ជំនន់​ទឹក​ភ្លៀង​ដើម​ខែ​នេះ មនុស្ស​៤​នាក់​ស្លាប់ ខណៈ​ពលរដ្ឋ​ជិត ៦​ពាន់​​គ្រួសារ​​រង​ផល​ប៉ះ​ពាល់​

ប្រជាពលរដ្ឋកំពុងសម្រាកនៅតង់ទីទួលសុវត្ថិភាពគេចពីទឹកជំនន់ក្នុងស្រុកលំផាត់ខេត្តរតនគីរី (រូបថត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១១សីហា)

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះថា មនុស្ស​យ៉ាងតិច​ណាស់ ៤នាក់ស្លាប់ ហើយ​ពលរដ្ឋ​ជាង ១៣០០​គ្រួសារ​ទៀត ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីតាំង​សុវត្ថិភាព​ បន្ទាប់​ជំនន់​ទឹក​ភ្លៀង​បាន​វាយ​ប្រហារ​លើ​ភូមិ​ស្រុក​ជាច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ៥ នៅ​ភាគ​ខាង​ត្បូង និង​ភាគ​ឦសាន​​កម្ពុជា​ចាប់​តាំង​ពី​ដើម​ខែ​សីហា​នេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បាន​ឲ្យ​ដឹង​ថា ទឹកជំនន់ភ្លៀងបានជន់លិចស្រុកមួយចំនួននៅខេត្ត​កោះកុង រតនគិរី មណ្ឌលគិរី កំពត និងខេត្តព្រះសីហនុ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ ហើយ​ប៉ះ​ពាល់​ដល់​ប្រជាជន​ចំនួន ៥៨៦៩​គ្រួសារ​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ។ លោកបញ្ជាក់ថា អង្គភាពជំនាញ​ និង​អាជ្ញាធរមូលដ្ឋាន​ កំពុង​សហការគ្នាត្រៀមដោះស្រាយបញ្ហាប្រឈម​ដែលកើតឡើងក្នុងរដូវវស្សារនេះ។

លោក កែវ វី ប្រាប់​ថា៖ «ទឹកចាប់ស្រកហើយនៅតាមទន្លេស្រែពកខេត្តរតនគិរី​ ហើយ​កំពង់សោម កំពតក៏ស្រកដែរ។ ចំពោះកោះកុងចាប់ផ្តើមស្រកតិច តែមណ្ឌលគិរី​ស្រកមែនទែនហើយ។ អាជ្ញាធរ​បានជួយអន្តរាគមន៍​ច្រើនទៅ​កាន់​ប្រជាពលរដ្ឋ ​តាំងពីជម្លៀសទៅកាន់ទីសុវត្ថិភាព ចែកអំណោយជាដើម។ យើងនៅតែត្រៀម ព្រោះការព្យាករណ៍​ថា នឹងមានភ្លៀងច្រើនមកទៀតនៅ​ពាក់កណ្ដាលខែនេះ»

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ចាប់ពីថ្ងៃ​ទី៤ ដល់ ៩សីហា បានបង្កឱ្យមាន​ជំនន់​ទឹក​ភ្លៀង។

កម្លាំងជំនន់ទឹកភ្លៀងនេះបណ្ដាលឱ្យរលំរបងថ្មសង្កត់កម្មករសំណង់ ២នាក់ប្ដីប្រពន្ធស្លាប់ ខណៈពួកគាត់កំពុងជ្រកក្នុងរោងស្នាក់នៅជាប់របងផ្ទះធ្វើពីថ្មរៀបឥដ្ឋ ស្ថិតក្នុងក្រុមទី២១ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។

ផ្ទះសំបែងអ្នកភូមិត្រូវលិចលង់ដោយទឹកជំនន់ទន្លេស្រែពក ក្នុងខេត្តរតនគីរី(ថតដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១០សីហា)

ករណីមួយផ្សេងទៀត នៅចំណុចរោងចក្រផលិតឥដ្ឋ ស្ថិតក្នុង​ស្រុកព្រៃនប់ មានជនជាតិចិនម្នាក់ស្លាប់ដោយសាររបងឡឥដ្ឋសង្កត់លើ។ ចំពោះករណីមួយទៀត គឺក្មេង​ស្រី អាយុ ១៥​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ដីឡូតិ៍ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី បាន​លង់ទឹក​ស្លាប់ កាលពី​ថ្ងៃ​ទី​៩ សីហា ដោយ​សារ​​លិច​ទូក នៅ​ពេល​ភ្លៀង​កំពុងធ្លាក់។

តួលេខ​ពី​គណៈកម្មាធិការ​ដដែល​នេះ ​បង្ហាញ​ថា ប្រជាពលរដ្ឋ ១៣៤២គ្រសារ ត្រូវជម្លៀស​ចេញពីលំនៅ​ឋាន​ដោយខ្លាចគ្រោះថ្នាក់ ក្នុងនោះរួមមានខេត្តរតនគិរី​១១៧០​គ្រួសារ កំពត​ជាង១០០គ្រួសារ និងខេត្តព្រះសីហនុ៦គ្រួសារ។ របាយការណ៍បញ្ជាក់ទៀតថា សាលារៀន ១៩កន្លែង វត្តអារាម ៨កន្លែង មណ្ឌលសុខភាព ១​កន្លែង ស្រូវ​ស្រែ​ទំហំ ៣១១៩ហិចតា និង​ដីចម្ការ ៧៥៣ហិចតារងការលិចលង់។

អ្នកឃ្លាំមើលបញ្ហាបរិស្ថាន​យុវជន សាន់ ម៉ាឡា លើកឡើងថា កំណើនជំនន់​ទឹក​ភ្លៀងធំៗភ្លាមទាំងនេះ គឺជាវិញ្ញាសារមួយថ្មីទៀត ដែលរដ្ឋាភិបាល​ត្រូវគិតគូរ​ ​ដើម្បីរកដំណោះស្រាយ។​ លោកបន្ត​ថា ចាប់តាំងពីមានការកាប់​បំផ្លាញ​ព្រៃ​ឈើ​ច្រើន និងការកើនឡើង​នៃទំនប់វារី​អគ្គីសនីមកកម្ពុជា​ជួបបញ្ហា​ទឹកជំនន់​ភ្លាមៗគួរឱ្យបារម្ភ។

យុវជន សាន់ ម៉ាឡា ប្រាប់​ថា៖ «យើងសព្វថ្ងៃនេះ ខែប្រាំងខ្សត់ទឹកខ្លាំង ​ដល់វស្សារភ្លៀង​ខ្លាំង​យ៉ាងគំហុគ រាជរដ្ឋាភិបាល​ត្រូវគិតគូរពីបញ្ហានេះ»

ភ្លៀងធ្លាក់ខ្លាំងនៅដើមខែសីហានេះ បានជន់​លិច​សង្កាត់​ចំនួនបួនក្នុងក្រុង​ព្រះ​សីហនុ ​នាំឱ្យអាជ្ញាធរក្រុងបង្ខំ​ចិត្តផ្តាច់អគ្គីសនី ផ្ដាច់ទឹកស្អាតអស់រយៈ​ពេល​មួយ​យប់។

ភ្លៀងខ្លាំងក៏បាននាំឱ្យក្រុមហ៊ុនចិនបើកទ្វារទឹក​ទំនប់វារី​អគ្គីសនី​​​ក្នុងខេត្ត​២ ​គឺ​ទំនប់​កំចាយនៅកំពត និងទំនប់វារីអគ្គីសនី​ស្ទឹងតាតៃ​នៅខេត្តកោះកុង បណ្ដាល​ឱ្យទឹក​ជន់លិចភូមិឋាន​អ្នកស្រុកចំនួន ២ ក្នុងខេត្តកំពត និង​ស្រុក២ទៀតនៅខេត្ត​កោះ​កុង។

ភ្លៀងខ្លាំងនេះក៏បានបណ្ដាលឱ្យ​បាក់​ទំនប់ស្តុកទឹក ឈ្មោះប្រទាក់​ក្រឡា​ក្នុងឃុំកូនសត្វ ស្រុកកំពតបណ្ដាល​ឱ្យ​ប៉ះ​ពាល់លិចលង់លំនៅឋានពលរដ្ឋ​មួយ​ចំនួនដែរ តែអាជ្ញាធរក្រសួងធនធានទឹកទប់ទំនប់នោះរួចហើយ៕

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសចេញសេចក្ដីប្រកាសជូនដំណឹងនៅថ្ងៃនេះថា ភ្លៀងនឹងបន្តធ្លាក់​ចាប់ពីថ្ងៃទី១០ ដល់ទី១៦ ខែសីហា។ ទឹកភ្លៀងនិងខ្យល់បក់បោកខ្លាំងនោះ បណ្ដាលមកពីព្យុះដែលកើតឡើងនៅឡាវ និងវៀតណាម។ ក្រសួងនេះព្រមានថា ទឹកជំនន់ភ្លៀងអាចនឹងកើតឡើងជាថ្មីនៅ​កោះកុង ខេត្តព្រះសីហនុ និងខេត្តតាមបណ្ដោយព្រំដែនជាប់ប្រទេសវៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ