សាកលវិទ្យាល័យមួយនៅហុងកុងចេញមុខ​ការពារនិស្សិតរបស់​ខ្លួនដែល​ពាក់ព័ន្ធបាតុកម្ម​

តំណាងសាស្រ្តចារ្យសាកលវិទ្យាល័យHong Kong Baptist កំពុងអាន​សេចក្តីថ្លែងការណ៍ទាមទារដោះលែងតំណាងនិស្សិតរបស់ខ្លួនកាលពីថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩។ (រូបភាព៖rthk)

សាកលវិទ្យាធិការ​ និង ក្រុមសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ​ Hong Kong Baptist បាន​ចេញមុខការពារ និងទាមទារឲ្យសមត្ថកិច្ចហុងកុង ដោះលែង​តំណាង​និស្សិតរបស់​ខ្លួនដោយគ្មានលក្ខខណ្ឌ ក្រោយ​ពីនិស្សិតរូបនោះត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធនឹងការទិញ​សម្ភារៈដែលសង្ស័យថាយកទៅប្រើ​ប្រាស់​ក្នុងបាតុកម្ម​។

កាលពីថ្ងៃពុធម្សិលមិញ ក្រុម​សាស្ត្រាចារ្យ និង ថ្នាក់ដឹកនាំ នៅ​សាកលវិទ្យល័យ Hong Kong Baptist ជាង៤០នាក់ បាន​ចេញ​សេចក្តីថ្លែងការណ៍មួយដោយហៅ​ការចាប់​ខ្លួនប្រធានសហភាព​​និស្សិតឈ្មោះ​ Keith Fong ជារឿងមិនសមហេតុផល​ទាល់តែសោះ។ ក្រុម​សាស្ត្រាចារ្យទាំងនោះ បាន​រិះគន់​ធ្ងន់ៗថា​ប៉ូលីសហុងកុងបានរំលោភអំណាច ​និងធ្វើការចាប់ខ្លួនពលរដ្ឋ​តាមតែអំពើចិត្ត។

តាមការចុះផ្សាយរបស់សារព័ត៌មានRadio Television Hong Kong (rthk) ​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​Hong Kong Baptistលោក Roland Chin ក៏បាន​ចេញមុខទៅនិយាយដោយផ្ទាល់​ជាមួយសមត្ថកិច្ចឲ្យ​ដោះស្រាយ​បញ្ហានិស្សិតរបស់​ខ្លួន​ដោយយុត្តិធម៌។ សាកលវិទ្យាល័យ​ ថែម​ទាំាងបាន​អះអាងរកមេធាវីជួយដល់និស្សិតរបស់​ខ្លួនផងដែរ។

ជាលទ្ធផល ​សមត្ថកិច្ចហុងកុងនៅល្ងាចថ្ងៃព្រហស្បតិ៍​ បាន​​ដោះលែង​ប្រធានសហភាព​និស្សិតប្រចាំសាកលវិទ្យាល័យHong Kong Baptist  ដោយគ្មាន​លក្ខខណ្ឌ។ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​Hong Kong Free Press។

សមត្ថកិច្ចហុងកុង បានចាប់ខ្លួនប្រធានសហភាពនិស្សិតប្រចាំសាកលវិទ្យាល័យHong Baptist លោក  Keith Fong នៅពេលដែល​រូបគេទិញ​ប៊ិច​ឡាស៊ែ១០ដើមកាលពីយប់ថ្ងៃអង្គារ។ ប៉ូលីសហុងកុង បានលើកឡើងថា​ប៊ិច​ឡាស៊ែទាំងនោះអាចប្រើប្រាស់​ជាអាវុធវាយប្រហារសមត្ថកិច្ច​នៅពេល​បាតុកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ