សមាគម​ថៅកែ​រោងចក្រ​​ចាត់​ទុក​ការ​កាត់​ផ្ដាច់ ​EBA នឹងមិន​ជួយ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទេ

សមាគមថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC

សមាគម​ថៅកែ​រោងចក្រកាត់ដេរ​នៅ​កម្ពុជា ​ហៅ​កាត់​ថា​ GMAC លើក​ឡើង​ជា​ថ្មី​ថា ​ការ​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ពី​សំណាក់​សហភាព​​អឺរ៉ុប ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​ងារ​ជាច្រើន និង​បំផ្លាញ​ដល់​គោល​បំណង​របស់​អឺរ៉ុប​ជួយ​អភិវឌ្ឍ​កម្ពុជា​ផង​ដែរ។

សមាគម​ថៅកែ​រោងចក្រ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​បិទ​បញ្ចប់​​ការ​ទទួល​យក​មតិ​យោបល់​នានា នៅ​ក្នុង​ដំណើរការ​មួយ​ដែល​ឈាន​ទៅ​រក​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

GMAC ចាត់​ទុក​ការ​ព្យូរ​ប្រព័ន្ធ​នេះ​ជា៖ «វា​ក៏​ជា​លទ្ធផល​គួរ​ឱ្យ​សោកស្តាយមួយ​​សម្រាប់ GMAC និង​កម្លាំងកម្មករ​ដែល​បាន​ធ្វើ​ការងារ​​យ៉ាងច្រើនតាម​ការ​កំណត់​របស់ ILO ដែល​បាន​​​ឃ្លាំ​មើលការ​អនុវត្តន៍​ការងារ​ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ក៏​នៅ​ក្នុង​វិស័យ​របស់​យើង (កាត់ដេរ)​​នៅ​លើ​ពិភពលោក​ផងដែរ​»

បើ​តាម ​GMAC ការ​ដក​ហូត​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAនេះ​ នឹង​ប៉ះពាល់​ដល់​កម្មករ​ជាង​ ៧៥​ម៉ឺននាក់ដោយ​ផ្ទាល់ និង​​ប៉ះ​ពាល់​ដោយ​ប្រយោល​ទៅ​លើ​ពលរដ្ឋ​កម្ពុជា​ជាង ៣លាន​គ្រួសារ ដែល​ទទួល​បាន​ផល​ចំណែក​ពី​ឧស្សាហកម្ម​កាត់​ដេរ​ផង​ដែរ។

បន្ទាប់​ពី​ការ​បិទ​បញ្ចប់​ការ​ប្រមូល​មតិ​យោបល់​ ឬ​ការ​ស៊ើប​អង្កេត​នេះ​ទៅ សហភាព​អឺរ៉ុប​​មាន​ពេល​វេលា ៦​ខែ​ទៀត មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​ថា ត្រូវ​ដក​ហូត​ ឬ​មិន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភ​ឆ្នាំ​ក្រោយ​នេះ។

​ប្រធានសហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់​ ក៏​បង្ហាញ​ក្ដី​បារម្ភ​អំពីនីតិវិធី​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត​របស់​សហភាព​អឺរ៉ុប ខណៈ​ដែល​គ្មាន​សញ្ញា​ឆ្លើយ​តប​ណា​មួយ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​​​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​លក្ខខណ្ឌការងារ​ សិទ្ធិសេរីភាព​សង្គមស៊ីវិល សារព័ត៌មាន និង​សិទ្ធិ​នយោបាយដើម។

លោក​ អាត់ ធន់ មាន​ប្រសាសន៍​ថា៖ «ចំពោះ​វិធានការ​ជាក់​លាក់​យើង​អត់​ដឹង​ថា​គេ​ចាប់​ផ្ដើម​ពី​វិស័យ​ណា​មុន​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិនជា​ដក​មែន​ទោះ​បី​ជា​ដក​វិស័យ​ណា​ក៏​ដោយ​ក៏​វា​ប៉ះពាល់​ដល់​ការ​បង្កើត​ការងារ​ និង​ប្រាក់​ចំណូល​របស់​កម្មករ​ដែរ​»

កាល​ពី​ថ្ងៃ​ទី​១២ កក្កដា​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា EBA បាន​ក្លាយ​ជា​ស្រមោល​បាត់​ទៅ​ហើយ ប៉ុន្តែ លោក​អះ​អាង​ថា កម្ពុជា​នៅ​តែ​បន្ត​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ដដែល។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ាង ថៃ ទទួល​ស្គាល់​ការ​ព្រួយ​បារម្ភ​របស់​សមាគម​រោង​ចក្រ​កាត់ដែរ​ ប៉ុន្តែ លោក​​ថា ​​កម្ពុជា​បាន​ខិតខំ​ច្រើន​ណាស់​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​អឺរ៉ុប ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នេះ​។

លោក ស៊ាង ថៃ មាន​ប្រសាសន៍​ថា៖ «ជំហរ​របស់​រាជរដ្ឋាភិបាល​ គឺ​ថា​ យើង​ស្វាគមន៍ការ​បន្ត​អាហ្នឹង​ឱ្យ​យើង​ទៀត ​ប៉ុន្ដែ ​ប្រសិន​ជា​គេ​សម្រេច​ថា​មិន​ឱ្យ​អាហ្នឹង​ មិន​ដឹង​ថា ​ម៉េច​ទេ! យើង​ត្រូវ​តែ​ទទួល​យក​តាម​ហ្នឹង​ហើយ ទំនិញ​យើង​នៅ​តែ​នាំ​ទៅ​ដដែល​ គ្រាន់​តែ​យើង​បង់ពន្ធ។ អញ្ចឹង​ការ​បង់​ពន្ធ និង​មិន​បង់ពន្ធ​ មិន​បាច់​និយាយ​ទេ។ បើ​មិន​បង់​ពន្ធ ​គឺ​វា​ចំណេញ​អញ្ចឹង​ហើយ តែ​មិន​មែន​មាន​ន័យ​ថា ​អត់ ​EBA ទៅ​ បិទទីផ្សារ​​នាំ​ទៅ​អត់​បាន​ទេ»

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែនករុណា បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ជំហរ​របស់​ខ្លួន ដើម្បី​រក្សា​ទុក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៀត។

លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​អឺរ៉ុប​បាន​ស្នើ ដូច​ជា​ការ​បើក​ឱ្យ​មាន​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ឡើង​វិញ ការ​បើក​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​ចាប់​ផ្ដើម​មាន​ស្ថានភាព​នយោបាយត្រឡប់​មក​​វិញ ខ្ញុំ​គិត​ថា ​រឿង​ទាំង​អស់​នេះ អាចមាន​សង្ឃឹម​ថា​​ សហភាព​អឺរ៉ុប​ គេ​នឹង​ធ្វើ​ការ​ពិចារណា​ ដើម្បី​ឱ្យ​យើង​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ទៀត​»

ចាប់ពីខែកុម្ភៈមក សហភាពអឺរ៉ុបដែលមានសមាជិក ២៨ប្រទេស បានដំណើរការនិតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

សហភាពនេះ​ បាន​ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្ដារស្ថានភាពសិទ្ធិមនុស្ស ឲ្យអតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ដំណើរការ​ឡើងវិញ និង​ត្រូវ​ដោះ​លែង​លោក កឹម សុខា ជាដើម ខណៈ​ដែល​រដ្ឋាភិបាល​ឆ្លើយ​តប​ថា​ ជា​បន្ទាត់​ក្រហម​មិន​អាច​ធ្វើ​ទៅ​រួច​ ព្រោះ​ជាអ​ធិបតេយ្យ​ជាតិ។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹក​ប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ