មេធាវីការពារអតីតបុគ្គលិកអាស៊ីសេរីថាតុលាការគ្មានភស្តុតាងដាក់បន្ទុក

លោក អ៊ួន ឈិន អតិតបុគ្គលិកអាស៊ីសេរី (រូបភាពដោយ ហ៊ី ឆាយ)

សហមេធាវីការពារក្តីឲ្យអតីតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាក់ទងនឹងសំណុំរឿង «​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» បានធ្វើសេចក្តីសន្និដ្ឋានក្នុងអង្គសវនាការនាព្រឹកនេះ ថា តំណាងអយ្យ​ការ​ មិនមានភស្តុតាងគ្រប់គ្រាន់​ ដាក់បន្ទុកលើកូនក្តីរបស់លោកស្របតាមច្បាប់នោះទេ។

ក្នុងសវនាការនៅព្រឹកថ្ងៃនេះ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ លោក អ៊ឹម វណ្ណៈ បានឲ្យតំណាងអយ្យការ​សាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង និងសហមេធាវី ធ្វើសេចក្តីសន្និដ្ឋាន ម្តងម្នាក់​ លើសំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបផងដែរ​។

ក្នុង​សេចក្តីសន្និដ្ឋានថ្ងៃនេះ សហមេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី បានលើកឡើងថា តាមការអានរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ របាយការណ៍ធ្វើកោសល្យវិច្ច័យ ការជួលបន្ទប់នៅជាន់ខ្ពស់ រួមទាំង       សម្ភា​រប្រើ​ប្រាស់របស់កូនក្តីលោក មិនមានចំណុចណា បង្ហាញថា កូនក្តីលោក បានផ្តល់ការសម្ងាត់ទៅឲ្យរដ្ឋបរទេសធ្វើឲ្យប្រទេសជាតិមានចលាចល និងទទួលបានប្រយោជន៍ពីបរទេសនោះទេ។

ករណីនេះ សហមេធាវីសន្និដ្ឋានទៀតថា នៅក្នុងអង្គច្បាប់មិនមានភស្តុតាងណាដាក់បន្ទុកកូនក្តី ដោយគ្រាន់តែយកព័ត៌មានសាធារណៈផ្សព្វផ្សាយនោះឡើយ មេធាវីទាំងនោះស្នើទៅតុលាការទំលាក់បទចោទលើកូនក្តីរបស់លោកផងដែរ។

ប្រសាសន៍មេធាវីអំឡុងពេលធ្វើសេចក្តីសន្និដ្ឋាន៖ «បើគ្រាន់តែយកព័ត៌មានសាធារណៈផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹង បានឮ ហើយមានទោស មិនដឹងថា កម្ពុជា មានគុកដាក់មនុស្សដែរច្រើនដែរឬទេ»។

ទោះជាបែបនេះក្តីតំណាងអយ្យការ លោក សេង ហ៊ាង នៅតែស្នើទៅតុលាការ រក្សាបទចោទដដែល​ ពីព្រោះអ្នកទាំងពីរនាក់នោះ ពិតជាមានចេតនាទុច្ចរិត យកសម្ភារទៅទុកនៅបន្ទប់ជួលជាន់ខ្ពស់ គ្មានអង់     តែន​ប្រើ និងងាយស្រួលបញ្ជូន​​ព័ត៌​​មាន​ទៅឲ្យបរទេស បើកស្ទូតយោកាត់តប្រហែលជា   ៣ខែ មិនមានច្បាប់ត្រឹមត្រូវ រួមទាំងរបាយការណ៍របស់មន្ត្រីនគរបាលយុត្តិ​ធម៌​ ភស្តុងតាង និងឯកសារបញ្ឈប់ពីបុគ្គលិកវិទ្យុអាស៊ីសេរីជាដើម។

ចំណែកអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សំណូមពរទៅចៅក្រមជំនុំ  ជំរះ ទម្លាក់បទចោទលើពួកគេទាំងពីរនាក់ ដើម្បីឲ្យពួកគាត់មានសេរីភាពឡើងវិញ។

លោក អ៊ួន ឈិន បានលើកឡើងនៅក្រៅបន្ទប់សវនាការថា គាត់ហាក់មានសង្ឃឹមតិចតួចថា តុលាការនឹងសម្រេចទម្លាក់បទចោទលើពួកគាត់។

លោកមានប្រសាសន៍ថា៖ «បងគ្រាន់តែលួចមានការសង្ឃឹមខ្លះៗ សំខាន់ជាការសម្រេចរបស់តុលាការ ប៉ុន្តែខ្ញុំរំពឹងថា គាត់នឹងផ្តល់យុត្តិធម៌ ហើយទំលាក់ការចោទប្រកាន់​​ឲ្យយើងមានសេរីភាពពេញលេញនៅថ្ងៃហ្នឹង [ថ្ងៃ៣០ ខែសីហា]»។

រីឯ លោក យាង សុធារិន្ទ ឯណោះវិញ ថ្លែងប្រាប់អ្នកសារព័ត៌មានថា បើតុលាការសម្រេចសេចក្តីឈលើគោលការឯករាជ្យ ពួកគេនឹងរួចផុតពីការចោទប្រកាន់ទាំងនោះ។

លោកមានជំនឿដូចនេះថា៖  «ផ្អែកលើគោលការណ៍យុត្តិធម៌ប្រាកដណាស់ ពួកខ្ញុំនឹងរួចផុតពីការចោទប្រកាន់ទាំងអស់ ពីព្រោះខ្ញុំមើលពីព្រឹកមិញ ទាំងអ៉នះអំណាងទាំងសងខាង គឺការដេញដោលរយៈពេលកន្លងទៅ វាអត់មានចំណុចណា ដែលខ្ញុំយល់ថាបានប្រព្រឹតបទល្មើសដូចការចោទប្រកាន់ទេ ខ្ញុំនៅតែមានសេចក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកខ្ញុំ»

សរុបមកវិញ នៅព្រឹកថ្ងៃនេះ តុលាការបានលើកយកសំណុំរឿង ចំនួន​ពីរពាក់ព័ន្ធនឹង​បទល្មើស​«​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» និង​ទី​ពីរ​បទ​«​ផលិត​វីដេអូ​អាសអាភាស​»  ប៉ុន្តែសំណុំរឿងអាសអាភាសនោះ ត្រូវបានតុលាការជំនុំជំរះជាអសាធារណៈ ដោយពុំអនុញាតឲ្យអ្នកតាមដានសង្គម និងអ្នកសារព័ត៌មានចូលស្តាប់នោះទេ។

ទាក់ទងនឹងសំណុំរឿងទាំងនោះខាងលើនេះ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី នៅតែអះអាងថា ពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

ក្រោយពីធ្វើសេចក្តីសន្និដ្ឋាន និងជំនុំជំរះសំណុំរឿងអាសអាភាស ជាអសាធារណៈ គឺប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ លោក ​អ៊ឹម វណ្ណៈ សម្រេចប្រកាសសាលក្រមលើសំណុំរឿងទាំងពីរខាងលើនេះ នៅថ្ងៃទី៣០ ខែសីហា វេលាម៉ោង៨ : ៣០នាទីព្រឹក។

ក្រោយពីស្តាប់ការសួរដេញដោលក្នុងអង្គសវនាការពេញមួយព្រឹកនេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា កត់សំគាល់ថា សេចក្តីសន្និដ្ឋានរបស់សហមេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរី មានប្រៀបច្រើន​ជាងសេចក្តីសន្និដ្ឋានរបស់​តំណាងអយ្យការ។

ប៉ុន្តែលោក ករុណា អះអាងថា បើនៅចុងខែខាងមុខ តុលាការមិនសម្រេចសេចក្តីឈរលើគោលការណ៍ឯករាជ្យរបស់ខ្លួនទេ និងធ្វើឲ្យពលរដ្ឋអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោក មានប្រសាសន៍ថា«យើងកំពុងតែបាត់បង់ពីជំនឿចិត្តពីប្រជាពលរដ្ឋ និងសាធារណៈជន ឬក៏មតិរបស់អន្តរជាតិស្រាប់ផង ហើយបើយើងនៅតែបន្តសំរេចសេចក្តីមួយទាំងមិនមានភាពត្រឹមត្រូវបែបនេះ យើងដឹងហើយវាកាន់តែមានសភាពធ្ងន់ធ្ងរទៅទៀត ជំនឿចិត្តប្រជាពលរដ្ឋស្ទើរតែលែងមានតែម្តង ហើយគេនឹងមានការខ្លាចរអាខ្លាំងអំពីប្រព័៏ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា​យើង»

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​សីហា​ ឆ្នាំ២០១៨​ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ២០១៧។ បន្ទាប់​ពីការចាប់ខ្លួន ពួកគេត្រូវបាន​តុលាការ​ចោទ​ប្រកាន់​​ចំនួន​ពីរ​បទល្មើស ដោយ​ទីមួយ​បទ​«​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​​​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» និង​ទី​ពីរ​បទ​«​ផលិត​វីដេអូ​អាសអាភាស​» 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ