្យសត្វ ត្រូវអនុវត្តដូចគ្នា។ ទីមួយ អ្នកទិញហូប ចូលទៅផ្សារ​ គួរតែយើងជ្រើសរើសជ្រូកដែលមានក្រុមហ៊ុនត្រឹមត្រូវ គេធ្វើជីវប្រវតិ្តសុវត្ថិភាពត្រឹមត្រូវ ទីពីរ យើងពិនិត្យត្រា ទីបី យើងគួរតែពិនិត្យមើលស្បែកវាដែរ ប្រសិនបើស្បែកវារលោង ល្អទេ វាមានអូសត្រាទេ មិនបាច់បារម្ភទេ យើងទិញហូបចុះ»។

ក្រសួងកសិកម្ម តែងណែនាំទៅអាជ្ញាធរខេត្តទាំងនោះ ​ឲ្យ​​ចាត់​វិធានការទប់ស្កាត់ជាបន្ទាន់​ និងហាមមិនឱ្យចរាចរជ្រូក និងផលិតផល​មាន​ដើម​កំណើត​​ពី​សត្វជ្រូកពីកន្លែងផ្ទុះជំងឺទៅ​កាន់​តំបន់​ផ្សេង​ទៀត ជាដើម។

កាលពីថ្ងៃទី១១ ខែកក្កដា ​ក្រសួងអះអាងថា មាន​ជ្រូកដែល​ឆ្លង​ជំងឺ​ប៉េស្ត​នេះ​​ងាប់ និង​ត្រូវ​បាន​សម្លាប់​មាន​ជាង ​២ពាន់​ក្បាល​ហើយ​ ដែល​ក្នុង​នោះ​ជិត​ ៨រយ​ក្បាល​ ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​បំផ្លាញ​ចោល​ ដែល​តម្លៃ​​ខាតបង់​ខ្ទង់ ៥០ម៉ឺនដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ