អាជ្ញាធរ​ហុងកុង​ចាប់​ខ្លួន​បាតុករ​ជាង​១០០​នាក់​ ខណៈ​ចិន​ព្រមាន​កុំ​ឲ្យ​ប្រឡែងជាមួយ​ភ្លើង

មនុស្ស​ជាង ១០០​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ហុងកុង​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​បង្កើត​ច្បាប់​បត្យាប័ន ដែល​បានអូស​បន្លាយ​កាន់​តែ​យូរ​នៅ​ក្នុង​ទីក្រុង​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរ​ជាតិ​មួយ​នេះ។

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា មនុស្ស​ដល់ទៅ ១៤៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ហុងកុង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ហើយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដល់​ទៅ ៨០០​បំពង ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ទៅ​លើ​ក្រុម​បាតុករ។

ទីក្រុង​ហុងកុង បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​វឹក​វរ​អស់​រយៈ​ពេល ២​ខែ​មក​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​មួយ​នេះ បាន​ស្នើ​បង្កើត​ច្បាប់​បត្យាប័ន​ជាមួយ​ក្រុង​ប៉េកាំង ដែល​សំណើ​ច្បាប់​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា នឹង​គំរាម​កំហែង​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ក្រុម​អ្នក​រិះគន់​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។

​សារព័ត៌មានសិង្ហបុរី​ដដែល បាន​ចុះ​ផ្សាយ​បន្ត​ថា សមត្ថកិច្ច​ទីក្រុង​ហុងកុង បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ទីតាំង​តវ៉ា ២៣​កន្លែង​ផ្សេងៗ​គ្នា​ រួម​មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​ហុងកុង និង​សង្កាត់​ពាណិជ្ជកម្ម​កូវឡុន​ ជា​ដើម។

ប៉ូលិស​ទីក្រុង​ហុងកុង បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ត្រឹម​តែ​១​ថ្ងៃ​ច័ន្ទ​កន្លង​មក​នេះ​ប៉ុណ្ណោះ សមត្ថកិច្ច​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​អស់ ៨០០​បំពង់ ពោល​ជា​ចំនួន​ដ៏​ច្រើន​ស្ទើ​តែ​ស្មើ​នឹង​ចំនួន​ ១០០០​បំពង់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល ២​ខែ​មក​នេះ ដើម្បី​បង្ក្រាប​លើ​ចលនា​បាតុកម្ម។

ចំណែក​ក្រុម​អ្នក​តវ៉ា​វិញ បាន​ហៅ​សកម្មភាព​របស់​ប៉ូលិស​ថា ជា​ការ​រារាំង​ពួកគេ និង​រារាំង​អ្នក​សារព័ត៌មាន មិន​ឲ្យ​រាយការណ៍​អំពី​បាតុកម្ម តាម​រយៈ​ការ​ដេញ​វាយ​លើ​អ្នក​សារព័ត៌មាន​មាន​ម៉ាស៊ីន​ថត​វីដេអូ​នៅ​លើ​ដង​ខ្លួន។

ក្រុង​ប៉េកាំង​បាន​ព្រមាន​ទៅ​ដល់​ក្រុម​បាតុករ​ទីក្រុង​ហុងកុងថា កុំ​ឲ្យ​ប្រឡែង​លេង​នឹង​ភ្លើង ហើយ​ថា អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រឡែង​លេង​ភ្លើង នឹង​រង​គ្រោះ​ដោយ​សារ​ភ្លើង។ នេះ​គឺ​ជា​សារ​ព្រមាន​ធ្ងន់​ៗ​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន ដែល​ប្រាប់​ក្រុម​បាតុករ​កុំ​ឲ្យ​មើល​ស្រាល​ទៅ​លើ​កម្លាំង​របស់​រដ្ឋាភិបាល​កណ្ដាល។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង លោក យ៉ាង ហ្គួង អ្នក​នាំ​ពាក្យ​នៃ​ការិយាល័យ​កិច្ចការ​បរទេស​ទទួល​បន្ទុក​ដែន​ដី​ហុងកុង និង​ម៉ាកាវ ហៅ​បាតុកម្ម​នោះ​ថា ធ្វើ​ឡើង​ដោយ​ក្រុម​ជ្រុល​និយម ដែល​ជះ​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ទៅ​លើ​វិបុលភាព ស្ថិរភាព​របស់​ទីក្រុង​មួយ​នេះ ព្រម​ទាំង​រុញ​ច្រាន​ហុងកុង​ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។

ក្រុង​ប៉េកាំង​បាន​ប្រកាស​ថា នៅ​តែ​បន្ត​គាំទ្រ​ការ​ដឹកនាំ​របស់​អ្នកស្រី Carries Lam ដែល​ក្រុម​បាតុករ​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ជា​មេដឹកនាំ​ដែន​ដី​រដ្ឋបាល​ពិសេស​មួយ​នេះ ដើម្បី​ធានា​ថា សំណើ​ច្បាប់​បត្យាប័ន​នឹង​មិន​ត្រូវ​បាន​នាំ​យកមក​ជជែក និង​អនុម័ត​នោះ​ឡើយ។

​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ទៀត​របស់​ក្រុង​ប៉េកាំង បាន​ចាត់​ទុក​បាតុកម្ម​នេះ​ថា ជា​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចាប់​តាំង​ពី​​ដែន​ដី​មួយ​នេះ​បាន​វិល​ត្រឡប់​ទៅ​ស្ថិត​នៅ​ក្រោម​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ