អាដហុក៖ ៦ខែ សមត្ថកិច្ចរឹតត្បិតការជួបជុំ៧១ករណី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១២ ​ដែល​មាន​មនុស្ស​ចូល​រួម​ជាង​៣០០នាក់​ បាន​ធ្វើ​ការ​ជួបជុំ​គ្នា​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

សមាគមការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាល បានរឹតត្បិតសេរីភាពការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល និងសហគមន៍នៅមូលដ្ឋានចំនួនន៧១ករណី ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ស្តីពី ការព្រួយបារម្ភចំពោះការបន្តរឹតត្បិតសេរីភាពជួបជុំនៅកម្ពុជា បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា នេះថា កងកម្លាំង និងអាជ្ញាធរមូលដ្ឋានមួយចំនួន នៅតែបន្តរឹតត្បិតសកម្មភាពការជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនគណបក្សនយោបាយចំនួន៧១ករណី នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។

ក្នុងបញ្ជាក់ថា៖ «សមត្ថកិច្ចតាមដាន និងឃ្លាំមើលមកលើសកម្មភាពនៃការជួបជុំរបស់សមាគមអាដហុក ៣០ករណី និង ៤១ករណីផ្សេងទៀត តាមដាន និងឃ្លាំមើលទៅលើការជួបជុំរបស់សហគមន៍មូលដ្ឋាន សកម្មជននៃគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលផ្សេងទៀត»។

អ្វីដែលគួរឲ្យកត់សំគាល់ក្នុងសេចក្តីថ្លែងការណ៍នោះ សមាគមការពារសិទ្ធិមនុស្សអាដហុករកឃើញថា អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ អភិបាលស្រុក-ខេត្ត រួមជាមួយសមត្ថកិច្ច​ នៅតែបន្តរឹតត្បិតសេរីភាពមន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍តាមរយៈ ថតរូបភាព ការស្រង់ឈ្មោះ ឬថតបញ្ជីឈ្មោះអ្នកចូលរួម ការដាក់កម្លាំងសមត្ថកិច្ចស្លៀកសំលៀកបំពាក់ស៊ីវិលតាមស្តាប់ និងឃ្លាំមើលពេលពួកគេប្រជុំ និងកោះហៅតំណាងសហគមន៍ឲ្យទៅជួបផ្ទាល់ ឬសាកសួរតាមទូរសព្ទ ក្រោយពីជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល ជាដើម។

សេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកការរឹតត្បិតសេរីភាពការជួបជុំរបស់អង្គការ សមាគម សហគមន៍ និងសកម្មជនគណបក្សនយោបាយ ថា ផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលថា បើកចំហសេរីភាពនៃការជួបជុំរបស់អង្គការ និងសកម្មជនបក្សនយោបាយ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ច្រានចោលរបាយការណ៍នេះ ហើយថា ការរាំង ឬឃ្លាំងមើលកន្លងមក គឺសមត្ថកិច្ចធ្វើតែចំពោះក្រុមមុខសញ្ញាបទល្មើស និង ញុះញង់ឱ្យមានភាពចលាចលតែប៉ុណ្ណេាះ។​

លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋទូទាំងប្រទេស គេមិនមែនឃ្លាំមើលទាំងអស់ឯណា ហេតុអ្វីបានជាមានមួយក្រុមតូចទទួលបាននូវការឃ្លាំមើល ដោយសារតែមានតម្រុយក្នុងការប្រព្រឹត្តបទល្មើស ការបង្កចលាចលនៅក្នុងសង្គមតាមការញុះញង់របស់អង្គការចាត់តាំងនយោបាយខុសច្បាប់ អញ្ចឹង បានមានការឃ្លាំមើល ដើម្បីថែរក្សា និងទប់ស្កាត់កុំឲ្យមានភាពចលាចល និងបទល្មើសកើតឡើង»

កាលពី​ថ្ងៃពុធ​ ទី១៩ ខែមិថុនា​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោក​ស្រី​ រ៉ូ​ណា​ ស្មី​ត និង​លោក David​ Kaye​ បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួម​លើកឡើងជាកង្វល់​ថា រដ្ឋាភិបាលបានប្រើ​ច្បាប់ព្រហ្មទណ្ឌ ​ដើម្បី​កំណត់​គោលដៅ​ បំភិតបំភ័យ​ មន្ត្រីអង្គការ សមាគម ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ជាពិសេស ចោទប្រកាន់​ពី​បទ​ញុះញង់​ ឬចាប់​ឃុំខ្លួនសកម្មជនគណបក្សនយោបាយបក្សប្រឆាំង​ ក្នុង​ការ​បំបិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ​របស់ខ្លួន ជាដើម។ ប៉ុន្តែ ត្រូវបានរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកការលើកឡើងរបស់ UN ថាជា​​«ទង្វើ​ជ្រៀតជ្រែក​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ