អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ហៅ​ទូត​អាមេរិក​ថា «មនុស្ស​ព្រៃ»​ក្រោយបន្ត​​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

រូបភាពពីវីដេអូ

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ​ផៃ ស៊ីផាន បាន​ហៅ​ស្ថានទូត​អាមេរិក​ថា «ពួក​ព្រៃ» បន្ទាប់​ពី​ស្ថានតំណាង​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​នេះ បាន​រិះ​គន់​​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចំ​ថ្ងៃ​ខួប ១​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់​នៅ​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​ចំ​ខួប ១​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា​នោះ ស្ថានទូត​អាមេរិក​បាន​ហៅ​ការ​បោះ​ឆ្នោត​នោះ​ថា «មាន​កំហុស​ឆ្គង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា» ហើយ​ថា ការ​បោះឆ្នោត​នោះ មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ក្រោយ​ពីបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ប្រកួត​ប្រជែង។

ប៉ុន្តែ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​រិះគន់​របស់​ស្ថានទូត​អាមេរិក​ថា ជា​ការ​លើក​ឡើង​របស់​ «មនុស្ស​ព្រៃ» និង​ជំរុញ​ឲ្យ​មន្ត្រី​ស្ថានទូ​អាមេរិកវេច​បង្វិច​ចេញ​ពី​កម្ពុជា ប្រសិន​បើ​មិន​ពេញ​ចិត្ត។

លោក ផៃ ស៊ីផាន ថ្លែង​ថា៖ «សូមជម្រាប​ជូន​ដែរ​ថា ​គាត់(អាមេរិក)​អត់​ទាន់​មាន​វត្តមាន​ទូត​ទេ! អគ្គរដ្ឋទូត​អត់​ទាន់​មាន​ទេ។ ដូច្នេះ​ យើង​ពិបាក​ធ្វើ​ការ​ជាមួយ​មន្ត្រី​រម៉េករម៉ក់​នៅ​ក្នុង​ហ្នឹង​ណាស់! យើង​មាក់ងាយ​ប៉ុណ្ណឹង​ទៅ​ចុះ ព្រោះ​ពួក​ហ្នឹង​ជា​មនុស្ស​ព្រៃ​សម្រាប់​ការ​ញុះញង់ តែ​យើង​មាន​ផ្លូវ​មួយ​ទៀត ​គឺ​យើង​មាន​អគ្គរាជទូត​របស់​យើង​នៅ​វ៉ាស៊ីនតោន​គេ​នឹង​រៀប​ចំ​តវ៉ា។ […] យើង​មិន​ឱ្យ​អ្នក​ណា​មក​រំលោភ​យើង​ជា​ដាច់​ខាត! នេះ​ជា​សារ​មួយ​ ហើយ​មន្ត្រី​ដែល​នៅ​ក្នុង​ស្ថាន​ទូត​ដែល​ប្រើប្រាស់​លក្ខខណព្រៃ​ផ្សៃ​គួរ​តែ​បញ្ចប់​ យើង​នៅ​តែ​ជា​មិត្ត​ជា​មួយ​គ្នា ហើយ​បើ​មន្ត្រី​នោះ​មិន​ពេញចិត្ត​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​សូម​វិច​បង្វិច​ចេញ​ទៅ​វិញ​ទៅ»

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ឆ្លើយ​តបចំពោះ​ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន​ នេះ។

ក្នុង​សេចក្ដីថ្លែងការណ៍កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួងការបរទេសកម្ពុជា​ចាត់ទុកការអត្ថាធិប្បាយរបស់ស្ថានទូតអាមេរិក ជាទង្វើវាយប្រហារដ៏គឃ្លើន​មកលើកម្ពុជា រំលោភបំពានទៅលើបទប្បញ្ញត្តិទាំងឡាយដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុង​វីយ៉េន ស្ដីពីទំនាក់ទំនងការទូត។

អ្នក​វិភាគ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន មិន​បាន​ធ្វើ​ឱ្យ​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ​ ហើយ​លោក​ថា វា​នឹង​ធ្វើ​ឱ្យ​​កម្ពុជា​ និង​អាមេរិក​កាន់​តែ​ប្រឈម​គ្នា​កាន់​តែ​ខ្លាំង​លើ​ទំនាក់ទំនង​ទូត​ក្នុង​ពេលដែល​កម្ពុជា​កំពុង​ប្រឈមនឹង​ទណ្ឌកម្ម​ផ្សេង​ៗ​ពី​អន្តរជាតិ​នោះ។

លោក​ ឯម សុវណ្ណារ៉ា ប្រាប់​ថា៖ «ធម្មតា មនុស្ស​ធ្វើ​ការ​ជា​មួយ​មនុស្ស ហើយ​បើ​មនុស្ស​ព្រៃ​មាន​តែ​ធ្វើ​ការ​ជា​មួយ​ព្រៃ​ដូចគ្នា ហើយ​នៅ​យើង​នេះ​ វា​បាន​ន័យ​ថា​ ស្អប់​ ឬក៏​មិនចូលចិត្ត​ ធ្វើ​ឱ្យ​មាន​ប្រតិកម្ម ឬ​ក៏​វា​អាច​ជំរុញ​ឱ្យ​ប្រទេស​ និង​ប្រទេស​ហ្នឹង​ វា​កាន់​តែមាន​រឿង​អាស្រូវ​មិន​ល្អ​ជា​មួយ​គ្នា។ ​វា​អាច​ជំរុញ​ឱ្យ​មាន​ហានិភ័យ​នៃ​ទំនាក់ទំនងការទូត​ហ្នឹង​កាន់​តែ​ខ្លាំង​ក្លា។ យើង​មិន​បាន​ជួយ​រកវិធីសាស្ត្រ​ ដើម្បី​ជួយ​កាត់​បន្ថយ​ តែ​ដល់​ពេល​យើង​លើក​ពី​បញ្ហា​នេះ ​វា​ហាក់​ដូច​ជា​បន្ថែម​កម្ដៅ ដែល​​កម្ពុជា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​​ដែរ»

ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ស្ថិត​ក្នុង​ស្ថានភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ ជុំ​វិញ​ការ​ធ្លាក់​ចុះ​ស្ថានភាព​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

បើទោះជាបែប​នេះ​ក្ដី លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​មិត្តភាព​ជាមួយ​បណ្ដា​ប្រទេស​នានា​ មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ