ក្រសួងការពារជាតិចិនថាមិនមានមូលដ្ឋានទ័ពនៅកម្ពុជាទេ

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian) ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយគោលនយោបាយការពារជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ Andy Wong/Associated Press

ក្រសួងការពារជាតិចិនចេញមុខច្រានចោលជាលើកដំបូងចំពោះការចោទប្រកាន់ថា ប្រទេសនេះរៀបចំបង្កើតមូលដ្ឋានទ័ពនៅ​កម្ពុជា ដោយបញ្ជាក់ថា ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរកន្លងមកគ្រាន់តែជាដៃគូរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោកតែប៉ុណ្ណោះ មិនមែនជាសម្ព័ន្ធមិត្តទេ។​

​អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian) ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយគោលនយោបាយការពារជាតិនៅថ្ងៃនេះ ដោយបញ្ជាក់ថា ទំនាក់ទំនងជាមួយកម្ពុជាគឺជាដៃគូការពារសន្តិសុខ ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក មិនមែនជាសម្ព័ន្ធមិត្តឈានដល់ការបង្កើតមូលដ្ឋានទ័ពដូចការលើកឡើងនោះទេ។​

លោក Wu Qian៖ «កងទ័ពទាំងពីរយើងនៅតែបន្តទំនាក់ទំនងគ្នា បន្តជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីសន្តិសុខ ស្ថិរភាពប្រទេស តំបន់ និងពិភពលោក។​ ចំពោះព័ត៌មានដែលថា ចិនរៀបចំបណ្តុះបណ្តាលរៀបចំមូលដ្ឋានទ័ពនៅកម្ពុជានោះ គឺជាការរាយការណ៍ដោយបំពានខុសការពិត។»

សារព័ត៌មានអាមេរិក ​The​ Wall​ Street​ Journal​ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី២១ ខែកក្កដា ​ថា​ កម្ពុជា​-ចិន​ បាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយគ្នា​ អំឡុង​ត្រីមាស​ទី២ នៃ​ឆ្នាំ២០១៩​នេះ​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។

ទោះយ៉ាងណា ក្រោយការចុះផ្សាយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាផ្សេងទៀតបានចេញមុខច្រានចោល និងថ្កោលទោសចំពោះការផ្សព្វផ្សាយនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ