អាជ្ញាធរ​ហៅ​អ្នកលក់​នំបញ្ចុក​ម្នាក់សួរ​នាំ​ដោយ​សង្ស័យថា ធ្វើ​សកម្មភាព​ប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី​

សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញលោក ឈួ ផេង ចូលរួម​សិក្ខាសាលាមួយ(រូបភាព៖ហ្វេសប៊ុករបស់លោក ឈួ ផេង )

សកម្មជនអតីតគណបក្សប្រឆាំងម្នាក់ ត្រូវបានអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ ហៅសួរនាំដោយសង្ស័យថា លក់នំបញ្ចុកបន្លំធ្វើសកម្មភាពប្រមូល​កម្លាំង​គាំទ្រលោក​ សម រង្ស៊ី​។

សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់នៅភ្នំពេញលោក ឈួ ផេង ប្រាប់វីអូឌីថា ចៅសង្កាត់ដង្កោបានហៅលោកទៅសួរនាំនៅសាលាសង្កាត់នៅថ្ងៃនេះ ដោយសារតែអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិតែងតែ​​ទៅជួបជុំទទួលទាន​បាយ និងនំ​​បញ្ចុកនៅផ្ទះរបស់គាត់។

សកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះឲ្យដឹងថា​រាល់ថ្ងៃផ្ទះរបស់គាត់ បើកហាងលក់ដូរតូចមួយមានលក់បាយ និងនំបញ្ចុក ហើយមានអ្នកគាំទ្រអតីតគណបក្សសង្រ្គោះ​ជាតិ​ជាច្រើននាក់តែងតែជួបជុំទទួលទាន​នៅទីនោះ។

លោក ឈួ ផេង បន្តថា ពេលកំពុងសួរនាំនោះចៅសង្កាត់ដង្កោ អ្នកស្រី សឿន សិរី បានព្រមានមិនឲ្យលោកបើកហាងលក់ដូរដើម្បីបន្លំធ្វើសកម្មភាពពាក់ព័ន្ធនយោបាយនោះឡើយ។

លោក បន្ថែមថា៖«គាត់សួរនាំខ្ញុំហ្នឹង ខ្លាចខ្ញុំជួបជុំគ្នាធ្វើសកម្មភាពប្រមូលកម្លាំងគាំទ្រលោក សមរង្ស៊ី ពេលត្រឡប់ចូលស្រុកវិញហ្នឹង។ ប៉ុន្តែខ្ញុំប្រាប់​គាត់ថា ខ្ញុំមិនបានធ្វើអីពាក់ព័ន្ធនយោបាយនោះទេ។ ខ្ញុំគ្រាន់តែជាអ្នកលក់ដូរធម្មតាទេ បើភ្ញៀវគេចង់និយាយអីវាជារឿងរបស់គេទេ។ ខ្ញុំគ្មានសិទ្ធិទៅបិទមាត់ទេ»

សកម្មជនអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហាញការព្រួយបារម្ភពីសុវត្តិភាព ក្រោយពីអាជ្ញាធរហៅសួរនាំ ដោយថាខ្លាចគេលាបពណ៌ដើម្បីទំលាក់កំហុស។

កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩​ សកម្មជនអតីតគណបក្សសង្គ្រោះជាតិជាង២០នាក់ ត្រូវបានតុលាការខេត្តបាត់ដំបងកោះហៅមកសាកសួរជុំវិញការចោទថា ពួកគេបានធ្វើសកម្មភាពនយោបាយបំពានទៅសាលដីការបស់តុលាការកំពូលពាក់ព័ន្ធនឹងការរំលាយអតីតបក្សប្រឆាំង។ ​ពួកគេមួយចំនួនអះអាងថា ការកោះហៅនោះពាក់ព័ន្ធនឹងការហូបនំបញ្ចុករួមគ្នារបស់ពួកគាត់កន្លងមក។ ក្រៅពីនេះ អតីតសកម្មជន និងមន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ធំប្រមាណ​ ៣០នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានកោះហៅសាកសួរ ពាក់ព័ន្ធការបរិភោគនំបញ្ចុកជុំគ្នានេះដែរ។

ទោះយ៉ាងណាក៏ដោយ កាលពីថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណជាតិខ្មែរ ដោយមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់គណបក្សនយោបាយណាមួយនោះឡើយ។ លោកបញ្ជាក់ថា នំបញ្ចុកមិនមែនជាបញ្ហាធ្វើឱ្យបែកបាក់ជាតិនោះទេ ប៉ុន្តែ នំបញ្ចុកជាការបង្ហាញឯកភាពជាតិ សាមគ្គីជាតិខ្មែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ