សហជីពនិងអ្នកជំនាញសុវត្ថិភាព​ចរាចរណ៍ ស្នើរដ្ឋាភិបាល​ពង្រឹងការត្រួតពិនិត្យលើអ្នកបើករថយន្តដឹកកម្មករ

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អ្នកសារព័ត៌មានមុនចាប់ផ្ដើម សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហជីព” ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

សហជីព និងអ្នកជំនាញចរាចរណ៍ស្នើទៅរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យលើអ្នកបើករថយន្តដឹកកម្មករ ដើម្បីការពារសុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់ចំពោះ​ពួកគេ​។

សំណើរនេះធ្វើឡើងបន្ទាប់ពី មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២ថ្ងៃជាប់គ្នា នៅស្រុកស្វាយទាប ខេត្តស្វាយរៀងកាលពីចុងខែកក្កដា បណ្តាលឲ្យកម្មករ២នាក់ស្លាប់ និងជិត១០០នាក់ រងរបួសធ្ងន់ និង​ស្រាល។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្សស្លាប់ និងរបួសនៅខេត្តស្វាយរៀង រួមទាំងខេត្តផ្សេងៗទៀត ដោយសារអ្នកបើកបរទាំងនោះ មិន​មានប័ណ្ណបើកបរ ហើយខ្លះទៀតរៀនបើកបរតៗគ្នាជាដើម​​។

ករណីនេះ លោក អាត់ ធន់ ស្នើទៅរដ្ឋាភិបាលដ្ឋាភិបាល និងស្ថាប័នជំនាញរបស់រដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យលើអ្នកបើករថយន្ត ជាពិសេសរថយន្តដឹកកម្មករ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មានប្រសិទ្ធិភាពខ្ពស់។

លោក ស្នើថា៖ «ក្រសួងសាធារណៈការ និងដឹកជញ្ជូនគួរតែរៀបចំ ឬគូសផ្លាកសញ្ញាចរាចរណ៍ឲ្យបានច្បាស់លាស់ ឬក៏គេមើលទៅផ្លាកសញ្ញាគ្រប់គ្រាន់វាមិនមានគ្រោះថ្នាក់។ ទីពីរខាងអាជ្ញាធរ ជាពិសេសប៉ូលីសគួរតែតាម​ដានត្រួតពិនិត្យអ្នកដែលបើកបរទាំងអស់ ​ដែលមិនមានប័ណ្ណបើកបរ ដែលមិនបានចូលសាលាបើកបរ មិនអនុញាត​ឲ្យបើក ហើយចុងក្រោយទីបីចំពោះឡាន ឬក៏យានយន្តទាំងឡាយណាដែលបានកែច្នៃបើក ហើយខុសបច្ចេកទេសនៅតាមផ្លូវសាធារណៈមិនអនុញាត ខ្ញុំគិតថាដោះស្រាយបានហើយ។

ប្រធានស្តីទី វិទ្យាស្ថានសុវត្ថិភាពចរាចរណ៍​ នៃ​អង្គការ​ជន​ពិការអន្តរជាតិប៊ែល​ហ្ស៊ិក លោក គង់ រតនៈ មានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ធ្វើឲ្យពលរដ្ឋ នឹងរដ្ឋាភិបាលខាតបង់ថវិកាជាតិជាដើម។ ករណីនេះលោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់បាន រដ្ឋាភិបាលនិងអ្នកបើកបរទាំងអស់ត្រូវរួមគ្នាប្រុងប្រយ័ត្ន ទើបទទួលបានផលវិជ្ជមាន។

លោក មានប្រសាសន៍ថា៖ «រដ្ឋាភិបាលក៏ត្រូវមានចំណែកក្នុងការទទួលខុសត្រូវ​ គឺលោកត្រូវពង្រឹងការអនុវត្តច្បាប់ ហើយជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់​។ ហើយខាងផ្នែកប្រជាពលរដ្ឋដូចគ្នា ត្រូវចូលរួមគោរពច្បាប់ ហើយត្រូវគិតគូពីសុវត្ថិភាពកុំប្រថុយ ហើយជាពិសេសបងប្អូនកម្មកររោងចក្រ ឲ្យគាត់ចេះជ្រើសរើសមធ្យោបាយទៅធ្វើការ។ បើសិនជាយើងមើលឃើញថារថយន្តហ្នឹងមិនមានលក្ខណៈបច្ចេកទេស ឬគ្មានសុវត្ថិភាពទេ គាត់គួរតែកុំជិះ គាត់រករថយន្តផ្សេងជិះទៅ ដែលមានសុវត្ថិភាពជាង​»។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា យល់ស្របនឹងការលើកឡើងរបស់ប្រធានសហជីព និងអ្នកជំនាញទាំងនោះ។ ប៉ុន្តែ​អ្វីដែលគួរឲ្យកត់សំគាល់ លោក សុរិយា អះអាង រដ្ឋាភិបាលមិនដែលព្រងើយកន្តើយលើរឿងចរាចរណ៍នេះទេ ពីព្រោះរដ្ឋាភិបាល បានបង្កើតច្បាប់ ដើម្បីឲ្យក្រសួង ឬមន្ទីរសាធារណៈការ និងមន្ត្រីសមត្ថកិច្ចផ្នែកចរាចរណ៍ នៅតាមរាជធានី/ខេត្ត ទាំងអស់ យកទៅអនុវត្តលើអ្នកល្មើសច្បាប់ចរាចរណ៍ផងដែរ។

 លោក មានប្រសាសន៍ថា៖  «វិធានការក្រសួងមានហើយ គឺបានរៀបចំនៅតាមមន្ទីរ រាជធានី ខេត្ត ហើយសមត្ថកិច្ចនៅលើផ្លូវយើងមានគណៈកម្មការសុវត្ថិភាពចរាចរណ៍ មានប៉េអឹម ប៉ូលីស មានអាជ្ញាធរដែនដី ក្រសួងសាធារណៈការ។ ពេលខ្លះមានទាំងខាងអង្គការអន្តរជាតិដែលគេជួយ ខាងសុ​វត្ថិភាពនៅឈរនៅតាមហ្នឹងទៀត ដើម្បីត្រួតពិនិត្យមើល វាទាល់តែមានការចូលរួមផង ក្រសួងមិនអាចទៅចាប់គាត់គ្រប់ឡាន គ្រប់ផ្ទះទេ»។

យោងតាមបេឡាជាតិរបបសន្តិសុខសង្គម (បសស) គិតចាប់ពីខែមករា រហូតដល់ខែមិថុនាឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកម្មកររោងចក្រចំនួន ៧៦៦លើក បណ្តាលឱ្យមានជនរងគ្រោះស្លាប់ចំនួន ២៤នាក់ និងរបួសធ្ងន់ និងស្រាល ៩៤៤ នាក់។

បើតាមតួលេខ របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ​៦ខែនៃឆមាសទី១ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ ១០៣៣នាក់ របួស៣២២៤នាក់ គិតជាមធ្យម១ថ្ងៃស្លាប់៦នាក់ និងរបួស១៨នាក់។ ករណីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ននេះឡើងដល់កម្រិតប្រកាសអាសន្ន នឹងជំរុញទៅមន្ត្រីក្រោមឱវាទ ពង្រឹងការរឹតបន្តឹងការអនុវត្តច្បាប់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ