ជនជាតិដើមភាគតិចចោទមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌គំរាមយកដីពួកគាត់​

សហគមន៍​ជនជាតិដើម​ភាគតិចពូនង នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជួបជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ​និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៦ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។ (រូបភាព៖ ហ្វេសប៊ុក H.E. Sroy Khet)

តំណាងសហគមន៍ជនជាតិដើមភាគតិច ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចោទអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ថា បានគំរាមកំហែងចាប់ពួកគេដាក់ពន្ធនាគារ បើមិនប្រគល់ដីចំនួន៤៧២ ហិកតា ដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

លោក ញ៉ណ ស្រេវ អះអាងជាតំណាងសហគមន៍ឱ្យជនជាតិដើមភាគតិចពូនង ចំនួន ៥៥ គ្រួសារ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា ពួកគាត់រស់នៅ និងធ្វើស្រែចំការវិលជុំនៅលើដីនោះតាំងពីឆ្នាំ ១៩៨៥ មកម៉្លេះ ប៉ុន្តែ នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០១៩ លោក សេង សុវណ្ណារ៉ា ដែលមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ បានចុះទៅប្រាប់ពួកគាត់ថា ដីដែលសហគមន៍អាស្រ័យរាល់ថ្ងៃនោះ ជារបស់លោកទៅវិញ។

លោកបន្តថា ក្រៅពីប្រាប់បែបនេះ លោក សេង សុវណ្ណារ៉ា ក៏បានគំរាមចាប់ពួកគាត់ដាក់ពន្ធនាគារផងដែរ បើសិនជាពួកគាត់ទាំងអស់គ្នាហ៊ានតវ៉ាចំពោះរឿងនេះ។

លោកថា៖ «សេង សុវណ្ណារ៉ា ក្រសួងយុត្តិធម៌នៅភ្នំពេញ គាត់ហ្នឹងឯកឧត្តមទៀត។ អ៊ីចឹងហើយបានពួកខ្ញុំច្របូកច្របល់ហ្នឹង ស្មុគស្មាញ។ ឈ្លោះគ្នា ជជែកគ្នា ហើយគាត់ថា ជនជាតិដើមភាគិតិចហ្នឹង​មិនបាច់ប្រហើន មិនបាច់អីទេ បើអាណាពូកែ ចាប់ដាក់គុក ដាក់ច្រវ៉ាក់ គំរាមកំហែងអ៊ីចឹងហ្មង។ បាទ! មិនឱ្យតវ៉ា តស៊ូអីទេ គំរាមទាំងអស់គ្នាហ្នឹង គំរាមអ៊ីចឹងតែម្ដង»។

មេឃុំសែនមនោរម្យ លោកស្រី ខ្វាន ត្រែល មានប្រសាសន៍ថា គាត់មិនបានដឹងថា មានការគំរាមកំហែងប្រជាពលរដ្ឋនោះទេ ។

លោកថា​៖ «ខ្ញុំអត់ដឹងផង ប្រជាពលរដ្ឋ គេអត់មានរាយការណ៍មកអាជ្ញាធរឃុំផង។ គាត់រាយការណ៍ទៅខាងព័ត៌មានទាំងអស់ហ្នឹង។ ដីហ្នឹង សរុបទំហំវាច្រើនហិកតា ប៉ុន្តែ ដីហ្នឹង គេសុំកាន់កាប់ចំនួន៤៧២ ហិកតាហ្នឹង»។ ​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកករណីនេះថា ជារឿងបុគ្គលមិនពាក់ព័ន្ធនឹងក្រសួងទេ។

លោកថា៖ «អានេះជាវិវាទបុគ្គលរវាងប្រជាពលរដ្ឋសហគមន៍ទៅនឹងបុគ្គលឯកជនមួយ ទោះបីជាគាត់ធ្វើការនៅណាក៏ដោយ។ អ៊ីចឹងជាយន្តការដោះស្រាយតាមផ្លូវច្បាប់ ពីព្រោះយើងលឺមួយភាគី ភាគីម្ខាងទៀត យើងអត់ដឹងរឿង ថារឿងហ្នឹងវាយ៉ាងម៉េចហ្នឹង។ បើភាគីណាមួយគិតថា ខ្លួនត្រូវបានគេរំលោភបំពាន ធ្វើការប្ដឹងផ្ដល់ទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់»។

អនុរដ្ឋលេខាធិការនៃក្រសួងយុតិ្តធម៌ លោក សេង សុវណ្ណារ៉ា មិនបកស្រាយលើការចោទប្រកាន់នេះទេ ដោយថា លោកជាប់រវល់ដើរមើលស្រូវប្រជាពលរដ្ឋងាប់។

លោក៖ «សុំទោស ខ្ញុំជាប់រវល់មើលស្រូវប្រជាពលរដ្ឋងាប់»។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក អៀ ម៉េងលី មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងនេះ ពីប្រជាពលរដ្ឋហើយ នឹងចុះស៊ើបអង្កេតករណីនេះនាពេលខាងមុខ។

លោកជំរុញឱ្យក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតចំពោះរឿងនេះ ហើយបើរកឃើញថា មន្ត្រីរូបនោះបានធ្វើខុស ក្រសួងត្រូវចាត់វិធានការតាមផ្លូវច្បាប់។

លោកថា៖ «វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ​អាចទុកថា ជាការប្រើអំណាចក្នុងរូបភាពមួយគំរាមកំហែងប្រជាពលរដ្ឋ។ នេះជាការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋជនជាតិភាគតិចហើយ និងរំលោភច្បាប់ទៀតផង។ បើសិនជា ករណីនេះជាពិតដូចជាប្រជាពលរដ្ឋលើកឡើង អាជ្ញាធរមានសមត្ថកិច្ចក៏ដូចក្រសួងយុត្តិធម៌ ត្រូវបើកការស៊ើបអង្កេតករណីហ្នឹង ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះដែលគាត់ជាជនជាតិដើមភាគតិច…»។

លោក អៀ ម៉េងលី បន្តថា ប្រសិនបើក្រសួងមិនធ្វើការស៊ើបអង្កេតទេ នឹងធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ជំនឿលើក្រសួង។

បើតាមតំណាងសហគមន៏ជនជាតិដើមភាគតិចពូនង លោក ញ៉ណ ស្រេវ អះអាងថា  ដីសហគមន៍នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ គ្រោងនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីសុំចុះបញ្ជី ទំហំជិត ៨០០ ហិកតានៅពេលខាងមុខនេះ។ លោកបន្តថា ដីទំហំជិត ៨០០ ហិកតានេះ មានជនជាតិដើមភាគតិចចំនួន ៥៥ គ្រួសារ រស់នៅ និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ននេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ