ក្រុម​សិទ្ធិ​មនុស្ស​កម្ពុជា​ថា ករណី​អតីត​អ្នក​កាសែត​ RFA មិន​មែន​ជា​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន

អតីត​អ្នកកាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ីសេរី ​(RFA)​ ទើបបញ្ចាប់សវនាការនៅសាលា​ឧទ្ធរណ៍​ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ដក​ការ​ឃ្លំាមើល​របស់​តុលាការ​ ​និង​ប្រគល់​សម្ភារៈ​ដែល​បាន​រឹប​អូស ​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ចុងឆ្នាំ​២០១៧។ រូបភាព៖ ហួត វុទ្ធី

អ្នក​នាំ​ពាក្យ​​ក្រុម​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា បាន​​ចាត់​ទុក​បណ្ដឹង​ប្រឆាំង​នឹង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​​សេរី ២​រូប​ថា មិន​មែន​ជា​ការ​បង្ក្រាប​ទៅ​លើ​សេរីភាព​សារព័ត៌មាន និង​ការ​សម្ដែង​មតិ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រុមសិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា បាន​អះ​អាង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។

បើទោះ​ជា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាស្ន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន និង​លោក យាង សុជាមេត្តា នៅ​តែ​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ ក្រោម​ការ​ចោទ​ «ចារកម្ម»​បម្រើ​ឲ្យ​រដ្ឋ​បរទេស។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​នូវ​សុវត្ថិភាព​សម្រាប់​អ្នកសារព័ត៌មាន ខណៈ​ដែល​អ្នកស្រី​ចាត់​ទុក​បណ្ដឹង​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ជា ការ​វាយ​ប្រហារ​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ។

សេចក្ដី​ថ្លែងការណ៍​នោះ​ រៀបរាប់​ថា​៖ «នៅ​ក្នុង​ដំណើរការ​នីតិវិធី​ព្រហ្ម​ទណ្ឌ​ប្រឆាំង​នឹង​សំឡេង​ឯករាជ្យ​ដទៃ​ទៀត ដូច​ជា​អ្នក​យក​ព័ត៌មាន លោក អ៊ួន ឈិន និង​លោក យាង សុទ្ធារិន ក្រុម​អ្នក​ជំនាញ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាប់ និង​ប្រកប​ដោយ​អត្ថន័យ ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន»

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឆ្លើយ​តប​វិញ​ថា បណ្ដឹង​ទៅ​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា មិន​មែន​ជា​ការ​បង្ក្រាប​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​បាន​រៀបរាប់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «វិធានការ​ផ្លូវ​ច្បាប់​របស់​រាជ​រដ្ឋាភិបាល​នា​ពេល​កន្លង​មក មិន​មាន​គោលដៅ​ជាក់​លាក់​លើ​ក្រុម​ ឬ​ជន​ណា​មួយ​ដូច​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​នោះ​ទេ»

អ្នក​នាំ​ពាក្យ​ក្រុម​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​ទៅ​អ្នកស្រី រ៉ូណា ស្មីត និង​ភាគី​ពាក់​ព័ន្ធ​ដទៃ​ទៀត ឲ្យ​ឈរ​លើ​ព័ត៌មាន​ពិត​ប្រាកដ និង​គ្រប់​ជ្រុង​ជ្រោយ។

លោក អ៊ួន ឈិន និង​លោក យាង សុទ្ធារិន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ក្រោយ​ពី​វិទ្យុ​អាស៊ី​សេរី​បាន​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ