សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនជាង១០០នាក់ និងគ្រឿងញៀនមួយចំនួនក្នុងក្លឹបកម្សាន្តខេត្តព្រះសីហនុ

លោក គួច​ ចំរើន​ អភិបាល​ខេត្តព្រះសីហនុ​ ដឹកនាំប្រតិបត្តិការបង្ក្រាបទីតាំងគ្រឿងញៀនទ្រង់ទ្រាយធំ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំងចុះបង្ក្រាបគ្រឿងញៀនមួយកន្លែងនៅក្លឹប អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ និងរឹបអូសគ្រឿងញៀន រួមជាមួយសម្ភារប្រើប្រាស់មួយចំនួន នៅក្នុងក្លឹបកម្សាន្តរបស់ចិនមួយកន្លែង ក្នុងខេត្តព្រះសីហនុ នៅពេលព្រឹកទៀបភ្លឺថ្ងៃនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន មានប្រសាសន៍ថា ព័ត៌មានបឋមក្រុមសមត្ថកិច្ចសហការជាមួយព្រះរាជអាជ្ញា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្តរបស់ចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង៤ទៀបភ្លឺ។ អំឡុងពេលប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង១០០នាក់ និងកញ្ចប់ដាក់ម៉្សៅគ្រឿងញៀនប្រភេទ ខេតាមីន (K TA MIN) ដែលប្រើប្រាស់ហើយ រួមទាំង​សម្ភារប្រើប្រាស់មួយចំនួនទៀត។

លោក មានប្រសាសន៍ថា៖ «យើងឃាត់បានមនុស្សជាង១០០នាក់។ ប៉ុន្តែ យើងធ្វើការងារមិនទាន់ចប់ផង ព្រោះយើងធ្វើជិតភ្លឺហើយ គ្រឿងញៀនពាក់ព័ន្ធ និងហ្វេតាមីនមួយចំនួននៅសល់ដែលគេប្រើប្រាស់រួចហើយ»។

លោក ជួន ណារិន បន្ត​ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញករណីនេះ ព្រោះដំណាក់កាលស្រាវជ្រាវបឋមនេះ មានភាពស្មុគស្មាញ។ ប៉ុន្តែ លោកថា នឹងជូនដំណឹងបន្ថែមទៀតនៅពេលក្រោយ បន្ទាប់ពីស៊ើបអង្កេតចប់សព្វគ្រប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ