វិភាគ៖ ហេតុអ្វីអាមេរិកនៅតែបន្តជំរុញឱ្យដោះ​លែងលោក កឹម សុខា?

រូបភាពពីហ្វេសប៊ុកស្ថានទូតអាមេរិក

នៅសប្តាហ៍មុននេះ ស្ថានទូតអាមេរិក បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ ទម្លាក់បទចោទអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។

អតីតមេដឹកនាំគនបក្សប្រឆាំងមួយរូប លោក កឹម សុខា ត្រូវសមត្ថកិច្ចប្រដាប់ដោយអាវុធ ឆ្មក់ចូលចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា​ នៅយប់រំលងអធ្រាត្រ​ឆ្លងចូលថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទថា មេបក្សប្រឆាំងរូបនេះឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល ហើយ​ក្រោយមកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ដូចរដ្ឋាភិបាលដែរ។

ភ្លាមៗបន្ទាប់ពីការចាប់ខ្លួន លោក កឹម សុខា  ត្រូវបញ្ជូនទៅឃុំខ្លួនទាំងអាថ៌កំបាង នៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

នៅសល់តែ ១ខែទៀតប៉ុណ្ណោះ  លោក កឹម សុខា ត្រូវបានឃុំខ្លួនអស់រយៈពេលពីឆ្នាំមកហើយ គិតទាំងឃុំនៅក្នុងពន្ធនាគារ និងឃុំនៅក្នុងផ្ទះ។

តាមរបាយការណ៍គជបការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧គណបក្សប្រជាជនទទួលបាន ៣ ៥៤០ ០៥៦ សំឡេង ស្មើនឹង ៥០.៧៦% គណបក្សសង្គ្រោះជាតិបាន ៣ ០៥៦ ៨២៦ សំឡេង ស្មើនឹង ៤៣.៨៣% ។

សារបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៣០ ខែកក្កដានោះ ស្ថានទូតអាមេរិក កត់សម្គាល់ថា ការបោះឆ្នោតជាតិរបស់កម្ពុជា ១ឆ្នាំកន្លងមកនេះ អាមេរិកថា «មានកំហុសឆ្គងយ៉ាងខ្លាំង មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឱ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាដែរ»។

អាមេរិកចាត់ទុកថា ការបោះឆ្នោត ដែលបានផាត់ចោលគណបក្សប្រឆាំងធំជាងគេ​នៅកម្ពុជា វារឹតតែធ្វើឱ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។

ជាការកត់សម្គាល់ សារក្រើនរំឭក​របស់មហាអំណាចលោកសេរីបែបនេះ មិនមែនជារឿងថ្មីទេ បើគិតចាប់ពីតុលាការកំពូលរបស់កម្ពុជា ប្រកាសសាលដីកា​រំលាយណបក្សប្រឆាំង កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧រួចមក។

គណបក្សដែលតុលាការកំពូលរំលាយនោះ មានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ឬមានអ្នកបោះឆ្នោតគាំទ្រជាង ៣លានសំឡេង អំឡុងបោះឆោតជ្រើសរើសឃុំ សង្កាត់ ក្នុង​ឆ្នាំ២០១៧។

កាលពីថ្ងៃទី១៥ កុម្ភះដើមឆ្នាំនេះ សហរដ្ឋអាមេរិក ក៏បានបង្ហោះសារលើគេហទំព័របស់ខ្លួន មានខ្លឹមសារប្រហាក់ប្រហែលនេះដែរ ដោយរិះគន់ចំៗ​ទៅលើចំណាត់ការចាប់ខ្លួន លោក កឹម សុខា។

អាមេរិកអះអាងថា៖ «លោក កឹម សុខា ជាមនុស្សស្អាតស្អំដែលត្រូវឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត»

ជ្រុងមួយទៀតនៃបញ្ហានេះ សហភាពអឺរ៉ុបក៏បានចាត់វិធានការលើវិធានការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដែរ។ ប្លុកលោកសេរីមួយនេះ មើលឃើញថា គិតត្រឹមពាក់កណ្ដាលខែសីហានេះ ស្ថានភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនត្រូវបានស្តារឡើងវិញទេនោះ។

ប៉ុន្តែ ជាការកត់សម្គាល់ ការដាក់សម្ពាធរបស់ប្លុកលោកសេរីជាបន្តបន្ទាប់ជិត ២ឆ្នាំមកនេះ ហាក់មិនទាន់ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាចកម្ពុជា ចាប់អារម្មណ៍ផ្តល់ចម្លើយជាវិជ្ជមាន ទៅលើក្ដីកង្វល់ទាំងនោះនៅឡើយទេ ខណៈមហាអំណាចកុម្មុយនិស្តចិន បានប្រកាសគាំទ្រចំណាត់ការ​របស់​រដ្ឋាភិបាលកម្ពុជា។

ភាពចម្រូងចម្រាស់នេះ ចោទជាសំណួរថា ហេតុអ្វីអាមេរិកនៅតែបន្តជំរុញ ឱ្យដោះលែងលោក កឹម សុខា?

អ្នកវិភាគសង្គម លោក គឹម សុខ វិភាគថា មានកត្តាធំពីរដែលអាមេរិកនៅតែបន្តជំរុញបញ្ហានេះ។ កត្តាចម្បងទី១ គឺជាប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិក ដែល​ព្យាយាមទប់លំនឹងរក្សាជំហរកម្ពុជាឱ្យនៅតែជាប្រទេសអព្យាក្រឹត្យ កុំឱ្យធ្លាក់ទៅក្នុងឈ្នាន់នយោបាយប្រទេសចិនផ្តាច់មុខដែលអាចគំរាមកំហែងដល់សន្តិសុខតំបន់។

កត្តាចំបង់ទី២ ជាកាតព្វកិច្ចក្នុងនាមប្រទេសដែលមានឥទ្ធិពលមួយក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថា មានចែងអំពីការគ្រប់គ្រងជាតិខ្មែរដែលត្រូវប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ជាពិសេសសិទ្ធិស្មើរគ្នារបស់ពលរដ្ឋក្នុងការចូលរួមក្នុងជីវិតនយោបាយ។

អ្នកវិភាគរូបនេះ បង្ហាញការព្រួយបារម្ភថា កម្ពុជាអាចនឹងក្លាយជាទីលានសាកល្បងអាវុធទំទើបៗរ​បស់មហាអំណាចរវាងចិន និងអាមេរិក បើរបត់នយោបាយលម្អៀងកាន់តែខ្លាំងទៅរកមហាអំណាចចិននោះ។

លោក គឹម សុខ ប្រាប់ថា៖ «បើដល់ដំណាក់កាលនោះ ឥរិយាបទរបស់ក្រុមលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ជាដើមដូចដែលគាត់ប្រកាសក្តែងៗអំពីការប្រើពាក្យព្រៃដាក់មន្ត្រីការទូតអាមេរិកជាដើម គឺដូចបោះកម្ពុជាឲ្យចូលភ្លក់ភ្លើងនៃការដុតបញ្ចេះអាវុធទំនើបៗរបស់ប្រទេសមហាអំណាចដែលកំពុងប្រជែងគ្នា​នៅអាស៊ីអាគ្នេហ៍អីចឹង»

ចំណាត់ការចាប់ខ្លួនលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ពីឆ្នាំ២០១៧មកនោះ ធ្វើឱ្យកម្ពុជារងការគំរាមកំហែងជាបន្តបន្ទាប់ ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប គំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​ GSP របស់អាមេរិក និងការធ្វើច្បាប់ HR ៥២៦ ដើម្បីបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការឥស្សរជន នយោបាយរបស់បក្សកាន់អំណាច។

អ្នកវិភាគបង្ហាញក្ដីបារម្ភថា ការគំរាមកំហែងពីលោកសេរីនេះ បើវាក្លាយជាការពិត វានឹងបង្កផលប៉ះពាល់ដល់ វិស័យឯកជន ជីវភាពពលរដ្ឋរាប់លាននាក់ រួមទាំងមន្ត្រីស្និតនឹងនាយករដ្ឋ រួមទាំងឧកញ៉ាមួយចំនួនផងដែរ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា ការដែលសហរដ្ឋអាមេរិកនៅតែបន្តទាមទារ​ឱ្យរដ្ឋាភិបាលកម្ពុជា​ស្តារប្រជាធិបតេយ្យ និងឱ្យដោះលែង លោក កឹម សុខា នេះ ទំនងជាអាមេរិក ចង់ប្រាប់ថា ខ្លួនមានកាតព្វកិច្ច​ជំរុញរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តនយោបាយប្រជាធិបតេយ្យពិតប្រាកដមួយ តាមកិច្ចព្រមព្រៀងសន្តិភពទីក្រុងប៉ារីស និងធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

អ្នកវិភាគរូបនេះ វិភាគទៀតថា ជ្រុងមួយទៀត​នៃសារអំពាវនាវរបស់អាមេរិកនេះ អាចថា អាមេរិក​មិនចង់ឱ្យកម្ពុជាស្ថិតក្រោមឥទ្ធិពលរបស់ចិនផ្តាច់មុខផងដែរ។ ប៉ុន្តែ លោកវិភាគថា ការគំរាមកំហែងនានា អាចនឹងកើតឡើង បើរដ្ឋាភិបាល​នៅតែធ្វើមិនដឹងមិនឮទៅលើការទាមទារឱ្យស្តារប្រជាធិបតេយ្យឡើងវិញនោះ។

លោក ឯម សុវណ្ណរ៉ា ប្រាប់ថា៖ «នៅពេលដែលច្បាប់ហ្នឹងមានប្រសិទ្ធិភាព គេនឹងបង្ខំឲ្យរដ្ឋាភិបាលអនុវត្តបន្ថែមទៀត។ អញ្ចឹង អាយន្តការហ្នឹង វាជាការដាស់ស្មារតីរដ្ឋាភិបាលយើងឈរលើស្មារតីដែលលោក​ខាងលិចចង់បាន ហើយប្រសិនអត់បានទេ គេនឹងមានវិធានការជាបន្តបន្ទាប់។ ខ្ញុំគិតថា នេះជាវិធានការដំបូងទេ មិនមែនចុងក្រោយទេ នៅមានច្រើនទៀត»

ភាពចម្រូងចម្រាសនៃការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោតជាតិឆ្នាំ២០១៨មកដល់ បង្កើតជាសារនយោបាយពីរផ្សេងគ្នា​រវាងរដ្ឋាភិបាល និងការយល់ឃើញរបស់សហគមន៍អន្តរជាតិ។

រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ធ្លាប់បកស្រាយជាសាធារណៈជាញឹកញាប់ថា វិធានាការនានាទៅលើអតីតគណកប្សប្រឆាំង រួមទាំងការចាប់ឃុំខ្លួនលោក កឹម សុខា ផង បក្សកាន់អំណាចថា ជាវិធានការច្បាប់ ដើម្បីពង្រឹងនីតិរដ្ឋ​ក្នុងដំណើរការប្រជាធិបតេយ្យ។

ជាងនេះទៅទៀត នៅសប្តាហ៍មុននេះ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១សីហានេះ អ្នកនាំពាក្យរដ្ឋាភិបាលបានវាយបកធ្ងន់ៗទៅសហរដ្ឋអាមេរិកវិញដែលថា ការបោះឆ្នោតជាតិកន្លងទៅ មានកំហុសខ្លាំង មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋដោយសារតែបានផាត់គណបក្សប្រឆាំងចេញនោះ ថាជាភាសាការទូតបែប «មនុស្សព្រៃ សម្រាប់តែញុះញង់»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ និយាយថា បើគេពិនិត្យពីប្រព័ន្ធដឹកនាំអាមេរិកជាប្រព័ន្ធដឹកនាំបែប្រជាធិបតេយ្យ ដែលគេអាចនិយាយបាយថា ជាបិតាប្រជាធិបតេយ្យ ចំណែករដ្ឋធម្មនុញ្ញរបស់កម្ពុជាវិញបានថា កម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ហើយអំណាចទាំងអស់ជារបស់ប្រជាជន។

អ្នកវិភាគវ័យក្មេងរូបនេះ វិភាគថា ផ្អែកលើហេតុផលទាំងពីរនេះ សារជំរុញម្ដងហើយម្ដងទៀត របស់សហរដ្ឋអាមេរិក ទំនងជាចង់ប្រាប់ថា ខ្លួននឹងប្រើប្រាស់ទាំងវិធានការទន់បែបការទូត និងវិធានការរឹង ចាត់វិធានការដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជា ដើម្បីឱ្យក្បាលម៉ាស៊ីនដឹកនាំរដ្ឋកើតចេញពីឆន្ទះពលរដ្ឋពិតប្រាកដ មិនមែនកើតចេញពីការរៀបចំទុករបស់អ្នកនយោបាយណាមួយ។

កញ្ញា លី ស្រីស្រស់ វិភាគទៀតថា មួយវិញទៀត ការដែលអាមេរិក នៅតែបន្ត អំពាវនាវឱ្យស្តារប្រជាធិបតេយ្យ ទំនងជាអាម៉េរិកមិនជឿថា ការបោះឆ្នោតជាតិកន្លងទៅ ដោយផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយមិនមែនជាយន្តការជំរុញដំណើរការប្រជាធិបតេយ្យ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។

កញ្ញាថា៖ «គណបក្សប្រឆាំងជាគណបក្សមួយដែលមានការប្រកួតប្រជែងស្មើដៃ អញ្ចឹងបើសិនជាត្រូវចាប់ឃុំខ្លួន ឬត្រូវរំលាយវាយអាចថាប្រព័ន្ធនៃការបោះឆ្នោតហ្នឹងវាគ្មានតម្លាភាព វាមិនមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ។ ដូច្នេះហើយខ្ញុំគិតថា បញ្ហាទាំងអស់នេះដែលសហរដ្អាមេរិកតែងតែផ្តល់យោបល់ ឬប្រកាសផ្សេងៗរំឭកពីការដឹកនាំនិងការបោះឆ្នោតនៅកម្ពុជា»

អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោក អៀ សុផល យល់ឃើញថា សាររំឭករបស់សហរដ្ឋអាមេរិកគ្មានអ្វីក្រៅពីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា វិលទៅប្រកួតប្រជែងអំណាច ដោយតម្លភាពតាមយន្តការប្រជាធិបតេយ្យនោះទេ។

អ្នកជំនាញការទូតកិច្ចការពិភពលោករូបនេះ ពន្យល់ថា កម្ពុជាគ្មានប្រជាធិបតេយ្យទេ បើបក្សប្រឆាំងមានអ្នកគាំទ្រប្រហាក់ប្រហែលបក្សកាន់អណាចដែរ តែមេបក្ស​ត្រូវបានឃុំខ្លួនដោយគ្មានយុត្តិធម៌នោះ។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ជាផ្នែកមួយដែលប្រទេសលោកសេរី យកធ្វើជាសម្ពាធ ទាមទារទៅរដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ តាមរយៈដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ