តុលាការចោទសួរអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ករណីយកឯកសារ​ប្រគល់ឲ្យមន្ត្រីស្ថានទូតអាមេរិក

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន ក្រោយចេញពីសវនាការ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ណាត សុភាព

មន្ត្រីតុលាការ បាន​ចោទសួរអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ទាក់ទង​នឹងការយកឯកសារប្រគល់ឲ្យមន្ត្រីស្ថានទូតអាមេរិក​ប្រចាំកម្ពុជា អំឡុងពេលអ្នកគ្រប់គ្រងស្ថានីយ៍ គ្រោងបិទការផ្សាយវិទ្យុនោះនៅក្នុង​ទឹកដីកម្ពុជា។

ក្នុងសវនាការពេញមួយព្រឹក នាថ្ងៃនេះ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ លោក អ៊ឹម វណ្ណៈ និងតំណាងអយ្យការ​សាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង បានចោទសួរទៅអតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានទៅឲ្យរដ្ឋបរទេស និងប្រគល់ ​Hard Disk មួយឲ្យមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន បានលើកឡើងក្នុងអង្គសវនាការថា លោកពិតជាបានយក Hard Disk មួយប្រគល់ឲ្យមន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជាអំឡុងពេលអ្នកគ្រប់គ្រងវិទ្យុអាស៊ី​សេរីគ្រោងបិទការផ្សាយផ្ទាល់​ក្នុងប្រទេសកម្ពុជាប្រាដកមែន។ ប៉ុន្តែ លោកថា អះអាងថា លោកមិនដឹងថា ក្នុង​នោះមានឯកសារសំខាន់ៗអ្វីនៅក្នុងនោះទេ។ លោកថា លោក បាន​យកពីក្នុងការិយាល័យវិទ្យុអាស៊ីសេរីក្នុងប្រទេសកម្ពុជា តាមការស្នើសុំរបស់សហការីធ្វើការងារជាមួយគ្នា។

មន្រ្តី​ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាន​បដិសេធធ្វើការអត្ថាធិប្បាយ​ជុំវិញ​បញ្ហានេះ។

ចំណែក លោក គង់ ពិសី និងលោក សំ ចំរើន មេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះ មានប្រសាសន៍ថា ការសួរដេញដោលកូនក្តីរបស់លោកពេញមួយព្រឹកនេះ សបញ្ជាក់ថា មិនមានភស្តុតាងដាក់បន្ទុកលើកូនក្តីរបស់លោកនោះទេ។

នៅក្នុងសវនាការនោះដែរ ចៅក្រមជុំនុំជំរះ បានឲ្យមន្ត្រីក្រឡាបញ្ជីអានរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ កំណត់សំគាល់សាក្សី និងបង្ហាញវត្ថុតាងចាប់យកជាង៣០មុខ រួមមាន កុំព្យូទ័រ ទូរសព្ទ រូបភាព វីដេអូ Hard Disk  និងសម្ភារបច្ចេកទេសមួយចំនួនទៀត។

ក្រោយពីអាន និងបង្ហាញវត្ថុតាងចប់ ចៅក្រមជំរះប្រកាសសុំផ្អាកសវនាការសិន ដោយទុកឲ្យព្រះរាជអាជ្ញា និងមេធាវី ធ្វើសេចក្តីសន្និដ្ឋានបញ្ចប់រឿងនេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹកវិញ។ ចំណែក សំណុំរឿង​ទី​ពីរគឺ​បទ ​«ផលិត​វីដេអូ​អាសអាភាស​» ចៅក្រមជំរះបញ្ជាក់ថា នឹងជំរះបន្តនៅថ្ងៃដដែល ក្រោយពីព្រះរាជអាជ្ញា និងមេធាវីធ្វើសេចក្តីសន្និដ្ឋានចប់។

ក្រោយពីបិទបញ្ចប់ការសួរដេញដោល អតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីរនាក់បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅរបង​សាលា​ដំបូងរាជធានីភ្នំពេញថា លោក យាង សុធារិន្ទ បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃទី០៩ ខែសីហា តុលាការនឹងសម្រេចឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគេ។

លោក សង្ឃឹមថា៖ «ខ្ញុំនៅតែមានសង្ឃឹមថា ​ចៅក្រមនឹងសម្រេច​ឲ្យពួកខ្ញុំទាំងពីររួចផុតពីការចោទប្រកាន់ហ្នឹងទៅ»។

លោក អ៊ួន ឈិន ឯណោះវិញ ស្នើទៅតុលាការទម្លាក់បទចោទលើពួកគាត់ឲ្យមានសេរីភាពវិញ ដើម្បីរកប្រាក់ព្យាបាលសុខភាព និងទ្រទ្រង់ជីវភាពគ្រួសារ។

លោក ស្នើថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងបញ្ចប់ការចោទប្រកាន់ ហើយឲ្យយើងមានសេរីភាពវិញ ដើម្បីឲ្យយើងបានប្រកបរបររកស៊ីចិញ្ចឹមជីវិត ហើយធ្វើដំណើរ ដើរទៅណាមកណា។ ដូចយើងរាល់ថ្ងៃ យើងទៅណាក៏មិនបាន យើងសុខភាពទ្រុឌទ្រោម ខ្ញុំចង់ទៅមើលជំងឺនៅប្រទេសជិតខាងដែរ។ តុលាការបញ្ចប់បទចោទ ងាយស្រួលយើងរកការងារធ្វើវិញផង»។

ក្រោយពីស្តាប់ការសួរដេញដោលក្នុងអង្គសវនាការពេញមួយព្រឹកនេះ ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សំគាល់ថា ភស្តុតាងដែលមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីតុលាការយកមកបង្ហាញ មិនមានទំងន់ដាក់បន្ទុកដល់អតីតអ្នកសារព័ត៌មានទាំងនោះទេ។

លោក មានប្រសាសន៍ថា៖ «ការដេញដោល ភស្តុតាងដែលលើកយកមកចោទ គឺចោទពីរឿងផ្តល់ព័ត៌មានជាអាទិ៍ទៅរដ្ឋបរទេសដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ? ក្នុងការលើកឡើងក្នុងអង្គសវនាការ យើងអត់ឃើញមានព័ត៌មានណាដែលបញ្ជាក់ថា ប៉ះពាល់ដល់សន្តិសុខជាតិនោះទេ »។

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ២០១៨​ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧។ បន្ទាប់​ពីការចាប់ខ្លួន ពួកគេត្រូវបាន​តុលាការ​ចោទ​ប្រកាន់​​ចំនួន​ពីរ​បទល្មើស ដោយ​ទីមួយ​បទ​«​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» និង​ទី​ពីរ​បទ​«​ផលិត​វីដេអូ​អាសអាភាស​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ