ពលរដ្ឋជាង​១៣០០​គ្រួសារពី​កោះកុង​​តវ៉ាសុំដំណោះ​ស្រាយដីធ្លី​ពីក្រសួង​​រៀប​​ចំ​ដែន​ដី

ប្រជាពលរដ្ឋតំណាងឲ្យប្រជាជន ១៣១៧គ្រួសារមកពីស្រុកចំនួន ៣នៃខេត្តកោះកុង ប្រមូលផ្តុំគ្នាតវ៉ានៅមុខទីស្ដីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃ ០៥ សីហា ២០១៩

ប្រជា​ពលរដ្ឋតំណាង​ឲ្យ​ប្រជាជន ១៣១៧ ​គ្រួសារ​មកពីស្រុកចំនួន ៣នៃខេត្តកោះកុង ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ទីស្ដី​ការ​ក្រសួង​រៀប​ចំ​ដែន​ដី នគររូប​នីយ​កម្ម និងសំណង់ នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បីទាមទារសុំ​អន្តរាគមន៍ពីក្រសួង​ដោះ​ស្រាយ​បញ្ហាដីធ្លី។

ប្រជាពលរដ្ឋដែលមកពីស្រុកស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកថ្មបាំង ​ខេត្ត​កោះកុង ប្រាប់ថា ពួកគាត់ បាត់​បង់ដីធ្លីធ្លាក់ទៅលើដៃ​ក្រុមហ៊ុនស្ករ​អំពៅកោះកុងស៊ូហ្គើរ​របស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ផ្លែន​ថេសិន ខម​ផេនី​ លីមីតធីត តាំងពីឆ្នាំ២០០៧មក។

ប៉ុន្តែ ពួកគាត់មិន​បាន​ចេញ​​​មុខតវ៉ាពីដំបូង​ឡើយ ដោយ​អះអាងថា កង្វះព័ត៌មាន​ និងបារម្ភពីសុវត្ថិភាព។ ​លុះ​ដល់​លឺ​ប្រកាស​​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ថានឹងដោះ​ស្រាយ​​បញ្ហា​​ទំនាស់ដីធ្លីជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅនេះ ទើបពលរដ្ឋស្រុះ​ស្រួល​គ្នាចេញ​មកត៉វាតែម្តង។

​ប្រជាពលរដ្ឋមកពីភូមិព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល អ្នកស្រី ជឹម ថុន លើក​ឡើងថា ពលរដ្ឋ​អ្នក​ឡើង​មក​តវ៉ា​នេះ ស្នើ​​សុំឱ្យអាជ្ញាធរ​ចែក​ដី​ឱ្យ​ម្នាក់ ២ហិចតា ដើម្បីយកទៅប្រកបរបរកសិកម្មចិញ្ចឹមជីវិត។ អ្នកស្រីបន្តថា កន្លង​ទៅ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋមួយចំនួន​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុនស្ករអំពៅរួចហើយ តែពួកគាត់​មិនបាន​ទទួល​ដំណោះស្រាយទេ។

អ្នកស្រី ជឹម ថុន ប្រាប់​ថា៖ «ក្រសួងសុទ្ធតែមានផែនទីម៉េចមិនឆែកមើល តើក្រុមហ៊ុន​ស្ករ​អំពៅ​ហ្នឹងប៉ះពាល់ប៉ុន្មានស្រុក ពួកខ្ញុំប្រាប់ហើយតើថា ​មានបីស្រុក គឺស្រុកថ្មបាំង ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ។ ពួកគាត់ដោះស្រាយបានតែស្រុកស្រែអំបិលមួយផ្នែកទេ ចុះស្រុកថ្មបាំង និងបុទុមសាគរ​ដោះស្រាយឱ្យនៅ? ឯកឧត្តម​ពិនិត្យទៅ កុំឱ្យចេះតែថា ពលរដ្ឋហ្នឹងចេះតែបន្លំ»

ទាក់ទឹងនឹងការតវ៉ានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចាត់ឱ្យរដ្ឋលេខាធិការ លោក ទេព ធន ជាអ្នកចេញមុខប្រជុំ​ជាមួយពលរដ្ឋ​ដើម្បីរកដំណោះស្រាយ។ រដ្ឋលេខាធិការរូបនេះ បាន​ប្រើ​ពេល​អស់​ជាង ៤ម៉ោង​ ដើម្បីប្រជុំ​ដោយ​បិទ​ទ្វារ​​ជាមួយតំណាងអ្នកតវ៉ា ១៨រូប។​

កំណត់ហេតុអង្គប្រជុំ បង្ហាញថា ​លោក ទេព ធន តម្រូវឱ្យប្រជាពលរដ្ឋ​ណាដែល​មិនពាក់ព័ន្ធបញ្ហាដីធ្លី ឬ​បាន​ទទួល​​សំណង​រួច​ត្រូវ​ថយ​ចេញ​ពី​ជម្លោះ។​ ​លោក​តម្រូវ​ឱ្យប្រជាពលរដ្ឋ​បំពេញ​​សាលាកប័ត្រព័ត៌មានដោយខ្លួនឯង ដោយ​បញ្ជាក់​ពីអាជ្ញាធរមូលដ្ឋាន ​ចំពោះ​ចំនួនមនុស្ស និង​ក្បាល​ដី​រងផលប៉ះពាល់ ព្រមទាំង​ថត​ចម្លងទុកឱ្យ​អាជ្ញាធរ​ចុះពិនិត្យ។

ចំណុចចុងក្រោយ គឺអាជ្ញាធរសន្យាថា​ នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវផលប៉ះពាល់ពិតប្រាកដ និងដោះ​ស្រាយ​តាមជាក់ស្តែង។​

តំណាងក្រសួងរៀបចំដែនដី ស្នើឱ្យប្រជាពលរដ្ឋត្រលប់ទៅផ្ទះវិញ​ក្នុងថ្ងៃនេះ ប៉ុន្តែ ក្រុមពលរដ្ឋ​សុំស្នាក់​នៅ​ជាប់​របង​ក្រសួងមួយយប់ ព្រោះ​តែ​មិន​មានឡាន​ត្រឡប់ទៅវិញ។

អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋ​គួរ​ណាស់​តែ​ចង​ក្រង​ទិន្នន័យ​​ដីធ្លី​របស់​ខ្លួនតាមភាពជាក់ស្តែង រាប់តាំងពីព្រំដី  ទីតាំងដី គំនូសប្លង់ពិសេស​ការ​ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។

លោកបញ្ជាក់ថា៖ «ការរៀបចំឯកសារនេះ ​គ្រាន់​តែជាឯកសារបឋមប៉ុណ្ណោះ តែអ្វី​ដែល​សំខាន់​នោះ គឺ​ការ​ចុះ​ស្រាវ​ជ្រាវ​ទិន្នន័យ​ជាក់​ស្តែង​ពី​សំណាក់​អាជ្ញាធរ ក្រសួងរៀបចំដែនដី តែម្តងទើបមិនមានបញ្ហាថ្ងៃក្រោយ»

វីអូឌី មិនទាន់អាចទាក់ទងលោក លី យ៉ុងផាត់ និងតំណាងក្រុមហ៊ុនរបស់លោកដើម្បីបំភ្លឺបានទេ នៅថ្ងៃទី០៥សីហានេះ។

ប្រជាពលរដ្ឋទាំងអស់នេះ បានតវ៉ាមកកាន់ក្រសួងរៀបចំដែនដីនគរ​រូបនីយកម្ម​និង​សំណង់ ៣ដងមកហើយ ​ប៉ុន្តែ​មិន​ទាន់​មានដំណោះស្រាយ។ ក្រុមអ្នកភូមិទាម​ទារសំណងមួយគ្រួសារ​ចង់បាន​ដី ២ហិកតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ