តុលាការសាកសួរមន្ត្រី៣នាក់ និងឃុំខ្លួនចិន៣នាក់ពាក់ព័ន្ធបទល្មើសព្រៃឈើ​នៅ​មណ្ឌលគិរី

ជនជាតិចិន៣នាក់ និងមន្ត្រី៣នាក់ផ្សេងទៀត ដែលពាក់ព័ន្ធបទល្មើសព្រៃឈើ​នៅ​មណ្ឌលគិរី។ រូបភាព៖ ហ្វេសប៊ុក GRK News

តុលាការ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន ៣​នាក់ និង​បន្ត​សាកសួរ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ៣​រូប​ទៀត បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

ការអនុវត្តច្បាប់នេះ ធ្វើឡើងតាមបណ្ដឹងដោយផ្អែកលើភស្តុតាងដែលរកឃើញដោយគណៈ​កម្មាធិការ​ជាតិ​​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។

ការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ​ថ្មី សំដៅបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសដែលដាក់ចេញដោយ​គណៈកម្មាធិការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាដើមខែកក្កដាកន្លងទៅនេះ។

ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉េត ប្រុស បាន​ថ្លែង​ប្រាប់​ វី.អូ.ឌី ​តាម​ទូរសព្ទ​នៅ​ថ្ងៃ​នេះ​ថា នីតិវិធីទាំងនេះផ្អែក​តាម​​បណ្ដឹងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ។

លោកបន្តថា អយ្យ​ការ​​​អមសាលាដំបូងខេត្ត​បានសម្រេច​ឃុំខ្លួនជនជាតិ​ចិន ៣​នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ក្នុងបទចោទផ្សំគំនិត​ និងកំហែងយក​ដោយ​ប្រើប្រាស់អាវុធខុស​ច្បាប់។ លោកបន្តថា​ តុលាការ​កំពុងសួរចម្លើយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ២​រូប និង​មន្ត្រី​បរិស្ថាន ១​រូប។

លោក ម៉េត​ ប្រុស ប្រាប់​ថា​៖ «ចិន ៣នាក់នោះ ដាក់ឃុំហើយ ហើយកំពុងសួរមន្ត្រីរដ្ឋបាលព្រៃឈើ២នាក់ និងបរិស្ថានម្នាក់ទៀត។ ករណីនេះ ចាប់ច្រើនហើយ តែថ្មីៗនេះមានតែ ៦នាក់ហ្នឹងទេ»

មន្ត្រីរាជការនៅខេត្តមណ្ឌលគិរី ដែលត្រូវចាប់ខ្លួន និងកំពុងសួរចម្លើយ ពាក់ព័ន្ធបទល្មើសព្រៃឈើ រួមមាន នាយកដែនជម្រកសត្វព្រៃភ្នំព្រេចលំផាត់ លោក ហាន សុខន។ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោក សារ៉ូ រតនា និង​នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ស្រុកលំផាត់ លោក ហុង វណ្ណេ។

ជនជាតិចិនទាំង ៣នាក់នោះរួមមាន ទី១ លោក ចូវ លិហុង, ទី២៖ឈ្មោះ កើ អីកឡុង និងទី៣៖ឈ្មោះ ស៊ូ ជីងហ័រ ដែល​ជាប់ពាក់ព័ន្ធទៅនឹងការគំរាមកំហែង​ជនជាតិចិនម្នាក់ផ្សេងទៀតផងដែរ ដើម្បីយកទីតាំងប្រព្រឹត្ត​បទល្មើសព្រៃឈើ​នៅចំណុចក្រុមហ៊ុនថាច់វូត។

អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថា គណៈកម្មការជាតិ នឹងនៅតែបន្តចាត់វិធានការចំពោះបទល្មើសនានា ដែលជាសកម្មភាពបំផ្លាញធនធានធម្មជាតិតាមច្បាប់កំណត់។

លោក អេង ហ៊ី ៖ «យើងនឹងចាត់វិធានការគ្រប់រូបភាព ដើម្បីប្រឆាំងបទល្មើសទាំងអស់»

កាលពីថ្ងៃទី១៨ ខែកក្កដា ក្រុម​បង្ក្រាប​ព្រៃឈើ​មួយ​នេះ បាន​ប្រកាសថា ក្រុមហ៊ុនចំនួន ៥ ដែលសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនោះ មានដូចជា ក្រុមហ៊ុន ​ម៉ាស់ស្ទ័ខេសាន់  ក្រុមហ៊ុន យ៉ាងចាវ  ក្រុមហ៊ុន ថាច់ហ៊្វូត  ក្រុមហ៊ុន វ៉ិចធ័ររី និងក្រុមហ៊ុន ណេណាង។

កាលពីថ្ងៃទី៩ ខែកក្កដា ក្រុម​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​របស់​រដ្ឋាភិបាលដែល​​​ដឹកនាំ​ដោយ​​លោក សៅ សុខា រឹបអូសយករថយន្តដឹកឈើជាង ៤០គ្រឿង ចាប់ខ្លួនមនុស្ស ៤នាក់ ក្នុង​នោះមាន​ឧកញ៉ា ស៊ឹង សំអុល ផង​ដែរ។

អ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរី លោក អៀង ម៉េងលី មានប្រសាសន៍ថា កាលពេលមុន អាជ្ញាធរតែងព្រងើយកន្តើយចំពោះសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ​ពីបញ្ហាបទល្មើសបំផ្លាញធនធានធម្មជាតិ តែពេលអនុវត្តច្បាប់ទើបដឹងថា មានមន្ត្រីមួយចំនួនជាអ្នកប្រព្រឹត្តិបទល្មើសទាំងនោះដែរ។

លោកបញ្ជាក់ថា ចាប់តាំងពីមានយុទ្ធនាការបង្រ្កាបទ្រង់​ទ្រាយធំនេះ សកម្មភាពជំនួញឈើហាក់មានសញ្ញាថមថយ ប៉ុន្តែ មិនអាចសន្មត់ថា ឈ្មួញឈប់រកស៊ីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ