កូន​ស្រី​ និង​អ្នក​ស្គាល់​ នួន ជា អះ​អាង​ថា ​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ផ្ដាំ​ផ្ញើ​ឲ្យ​កូន​ចៅ និង​ពលរដ្ឋ​ខ្មែរ​ចេះ​សាមគ្គី​គ្នា

អ្នកស្រី ឡៅ ជាលីនដា អាយុ ៥២​ឆ្នាំ ជា​កូន​ស្រី​ទី​៣​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ លោក នួន ជា

កូន​ស្រី​ និង​មនុស្ស​ស្គាល់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​គាត់​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​រួប​រួម​សាមគ្គី​គ្នា ជា​អ្វី​ដែល​អ្នកស្រី​ថា ជា​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ឪពុក​របស់​អ្នកស្រី។

បង​ធំ​ទី​២​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក នួន ជា បាន​ទទួល​មរណភាព​នៅ​អាយុ ៩៣​ឆ្នាំ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​នេះ ហើយ​សព​របស់​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​រៀបចំ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ព្រំគិរីមរកត ហៅ​វត្ត​ព្រំ ស្ថិត​នៅ​សង្កាត់​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ​ខេត្ត​ប៉ៃលិន។

នៅ​ឯ​ទី​តម្កល់​សព​ស្ថិត​ក្នុង​វត្ត​ព្រំគិរីមរកត​នោះ អ្នកស្រី ឡៅ ជាលីនដា អាយុ ៥២​ឆ្នាំ ជា​កូន​ស្រី​ទី​៣​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ប្រាប់​ទាំងក្ដុក​ក្ដួល​ថា ឪពុក​របស់​អ្នកស្រី​ប្រាថ្នា​ចង់​ឃើញ​កូន​ចៅ​របស់​គាត់ និង​ពលរដ្ឋ​ខ្មែរ​ ប្រព្រឹត្ត​តែ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន និង​ស្រឡាញ់​សាមគ្គី​គ្នា។

អ្នកស្រី ឡៅ ជាលីនដា ប្រាប់​ថា​៖ «ភាគច្រើន គាត់ផ្តាំមកកូនចៅ ដោយថា ឱ្យជួយអ្នកទន់ខ្សោយ។ ឱ្យមានទឹកចិត្តជួយអ្នកទន់ខ្សោយ​ជាងយើង។ គាត់និយាយអីចឹង។ មួយទៀត ឱ្យថែសុខភាព ខំរៀនសូត្រ ហើយនិងសាមគ្គីគ្នាកុំបែកបាក់»

ព្រះចៅអធិការវត្តព្រំគិរីមរកត និងជាព្រះអនុគណស្រុកសាលាក្រៅផង ព្រះតេជគុណ វែន ចាន់សុម៉ៃ មានសង្ឃដីកាថា ព្រះអង្គបានស្គាល់ លោក នួន ជា តាំងពីក្រោយ​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយរដ្ឋាភិបាលកាលឆ្នាំ១៩៩៨។

ព្រះអង្គថា ដោយសារលោកនួន ជា ជាអ្នកផ្តល់គំនិតផ្សេងៗក្នុងការកសាងវត្តគីរីមរកតនេះផង ទើបលោកបានផ្តាំផ្ញើព្រះអង្គថាក្រោយពេលគាត់ស្លាប់ ឱ្យយកសពរបស់លោកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តនេះ និងបានផ្តាំពលរដ្ឋឱ្យចេះស្រលាញ់ទឹកដី និងស្រលាញ់គ្នាផងដែរ។

ព្រះតេជគុណ វែន ចាន់សុម៉ៃ បន្តថា៖ «កាលដែលអាត្មាធ្លាប់ប្រាស្រ័យជាមួយគាត់ កាលពីឆ្នាំ២០០០ជាងនេះ គឺគាត់​តែងនិយាយអំពីបញ្ហាប្រទេសជាតិហ្នឹង គឺ​គាត់មិនបាននិយាយពាក់ព័ន្ធបញ្ហានយោបាយជ្រៅៗអីណានោះទេ។ ដោយអាត្មាតែងស្តាប់គាត់ហ្នឹង គាត់តែងទូន្មានព្រានប្រដៅ​យើងថា​ ឱ្យយើងខិតខំការពារស្រលាញ់ទឹកដី ដោយគាត់ចេះតែបារម្ភអំពីសង្គមជាតិមួយនេះ»

សព​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​នេះ ត្រូវ​បាន​តម្កល់​នៅ​វត្ត​ព្រំគិរីមរតក​អស់​រយៈ​ពេល ១​យប់ ២​ថ្ងៃ​ហើយ ដើម្បី​សាច់​ញាតិ​ចូល​គោរព​ជាលើក​ចុង​ក្រោយ ប៉ុន្តែ ពុំ​មាន​មនុស្ស​ច្រើន​ចូល​រួម​គោរព​នោះ​ឡើយ។

ភ្ញៀវដែលមកគោរពវិញ្ញាណខន្ធលោក នួន ជា មួយចំនួនជាពលរដ្ឋនៅខេត្តប៉ៃលិន និងមានអតីតកូនចៅរបស់លោក ប៉ុន្តែ ពួកគេមិនបានមកកំដរ​យូរឡើយ ដោយគ្រាន់តែមកអុជធូប ឬគោរពវិញ្ញាណខន្ធសព និងចូលបុណ្យរួចក៏នាំគ្នាទៅវិញ ហើយពួកគេទាំងនោះ ក៏មិនបាននិយាយអ្វីច្រើនដែរ ពិសេសមិន​សូវហ៊ាននិយាយអ្វីប្រាប់អ្នកកាសែតនោះឡើយ។

​ក្រុមគ្រួសារលោក នួន ជា អះអាងថា សព​លោកនឹងតម្កល់ទុកនៅវត្តព្រំ​នោះ​ មុន​នឹង​ត្រូវ​រៀបចំ​បូជា​នៅ​ម៉ោង ៧​យប់​ថ្ងៃ​ទី​០៩ ខែ​សីហា​ខាង​មុខ​នេះ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ការគោរពស្រលាញ់រវាងមេ និងកូនចៅ ព្រមទាំងផ្នត់គំនិតរបស់មេដឹកនាំសម័យខ្មែរក្រហម នៅមានដក់ជាប់ក្នុងសណ្តានចិត្តរបស់ពលរដ្ឋមួយចំនួន​ ប៉ុន្តែ លោកមិនទាន់មើលឃើញពីភាពគំរូរបស់អតីតមេដឹកនាំសម័យខ្មែរក្រហមទាំងនោះឡើយ។

លោកបន្តថា៖ «ប្រសិនបើពាក្យសម្តីនៃការណែនាំ ឱ្យពលរដ្ឋចេះស្រលាញ់គ្នា ចេះសាមគ្គីគ្នា សម្រាប់ពលរដ្ឋខ្មែរវាល្អហើយ ជាសម្តីហ្នឹងមិនថាថ្នាក់ដឹកនាំណាថ្នាក់ដឹកនាំណាទេ ប៉ុន្តែកន្លងមកយើងឃើញរបបខ្មែរក្រហម របស់បានបណ្តុះស្មារតីស្រលាញ់គ្នាហ្នឹងទេ។ មានតែបណ្តុះស្មារតីមិនទុកចិត្តគ្នា គុំគួនគ្នា សង្ស័យគ្នា រាយការណ៍គ្នាទៅវិញទៅមក ដែលហៅថាអង្គការភ្នែកម្នាស់»។

កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩២៦ លោក នួន ជា កាន់​តំណែង​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា​ជាតិ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ ត្រូវបានចាប់ខ្លួន​យក​មក​ជំនុំ​ជម្រះ​ទោស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧ ហើយ​ត្រូវ​បាន​កាត់​ទោស​លើក​ទី​មួយ​នៅ​ឆ្នាំ​២០១៤ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៨ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតផង​ដែរ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ក្រុម​ជន​ជាតិ​ភាគ​តិច​វៀតណាម និង​ខ្មែរ​ឥស្លាម។

អតីតមេដឹកនាំសម័យខ្មែរក្រហមបានស្លាប់ជាបន្តបន្ទាប់ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១មក ដោយរួមមាន លោកសុន សេន និងគ្រួសារត្រូវបានគេសម្លាប់នៅឆ្នាំ១៩៩៧។ អតីតមេដឹកនាំកំពូលសម័យខ្មែរក្រហមលោក សាឡុត ស ហៅប៉ុល ពត បានស្លាប់នៅឆ្នាំ១៩៩៨ ដោយរោគាពាធ។ លោក ឈិត ជឿន ហៅ តាម៉ុក ស្លាប់នៅឆ្នាំ២០០៦។

អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក អៀង សារី បានស្លាប់នៅឆ្នាំ២០១៤។ មួយឆ្នាំ​ក្រោយ​មក ភរិយារបស់លោកអៀង សារី គឺ​អ្នកស្រី អៀង ធារិទ្ធ ជាអតីតរដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៃ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ បានស្លាប់នៅឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ