លទ្ធផលជំរឿន៖ កម្ពុជាមានប្រជាជនរស់នៅប្រមាណ​ជាង១៥លាន២​សែន​នាក់​

រូបភាពអ្នកចូលរួមទស្សនាពិធីបុណ្យអុំទូកកាលពីពេលកន្លេងទៅ (រូបភាពដោយលោក បូ សាវី)

ក្រសួងផែនការប្រកាសថា របាយការណ៍បឋមសម្រាប់ការធ្វើជំរឿននៅឆ្នាំ២០១៩ នេះថា ប្រជាជនដែលកំពុងរស់នៅកម្ពុជាបច្ចុប្បន្នមានជាង១៥លាននាក់។​

តាមតួលេខបណ្ដោះអាសន្ននៃជំរឿនឆ្នាំ២០១៩ បង្ហាញថាបើគិត ត្រឹមថ្ងៃទី០៣មីនាឆ្នាំ២០១៩ប្រជាជនដែល​រស់​នៅកម្ពុជាទាំងអស់ មានជាង១៥(ជាង១៥ ២៨៨ ៤៨៩)។ ក្នុងនោះមនុស្សប្រុសមាន ជាង៧លាន៤សែន(៧ ៤១៨ ៥៧៧)នាក់និង​មនុស្សស្រីជាង៧លាន៨សែន( ៧ ៨៦៩ ៩១២)នាក់។ តួលេខនេះ មិនរាប់បញ្ជូលចំនួនពលរដ្ឋខ្មែរមានប្រមាណជាង១លាន២សែន៣ម៉ឺននាក់ដែលចំណាកស្រុកនិង មិនបានរាប់​តំណាងអង្គទូត​និងមន្ត្រី​ការទូត​ដែល​បំពេញ​ការងារក្នុងប្រទេសកម្ពុជានោះទេ។

ជំរឿនក៏រកឃើញដែរថា កំណើនប្រជាជនកម្រិត​ថ្នាក់ជាតិកើនឡើងយឺតដោយ​សារ​អត្រាផ្ដល់កំណើតនិង​អត្រាកំណើន​ប្រជាជនបានថយចុះ បើផ្អែកតាមលទ្ធផលព្យាករណ៍ដែលរំពឹងទុក។ អត្រា​កំណើនប្រជាជនប្រចាំឆ្នាំពី១,៥% ពីឆ្នាំ១៩៩៨ដល់២០០៨ ខណៈពីឆ្នាំ២០០៨​ដល់២០១៩កើនឡើងត្រឹម១,២% ។

រដ្ឋមន្ត្រីក្រសួងផែនការ លោកឆាយ ថន មានប្រសាសន៍ថា តួលេខនៃជំរឿននេះ​ជាតួលេខបណ្ដោះអាសន្នដែលអាចប្រើប្រាស់បាន ហើយតួលេខពិតប្រាកដ​នឹងប្រកាសជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២០។ លោកបន្តថាលទ្ធផល​ជំរឿន​នឹងត្រូវយកទៅផ្សព្វផ្សាយ រាជធានីខេត្តទាំង២៥នៅទូទាំងប្រទេស ហើយតួ​លេខ​គួរឱ្យទុកចិតុ្តនេះ ជា​ទុនសម្រាប់កិច្ចការអភិវឌ្ឍន៍​តាមខេត្តនី​មួយៗ។

លោកឆាយ ថន ៖ តួលេខបណ្ដោះអាសន្ននៃជំរឿទូទៅ​ប្រជាជនឆ្នាំ២០១៩​ដែលត្រូវផ្សព្វផ្សាយថ្ងៃនេះ គឺផ្អែកលើការពិនិត្យពិច័យយ៉ាង​ហ្មត់ចត់លើតួលេខ​សង្ខេបដែលរៀបចំឡើងដោយមន្ត្រីសម្ភាសន៍។

បើតាមក្រសួងផែនការ ជំរឿនប្រជាជនឆ្នាំ២០១៩នេះអនុវត្តតាមវិធីសាស្ត្រ​ឃើញ​រាប់ (De Facto)។ ជំរឿននេះប្រើប្រាស់កម្លាំងមន្ត្រី ៩២០០នាក់​ដោយ​សម្ភាសន៍​​​ប្រជាពលរដ្ឋប្រមាណ៣លាន៧សែន​គ្រួសារ ក្នុងរយៈពេល១១ថ្ងៃ។ ក្រៅពីគ្រួសារធម្មតា ពលរដ្ឋនៅតាមសណ្ឋាគារ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ​ក៏ត្រូវរាប់បញ្ចូលដែរ។ លទ្ធផលជំរឿននេះរកឃើញថា កម្ពុជាមានដង់ស៊ីតេ​ប្រជាជនជាមធ្យម៨៦នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខណៈដែលពលរដ្ឋនៅ​អាស៊ានជាមធ្យម១២៦នាក់ក្នុង១គីឡូម៉ែត្រការ៉េ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា ផ្ទៃដីនៅកម្ពុជា​ធំនៅ​ឡើយបើធៀបនឹងដង់ស៊ីតេប្រជាជន។ ចំណុចនេះលោកនៅតែ​លើកទឹក​ចិត្តឱ្យ​គ្រួសារនីមួយៗ​មានកូន​ច្រើនបើទោះជាគំនិតនេះត្រូវរង​ការរិះគន់ក៏​ដោយ។ លោកមានប្រសាសន៍ថា អ្នកវិភាគដែលរិះគន់លោកជុំវិញ​ការជំរុញឱ្យ​យកកូនច្រើននេះ មិនបានគិត​ឱ្យបានទូលាយពីកត្តាផ្សេងៗក្រៅពីជីវភាព​គ្រួសារនោះឡើយ។

លោក ស ខេង៖ កម្ពុជាយើងមានដី​ធំ អាចដាក់ប្រជាជនច្រើនជាងនេះ ។​កន្លង​មក​មាន​គេវិភាគ​ច្រើន​ពីរឿងយកកូនច្រើន តែអ្នកវិភាគទាំងនោះមើល​ឃើញ​មួយជ្រុងប៉ុណ្ណោះ។ យើងទាំងអស់គ្នាចង់បានមនុស្សច្រើនដើម្បី​កំណើនលើ សេដ្ឋកិច្ចជាតិ និងកត្តានយោបាយជាតិជាដើម។​ចាស់ៗជំនាន់មុនគាត់​មាន​កូន​ច្រើនណាស់យ៉ាងតិចក៏៦នាក់ដែរពួកគាត់ចិញ្ចឹមរស់ ។

លទ្ធផលបណ្ដោះអាសន្ននៃជំរឿនប្រជាជននេះ រកឃើញថា រាជធានីភ្នំពេញមាន​ប្រជាជនរស់នៅច្រើនជាងគេក្នុងបណ្ដាលខេត្តទាំងអស់ទូទាំងប្រទេស ប្រមាណ​ជាង២លាន១សែននាក់(២ ១២៩ ៣៧១នាក់) ខណៈខេត្តកែបមានមនុស្ស​រស់​នៅ​​តិចជាងគេ គឺមានប្រមាណ៤ម៉ឺន១ពាន់៧៩៨នាក់។​

ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ មានប្រសាសន៍ថា លោកចង់ឱ្យរាជរដ្ឋាភិបាលតាមរយៈ​ក្រសួងផែនការ​រៀបចំកម្រងសំណួរជំរឿន ឱ្យបានល្អជាងមុនដើម្បីឱ្យលទ្ធផល​ជំរឿនអាចប្រើ​ប្រាស់​បានលើសពីអ្វីដែលកំពុងតែបង្ហាញនៅពេលនេះ។

លោកសន​ ជ័យ៖ លទ្ធផលជំរឿននេះគេគ្រាន់តែ​សួរយើងតាមអ្វីដែល​គេឃើញ​ជាក់ស្តែង ដូចជាមានឡានប៉ុន្មានមានទូរទស្សន៍ប៉ុន្មាន ផ្ទះប៉ុន្មានប៉ុន្តែ​មិនបាន​សួរពីរឿងជំពាក់បំណុលប៉ុន្មានទេ?យើងចង់សួរឱ្យគាត់បំណងប្រាថ្នាអនាគតរបស់ពលរដ្ឋថាចង់បានអី ចង់ធ្វើអីនៅ១០ឆ្នាំខាងមុខនេះ។​យើងចង់ឆ្លើយតែ​គេមិនបានសួរយើង។

តាមរយៈវេទិកាផ្សព្វផ្សាយនៅព្រឹកនេះ មានការលើកឡើងមួយពីចំណុច​អសកម្ម​មួយចំនួនរបស់មន្ត្រីដែលចុះសម្ភាសន៍ប្រជាពលរដ្ឋ រួមមានរបៀបចុះស្រង់​ទិន្ន​ន័យ កម្រងសំណួរដែលបានរៀបចំ និង ករណីមួយចំនួនទៀតគឺ មន្ត្រីមិនបានចុះទៅ សម្ភាសន៍ដល់ផ្ទះតែម្តង។

ទាក់ទងនឹងចំណុចអសកម្មនេះ អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ អ្នកស្រី ហង់ លីណា មានប្រសាសន៍ថា ចំណុចល្អៀងនិងអសកម្មមួយចំនួនកើតឡើង​ ជៀសមិនផុត​ឡើយ​ប៉ុន្តែចំណុចទាំងនោះ ស្ថិតក្នុងស្ថានភាពដែលអាចទទួល​យកបាន។​ អ្នកស្រីបញ្ជាក់ថា​ពេលជំរឿនលើក្រោយវិទ្យាស្ថានជាតិ​ស្ថិតិនឹង​បន្ថែម​កម្រងសំណួរផ្សេងៗទៀត​ដើម្បីឱ្យដឹងកាន់តែច្រើនពីតម្រូវការ​និង​ការលំបាករបស់ប្រជាពលរដ្ឋ។

អ្នកស្រី ហង់ លីណា៖ ជំរឿននៅប្រទេសណាក៏មានចំណុចលំអៀងខ្លះ​ដែរ​ប៉ុន្តែយើង​អាច​យកជាការបានឱ្យតែចំណុចលម្អៀងតិចតួច។​ ចំពោះសំណួរ​សម្រាប់សម្ភាសន៍វិញ ពេលនេះយើងចង់ដឹងថា ពលរដ្ឋមានអីសិន បើដឹង​ហើយនឹងរៀបចំគោល​នយោបាយឱ្យត្រូវស្របតាមតម្រូវការពលរដ្ឋ។ លើកក្រោយនឹងគ្រោងកែលំអរសំណួរទាំងនេះ។

ជំរឿនទូទៅនៃប្រជាជនកម្ពុជាធ្វើឡើងជាច្រើនដងមកហើយ។នៅឆ្នាំ១៩៦២ កម្ពុជាប្រមូលស្ថិតិប្រជាជនដោយរកឃើញថា មានមនុស្ស៥លាន៧សែននាក់ ខណៈឆ្នាំ១៩៧៩ ការអង្កេតប្រជាសាស្ត្ររកឃើញថាកម្ពុជា​មានមនុស្ស៦លាន៦​សែននាក់។ ការធ្វើជំរឿនឆ្នាំ១៩៩៨ រកឃើញថាប្រជាជននៅកម្ពុជាមានចំនួន​១១លាន៤​សែននាក់។ជំរឿនឆ្នាំ២០០៨ រកឃើញថា ប្រជាជននៅកម្ពុជាមាន​ប្រមាណ​ជាង១២​លាន៨សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ