សកម្មជនអតីតបក្សប្រឆាំងមួយរូបទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន

សកម្មជនអតីតគណបក្សប្រឆាំង ​លោក ម៉ៃ ហុងស្រៀង។ រូបភាព៖ បណ្ដាញសង្គម

សកម្មជនអតីតគណបក្សប្រឆាំងមួយរូបទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធការចោទប្រកាន់ថា បានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមបណ្តាញសង្គមហ្វេសប៊ុក។​

ក្នុង​សេចក្តីថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា គណបក្សសង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ​លោក ម៉ៃ ហុងស្រៀង គឺ​ជា​សកម្មជន​នយោបាយ​ទី​១៤ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ និង​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​កន្លង​មក​នេះ។

អតីត​បក្សប្រឆាំង​នេះ​ក៏​បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដោះ​លែងលោក ម៉ៃ ហុងស្រៀង និង​សកម្មជន​នយោបាយដទៃ​ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ​ផង​ដែរ។

ក្នុង​លិខិត​នោះ​លើក​ឡើង​ថា៖ «សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​ អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ ធ្វើ​ការ​តាម​ដាន​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បន្ត​កា​រ​ដាក់​សម្ពោធ​លើ​របប​ក្រុង​ភ្នំពេញ ដើម្បី​របប​នេះ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញតាម​គ្រប់​រូបភាព​មក​លើ​សកម្មជន​គណបក្សសង្គ្រោះជាតិ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​កម្ពុជា»។

បើ​តាម​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh news បាន​ដកស្រង់​ប្រសាសន៍​របស់ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើ​ស​បច្ចេក​វិទ្យា​ លោក ជា ពៅ ថា​ការ​​ឃាត់​ខ្លួន​លោក ម៉ៃ ហុងស្រៀង នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​ពីជន​សង្ស័យ​រូប​នេះ​វិល​ត្រលប់​ពី​ប្រទេស​ថៃ​វិញ ហើយ​ការ​ឃាត់​ខ្លួន​នេះ​គឺ​មក​ពី​សកម្មជន​អតីត​បក្សប្រឆាំង​នេះ​ធ្វើ​សកម្មភាព​ប្រមាថ​ថ្នាក់​ដឹក​នាំ​កម្ពុជា​នៅ​លើ​បណ្ដាញ​សង្គម Facebook តាមរយៈការកាត់រូបភាពផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ