មន្ត្រី​រដ្ឋាភិបាល​ធ្វើយុទ្ធនាការ​ហូប​សាច់​ជ្រូក​កុំឱ្យពលរដ្ឋភ័យខ្លាច

កម្មវិធីពិសាសាច់ជ្រូកប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩

មន្ត្រី​រាជការ​ធ្វើយុទ្ធនាការហូប​សាច់ជ្រូក​​ក្រោយ​ពីនាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​ទទួល​ទាន​សាច់​ជ្រូក​ឡើង​វិញ​​ បំបាត់ការភ័យខ្លាចដើម្បីជួយ​ដល់​សេដ្ឋកិច្ច​អ្នក​​ចិញ្ចឹម​​។

កាល​ពី​ចុង​​ខែ​កក្កដា កន្លង​ទៅ​ក្នុង​ពេល​ចុះ​ពិនិត្យការដ្ឋានសាងសង់ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ក្នុង​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាដោយ ​អំពាវនាវទៅប្រជាពលរដ្ឋឲ្យ​បន្តទទួលទានសាច់ជ្រូកឡើងវិញ ដោយ​​ប្រាប់​​កុំឲ្យ​បារម្ភពីផល​ប៉ះពាល់សុខភាព ពីព្រោះសាច់ជ្រូកដែលលក់នៅលើទីផ្សារសុទ្ធតែឆ្លងការការត្រួតពិនិត្យត្រឹមត្រូវ។

ក្រោយ​ពី​មាន​ការ​ប្រកាស​អំពាវ​នាវ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គមគេ​ឃើញ​មាន​មន្ត្រី​រាជការ​ជាច្រើន​ ចាប់​ផ្ដើម​ធ្វើ​កម្មវិធី​ហូប​សាច់ជ្រូក​នៅ​តាម​មន្ទីរស្ថាប័ន​ខ្លួន​ ហើយថតរូបផ្សព្វផ្សាយភ្ជាប់ជាមួយសារជំរុញលើកទឹកចិត្តឱ្យពលរដ្ឋទទួលទានសាច់ជ្រូក។​

VOD មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី​បាន​នៅ​ឡើយ​ទេ ខណៈ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​លោក តាន់ ផាន់ណារ៉ា បិទ​ទូរស័ព្ទ​ក្រោយ​ពេល​អ្នក​សារព័ត៌មាន​ណែនាំ​ខ្លួនរួច។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិហៅកាត់ថាFAO ទោះ​បី​ជា​ជំងឺ​នេះ​​មិន​ឆ្លង​មក​មនុស្ស​ទេ តែ​វា​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ្នក​ចិញ្ចឹម​ជ្រូក​ធ្ងន់ធ្ងរ​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​លោក ស្រ៊ុន ពៅ មាន​ប្រសាសន៍​ថាក្រោយ​មាន​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​កន្លង​មក បាន​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​ទិញ​លក់​សាច់​ជ្រូក​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដែល​កម្ពុជា​ផ្ទុះជំងឺ​នេះ​ខ្លាំង ទោះ​ជា​យ៉ាង​ណា​ចំពោះ​តម្លៃ​សាច់​ជ្រូក​វិញ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរដូច​នៅពេល​ដែល​ជំងឺ​នេះ​មិន​ទាន់​ផ្ទុះ​​នៅឡើយ។

លោកថា៖ « លើក​មុន​យើង​លក់​បាន​តែ​២០​ភាគរយ​វា​ឡើង​ដល់​ទៅ​៥០ភាគរយ​ឯណោះ។ ដូចថា​លើក​មុន​លក់​បាន​១០​គីឡូ ឥឡូវ​លក់​ឡើង​បាន​៥​គីឡូ​ទៀត​ហើយ(១៥​គីឡូ)។ […] ឥឡូវ​(ជ្រូករស់)​អាចលក់​បាន​ពី​៩ពាន់​ទៅ​១ម៉ឺនរៀល​ ខណៈ​ដែល​មុន​ផ្ទុះ​អាច​លក់​បាន​ពី​១ម៉ឺន​ ទៅ​១ម៉ឺន១ពាន់​រៀល »

ប្រធាន​សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មាន​ប្រសាសន៍​ថា​ការ​បង្កើត​កម្មវិធី​ហូប​សាច់ជ្រូក​សុវត្ថិភាព​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​មួយ​តូច​ប៉ុណ្ណោះ​ទៅ​លើ​បញ្ហាដែល​កំពុង​កើត​មាន​។ លោក​បន្ថែម​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​លើ​សាច់​ជ្រូក​ដែល​លក់​នៅ​លើ​ទីផ្សារ​នោះ​​គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​ការងារ​របស់​មន្ត្រី​ត្រួត​​ពិនិត្យ​តែ​ម្ដង។

លោកថា៖ « កន្លង​មក​អាជ្ញាធរ​អះ​អាង​ច្រើន​ជា​ការ​ពារ​នូវ​ទង្វើ និង​អ្វី​ដែលជា​កាតាព្វកិច្ច​របស់​អាជ្ញាធរ​ជាជាង​ផ្ដល់​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឬ​ក៏​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ ហើយដោយ​សារ​ទំនុក​​ចិត្ត​នៃ​​ការ​បរិភោគ និង​ការ​ជឿ​ជាក់​នេះ​ហើយ​បាន​ជាធ្វើ​ឱ្យការ​បរិភោគ​សាច់​ក៏​ដូច​ជាការ​ប្រើប្រាស់​ផលិតផល​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ហ្នឹង​គឺ​មាន​ផល​ប៉ះពាល់ដល់​ប្រជាជន(កាល​ពី​កន្លង​មក) »

បើ​តាម​លោក​ ថេង សាវឿន រដ្ឋាភិបាល​គួរ​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ប៉េស្ត​ជ្រូក​នេះ​តាំង​ពី​ដំបូង​មក​​ មិន​គួរ​ពេល​ដែល​វា​ជៀត​ចូល​ដល់​កម្ពុជា​ហើយ​ទើប​មាន​វិធាន​ការ​​បែប​នេះ​នោះទេ។

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​ប្រទេស​ចិន ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ និង​បាន​ឆ្លង​ចូល​ដល់​ខេត្ត​រតនគិរី​ នៃ​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​​។ គិត​មកដល់​ពេល​នេះ​ជំងឺ​នេះ​បាន​ផ្ទុះ​ដល់​ខេត្ត​នៅ​កម្ពុជា​ចំនួន​៥​ហើយ ដែល​រួម​មាន ខេត្ត​រតនគិរី ខេត្ត​កំពង់ចាម ខេត្ត​តាកែវ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កណ្ដាល។

កាលពីថ្ងៃទី១១ ខែកក្កដា ​ក្រសួងអះអាងថា មាន​ជ្រូកដែល​ឆ្លង​ជំងឺ​ប៉េស្ត​នេះ​​ងាប់ និង​ត្រូវ​បាន​សម្លាប់​មាន​ជាង ​២ពាន់​ក្បាល​ហើយ​ ដែល​ក្នុង​នោះ​ជិត​ ៨រយ​ក្បាល​ ត្រូវ​បាន​រដ្ឋាភិបាល​យក​ទៅ​បំផ្លាញ​ចោល​ ដែល​តម្លៃ​​ខាតបង់​ខ្ទង់ ៥០ម៉ឺនដុល្លារ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ