រដ្ឋាភិបាល​ដក​ទិវា​សន្តិភាព​ក្រុង​ប៉ារីស​​​ពីប្រតិទិនឈប់សម្រាក​ឆ្នាំ​ថ្មី​ជំរុញ​ឲ្យ​មាន​ការ​រិះគន់

សម្ដេចនរោត្ដម សីហនុ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលការស្វាគមន៍ពីពលរដ្ឋ ក្រោយពីវិលត្រលប់មកពីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជំនួបចុះសន្និសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ (រូបភាព៖ បណ្ដាញសង្គម)

រដ្ឋាភិបាល​ប្រកាសលុបចោលថ្ងៃឈប់សម្រាកចំនួន ៦ថ្ងៃ​សម្រាប់ឆ្នាំ២០២០ខាងមុខ ក្នុងនោះមានទាំងថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

ក្នុង​អនុក្រឹត្យចុះថ្ងៃទី២ ខែ​សីហា រដ្ឋាភិបាល​បានកាត់បន្ថយថ្ងៃឈប់សម្រាក​ការងាររបស់មន្ត្រីរាជការ និយោជក កម្មករ ប្រចាំឆ្នាំ២០២០ ពី ២៨ថ្ងៃ មកត្រឹម ២២ថ្ងៃវិញ។

រដ្ឋាភិបាលឲ្យដឹងទៀតថា ថ្ងៃដែលបានលុបចេញពីប្រតិទិននោះមាន ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាជាតិនៃការចងចាំ ២០ឧសភា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា និងលុបចោល ២ថ្ងៃ សម្រាប់ព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ នរោត្តម សីហនុ។

ប្រធានគ្រង់ផ្នែគអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត បង្ហាញការខកចិត្ត​ចំពោះការ​លុបទិវាប្រារព្ធ​ខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចេញពីប្រតិទិនឈប់សម្រាបនេះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ មានប្រសាសន៍ថា កិច្ចព្រមព្រៀអន្តរជាតិនេះ បាននាំមកនូវការឈប់បាញ់ពីគ្រប់ភាគីខ្មែរ ជំនួសមកវិញដោយជំនួយ​ពីសហគមន៍អន្តរជាតិ សម្រាប់អភិវឌ្ឍជាតិ នាំមកនូវការគោរពសិទ្ធិនុស្ស និងប្រជាធិបតេយ្យ។

លោក អំ សំអាត បង្ហាញការយល់ឃើញថា ការដកថ្ងៃ ២៣ តុលា ចេញ​ពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំនេះ អាចធ្វើឲ្យពលរដ្ឋភ្លេចប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ និងធ្វើឲ្យសហគមន៍អន្តរជាតិ កាន់តែមើលឃើញថា រដ្ឋាភិបាលគ្មានឆន្ទៈស្តារស្ថានភាពសិទ្ធិមនុស្ស​តាមយន្តការប្រជាធិតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា​នោះ​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ «យើងឃើញហើយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១នេះ វានាំមកនូវព្រះរាជាណាចក្រកម្ពុជាទី២ ហើយនាំកម្ពុជាឲ្យប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស។ អានេះក្រៅតែអំពីបទឈប់បាញ់ ក្រៅអំពីការអភិវឌ្ឍ ជួយជ្រោមជ្រែងប្រទេសកម្ពុជាឲ្យរួចផុតពីរបបកុម្មុយនីស្តកន្លងមក»

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានសារៈសំខាន់សម្រាប់កម្ពុជាតាំងពីអតីតរហូតដល់អនាគត។ លោកថា កិច្ចព្រមព្រៀងនេះបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បង្កើតឲ្យមានប្រព័ន្ធប្រកួត​អំណាច​តាមរយៈការបោះឆ្នោតដោយតម្លាភាព និងជួយការពារបូរភាពទឹកដី​របស់កម្ពុជាទៀតផង។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ទៀតថា ការដែលរដ្ឋាភិបាល​សម្រេចលុបចោល​ថ្ងៃ ២៣ តុលា​ ចេញពីថ្ងៃឈប់សម្រាកប្រចាំថ្ងៃនេះ លោកថា មិនមែនជារឿងថ្មីទេ ព្រោះរដ្ឋាភិបាលធ្លាប់អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានស្លាប់ទៅហើយ ក្រោយពី​រដ្ឋធម្មនុញ្ញកម្ពុជាបានកើតឡើងនោះ។

អ្នកវិភាគបញ្ហា​សង្គមរូបនេះ ផ្តល់ជាយោបល់ថា បើរដ្ឋាភិបាលឲ្យតម្លៃទៅលើកិច្ចប្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ាសរីនេះ គេគ្រាន់តែយកថ្ងៃទាំងនោះទៅបញ្ចូលជាថ្ងៃបុណ្យផ្សេងទៀត ដោយមិនចាំបាច់លុបចោលទេ។

លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា៖ «គឺយកទិវាសិទ្ធិមនុស្ស១០ធ្នូ ទិវាកុមារអន្តរជាតិហ្នឹងបញ្ចូល ទៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨មីនាទៅ យកមកសរុបទាំងអស់មក អាហ្នឹងធ្វើបានហើយក៏សមរម្យដែរ បើសិនជាយើងនៅឲ្យតម្លៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ហើយយើងត្រូវឲ្យតម្លៃ»។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ហៅការសេចក្ដី​សម្រេច​ចិត្ត​បែប​នេះ​ថា ជាទង្វើប្រឆាំងទៅបំណងប្រាថ្នារបស់សហគមន៍អន្តជាតិ និងពលរដ្ឋខ្មែរដែលស្រឡាញ់ប្រជាធិបតេយ្យ។

អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា​៖ «ដកថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ចេញពីថ្ងៃឈប់សម្រាកបុណ្យជាតិ គឺជាការរំលោភទៅលើកសេចក្តីបំណង និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ»

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នំា១៩៩១ មានប្រទេសចំនួន ១៨ បានចុះហត្ថលេខាទទួលស្គាល់ ក្នុងនោះមានទាំងមហាអំណាចទាំង ៥ផងដែរ ដូចជា ចិន រុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក ជាដើម។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ឯក ថា ឆ្លើយតបដោយខ្លី​ថា ការ​កែ​ប្រែ​ថ្ងៃ​ឈប់​សម្រាករបស់រាជរដ្ឋាភិបាល គឺធ្វើឡើងផ្អែក​លើគោលនយោ​បាយ​លើក​​ទឹកចិត្ត​វិនិយោគទុននៅកម្ពុជា។

លោក ឯក ថា ៖ «ខ្ញុំសូមឆ្លើយដោយខ្លីថា ការសម្រេចទាំងអស់នេះ ​គឺផ្អែកលើ​ការ​ស្នើ​សុំរបស់អ្នកវិនិយោគទុនដែលបានត្អូញត្អែរ​លើថ្ងៃឈប់សម្រាក​របស់យើង​ថា ច្រើនពេក»

ទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១នេះ ត្រូវរដ្ឋាភិបាលលុបចេញពីប្រតិទិនឈប់សម្រាកការងារម្តងហើយកាលពីឆ្នាំ២០០៥ ប៉ុន្តែ បានសម្រេចដាក់បញ្ចូលវិញនៅឆ្នាំ២០១២ ពោលគឺក្រោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ចូលទីវង្គត។

រដ្ឋាភិបាល អះអាងពេលនោះថា ការដាក់ឡើងបញ្ចូលថ្ងៃ២៣ តុលា ទៅក្នុងថ្ងៃឈប់សម្រាកឡើងវិញនេះថា ជា​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋា​ភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​វីរភាព​របស់​សម្តេចព្រះ នរោត្តម សីហនុ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀងនេះ នាំ​ឲ្យ​កម្ពុជា​​សម្រេច​បាន​នូវ​ការបោះឆ្នោត​ មាន​សភាធម្មនុញ្ញ មាន​រដ្ឋធម្មនុញ្ញ ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ