នគរបាល​​ច្រាន​ចោល​សារ​អតី​ត​មេ​បក្ស​ប្រឆាំងចោទ​ថា មេ​នគរបាល​ត្រៀម​រត់​គេច​ខ្លួន​ទៅ​បរទេស

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តនានា ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីអនុវត្តស្របតាមផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤។ រូបភាព៖ វេបសាយ ក្រសួងមហាផ្ទៃ

នគរបាល​ជាតិ បាន​ប្រតិកម្ម​ទៅ​នឹង​លោក សម រង្ស៊ី បន្ទាប់​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មេ​នគរបាល​ជាតិ​កម្ពុជា ត្រៀម​រត់​គេច​ចេញ​ពី​ប្រទេស​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី០៩ ខែ​សីហា​នេះ លោក សម រង្ស៊ី ដែល​​អះ​អាង​ដោយ​ខ្លួន​ឯង​ថា​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវ​បាន​រំលាយ​ចោល​បាត់​ទៅ​ហើយ​នោះ បាន​បង្ហោះ​ រូបថត​ និង​សារ​អត្ថាធិប្បាយ​ថា អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ត្រៀម​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

លោក សម រង្ស៊ី បាន​រៀបរាប់​ថា៖ «ក្រៅ​ពី​លោក នេត សាវឿន មាន​មន្ត្រី​ធំៗ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​នាក់​ទៀត ដែល​បាន​ទិញ​សញ្ជាតិ​បរទេស ហើយ​ត្រៀម​រត់​ចោល​ស្រុក ដោយ​ពួកគេ​ដឹង​ថា របប​លោក ហ៊ុន សែន ជិត​ដល់​ទី​បញ្ចប់​របស់​វា​ហើយ»

ប៉ុន្តែ សេចក្ដី​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ចាត់​ទុក​សារ​របស់​លោក សម រង្ស៊ី ថា ជា​ព័ត៌មាន «​ប្រឌិត បំផ្លើស​បំភ្លៃ​នូវ​ការពិត» និង​ជា​សារ​«ញុះញង់»

សេចក្ដី​បំភ្លឺ​ដដែល​នេះ បាន​ច្រាន​ចោល​នូវ​សារ​របស់​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ហើយ​ថា លោក នេត្រ សាវឿន មិន​រត់​ចោល​ស្រុក​នោះ​ឡើយ។

សេចក្ដី​បំភ្លឺ​​រៀបរាប់​ថា​៖ «នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ មាន​តួនាទី​ដឹកនាំ​កម្លាំង​នគរបាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ សណ្ដាប់​​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ប្រជា​ពលរដ្ឋ និង​ជា​ពិសេស​ដឹកនាំ​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន សម រង្ស៊ី និង​បក្ស​ពួក​តាម​អំណាច​សាល​ក្រម​របស់​តុលាការ»

លោក នេត សាវឿន ​ជា​ក្មួយ​ប្រសារ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បន្ទាប់​ពី​បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​កូន​ស្រី​របស់​លោក ហ៊ុន ណេង អតីត​អភិបាល​ខេត្ត​កំពង់ចាម និង​បច្ចុប្បន្ន​ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។

ទោះជាយ៉ាងណា  រូបថត ៦​សន្លឹក​ដែល​បង្ហោះ​ដោយ​លោក សម រង្ស៊ី បាន​បង្ហាញ​ លោក នេត សាវឿន និង​ភរិយា ទទួល​បាន​​សញ្ជាតិ​ជា​ពលរដ្ឋ​នៃ​ដែន​ដី​កោះ Saint Christopher និង Nevis​ ដោយ​ភ្ជាប់​ជាមួយ​កូន​ស្រី​ទាំង ៣​នាក់​របស់​លោក​ផង​ដែរ។

សហព័ន្ធ Saint Christopher និង Nevis ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Saint Kitts និង Nevis គឺ​ជា​បណ្ដុំ​កោះ​តូចៗចំនួន ២ ​​ស្ថិត​នៅ​ឈូង​សមុទ្រ​ការ៉ាប៊ីន ឬ​តំបន់​អាមេរិក​កណ្ដាល ដែល​មាន​ប្រជាជន​ខ្ទង់ ៥៥,០០០​នាក់​ប៉ុណ្ណោះ។ បណ្ដុំ​កោះ​នេះ ដែល​មាន​ផ្ទៃ​ដី ២៦១​គីឡូម៉ែត្រ​ការ៉េ​ ឬ​តូច​ជាង​ផ្ទៃ​ដី​រាជ​ធានី​ភ្នំពេញ​ដល់​ទៅជាង​ពាក់​កណ្ដាល​ទៅ​ទៀត​នោះ ស្ថិត​នៅ​ក្រោម​​​កិច្ចការពារ​​នៃ​រដ្ឋាភិបាល​អង់គ្លេស។

ប្រទេស​ដែន​ដី​កោះ​មួយ​នេះ បាន​តម្រូវ​ឲ្យ​អ្នក​ស្នើ​សុំ​ចូល​សញ្ជាតិ​បរិច្ចាគ​ប្រាក់​ចន្លោះ​ពី ២៥​ម៉ឺន​ដុល្លារ ទៅ​ ៣០​ម៉ឺន​ដុល្លារ ចូល​ទៅ​ក្នុង​មូលនិធិ​ឧស្សាហកម្ម​ស្ករ​ស ដើម្បី​ទទួល​បាន​សញ្ជាតិ។

យោង​តាម​ច្បាប់​សញ្ជាតិ​ឆ្នាំ​១៩៨៤ របស់​ដែន​ដី​កោះ​មួយ​នេះ លោក នេត សាវឿន ត្រូវ​បង់​ប្រាក់​ដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​ដើម្បី​បាន​ទទួល​សញ្ជាតិ​នៃ​ដែន​ដី​កោះ​មួយ​នេះ។

លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​បរទេស​នោះ បាន​បង្ហោះ​សារ​បែប​នេះ បន្ទាប់​ពី​នគរបាល​ជាតិ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៧​កក្កដា​ថា ពួកគេ​នឹង​ប្រើ​គ្រប់​មធ្យោបាយ ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ