CNRP រំឭកជាថ្មីឱ្យរដ្ឋាភិបាល​បើកលំហប្រជាធិបតេយ្យឡើងវិញដើម្បីសង្គ្រោះ EBA

CNRP អំពាវនាវទៅរដ្ឋាភិបាលឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA

អតីតគណបក្សប្រឆាំងចេញលិខិតចំហថ្មីទៀត អំពាវនាវទៅរដ្ឋាភិបាលឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA ។

លិខិតចំហចុះថ្ងៃទី៦សីហា អតីតបក្សប្រឆាំង បានលើកឡើងថា ខ្លួនគាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលបានលើកឡើងនៅឯសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១សីហា ទាក់ទិនទៅនឹងអឺរ៉ុបមិនប្តូរជំហរ លើវិធានការរបស់ខ្លួន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។

លិខិតដដែល លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថា ខ្លួនមានឆន្ទះរួមចំណែកជំរុញឱ្យមានការផ្លាស់ប្តូរក្នុងគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

លិខិតនេះ ចាត់ទុកថា ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាដោយសន្តិវិធីរបស់ លោក សម រង្ស៊ី ជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងបន្ថែមថា ការចេញសេចក្តីថ្លែងការនេះ មានគោលបំណង ទប់ស្កាត់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងឥទ្ធិពលចិន ដែលថា ជាដើមហេតុជំរុញឲ្យប្លុកលោកសេរីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីកម្ពុជា បង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់។

លោកស្រីថា៖«គណបក្សសង្គ្រោះជាតិគិតប្រយោជន៍ប្រទេសជាតិទាំងមូល ផលប្រយោជន៍សេដ្ឋកិច្ចផង សង្គមផង និងយុត្តិធម៌ជូនប្រជាពលរដ្ឋទាំងមូល លើសពីនេះទៅទៀតគណបក្សសង្គ្រោះជាតិនៅតែទាមទារដោយទទូច ឲ្យមានាការផ្សះផ្សាជាតិ ឲ្យមានដំណោះស្រាយជូនប្រទេសជាតិយើង»។

ការអំពាវនាវជាថ្មីទៀត របស់អតីតគណបក្សប្រឆាំងនេះ ធ្វើឡើងចំពេលដែលសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តវិធានការជំហានទី២ លើវិធានការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានច្រានចោលការលើកឡើងនេះ ដោយអះអាងថា  ការចូលប្រទេសវិញ របស់លោកសម រង្ស៊ី  ត្រូវចាប់បង្ខំឱ្យអនុវត្តទោស ។

 លោកថា៖«ខ្ញុំយល់ថាប្រជាធិបតេយ្យនៅកម្ពុជាមានខូចខាតអី បើខូចខាតសង្គមយើងមិនរក្សាបាននូវសន្តិភាពស្ថិរភាពនយោបាយទេ។ អ៊ីចឹងអ្វីដែលគាត់និយាយនេះវាផ្ទុយអំពីការពិតជាក់ស្តែងនៅកម្ពុជា»

អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា ហៅវិធានការផាត់អតីតគណបក្សប្រឆាំងចេញពីឆាកនយោបាយដោយប្រើប្រាស់ប្រព័ន្ធយុត្តិធម៌មួយមិនបានផ្តល់ជំនឿដល់ពលរដ្ឋគ្រប់និន្នាការនោះ លោកថា ហាក់បានដើរផ្ទុយពីការមើលឃើញរបស់សហគមន៍អន្តរជាតិដែលគេមានប្រព័ន្ធច្បាប់រឹងមាំ។

អ្នកឃ្លាំមើលរូបនេះផ្តល់ជាយោបល់ថា អ្នកនយោបាយគួរចេះទទួលស្គាល់ការពិត ហើយស្វែងរកដំណោះស្រាយតម្កល់ប្រយោជន៍ជាតិជាធំ ដើម្បិទប់ស្កាកត់កុំឱ្យកម្ពុជារអិលធ្លាក់ទៅក្នុងការហំព័ទសេដ្ឋកិច្ច និងវិបត្តិសង្គម។

លោកថា«គ្រប់អ្នកនយោបាយត្រូវចេះតម្កល់ប្រយោជន៍ជាតិជាធំ។ អ៊ីចឹងបើយើងនៅតែប្រកាន់ផលប្រយោជន៍ដែលគេហៅថាអាត្មានិយម បានទៅលើតែក្រុមមួយ ក្រុមមួយទៀតឈឺចាប់ ត្រង់ហ្នឹងហើយដែលអន្តរជាតិគេមើលឃើញថារូបភាពទាំអស់ហ្នឹងមិនមែនជារឿអអនុវត្តច្បាប់»។

បើតាមលោក ស៊ឹង សែន ករុណា ការវាយតម្លៃថាប្រទេសមួយមានប្រជាធិបតេយ្យ គេប្រើប្រព័ន្ធវាយតម្លៃ ទៅលើប្រព័ន្ធបោះឆ្នោត មានលក្ខខណសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដែលគ្រប់និន្នាការយោបាយអាចចូលរួមប្រកួតបាន ហើយទទួលយកលទ្ធផលបោះឆ្នោត ដោយគ្មានការគំរាមកំហែង សេរីភាពអង្គការសង្គមស៊ីវិល សិទ្ធិពលរដ្ឋ សេរីភាពសម្តែងមតិ សិទ្ធិបង្កើតអង្គការសមាគម សេរីភាពសារព័ត៌មានឯករាជ្យ និងប្រព័ន្ធយុត្តិធម៌ជាស្ថានប័នឯករាជ្យ ។

អតីតមន្ត្រីខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ក្រោយបិទកិច្ចប្រជុំនៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី១សីហា លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានថ្លែងឆ្លើយតបសំណួររបស់អ្នកកាសែតជប៉ុន អំពីវិធានការដក EBAនេះថាសហភាពអឺរ៉ុប មិនដែលបានដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសកម្ពុជាទេ។

ប៉ុន្តែលោកស្រីថា « លក្ខខណ្ឌនេះមិនបានផ្លាស់ប្តូរទេ។ អ្វីដែលបានផ្លាស់ប្តូរពិតប្រាលដនោះ គឺការធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ»។

សហភាពអឺរ៉ុប បានប្រកាសរួចហើយកាលពីខែតុលា ឆ្នាំ២០១៨ ពីវិធានការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយថា វិធានការនេះ ប្រើពេល៦ខែពីរដង ដែលខែសីហានេះ ជាការអនុវត្តជំហាទី២ ។

ជំហានទី២នេះ សហភាពអឺរ៉ុបថា នឹងប្រកាសឱ្យដឹងនៅពាក់កណ្តាលខែនេះលើវិធានការរបស់ខ្លួន បើបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែបន្តធា្លក់ចុះ ។

និយ័តកម្មអនុគ្រោះពន្ធចែងថា ផលប្រយោជន៍ដែលទទួលបានពីប្រព័ន្ធនេះនឹងត្រូវផ្អាកក្នុងករណីមាន «ការរំលោភជាប្រព័ន្ធ និងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្ស» ដែលមានចែងក្នុងអនុសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារដូចមានចែងក្នុងឧបសម្ព័ន្ធទី ៨ នៃនិយតកម្មដែលសហភាពអឺរ៉ុប បានអនុម័តកាលពីឆ្នាំ ២០១២។

របត់នយោបាយនៅកម្ពុជា ដែលឈានទៅផាត់គណបក្សប្រឆាំងចេញពីឆាកនយោបាយនេះ មិនមែនមានតែសហភាពអឺរ៉ុបទេដែលគំរាមកំហែងពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ សហរដ្ឋអាមេរិកក៏បានគំរាមកំហែងដូចគ្នាពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធGSP ដែរ។

ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ជាផ្នែកមួយដែលប្រទេសលោកសេរី យកធ្វើជាសម្ពាធ ទាមទារទៅរដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យ តាមរយៈដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានដំណើរការឡើងវិញ។

របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប (GDP) របស់កម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ