មន្ត្រីក្រសួងពាណិជ្ជកម្មថាកម្ពុជាត្រៀមការពាររួចហើយចំពោះការបាត់ EBA

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជាមិនជួបបញ្ហាប្រឈមសេដ្ឋកិច្ចនោះទេ បើទោះជាសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធ​អនុគ្រោះពន្ធហៅកាត់ថា EBA ពីកម្ពុជានៅពេលខាងមុខនេះក៏ដោយ ព្រោះមានការពង្រឹងវិធានការជួយធានាការពារប្រាក់ចំណេញដល់អ្នកវិនិយោគហើយ។​

អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក សៀង ថៃ ប្រាប់វីអូឌីថា រដ្ឋាភិបាលដាក់ចេញវិធានការកំណែទម្រង់ស្ថាប័នរដ្ឋជិត២០ចំណុច កាលពីចុងខែមីនា ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានា នៅពេលសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA រួមមាន  ​កាត់​បន្ថយ​ការ​ស្កេន (Scen) ទំនិញ​តាម​ទូ​កុង​តឺន័រ ដែល​ត្រូវ​ដឹកចេញ ឬ​នាំ​ចូល ជា​ពិសេស​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង ការ​កាត់បន្ថយ​ថ្លៃ​សេវា​លើក​ដាក់​នៅ​តាម​កំពង់​ផែ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី  កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​ជាតិ ការ​កែ​សម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុង​ត្រូល​ចេញ​ពី​តាម​ច្រក​ព្រំដែន និង​ការ​លុប​ចោល​នូវភ្នាក់ងារ​កម្ពុជា​នាវាចរ ហៅ​កាត់​ថា កាំសាប ជាដើម។

ក្រោយពីធ្វើកំណែទម្រង់ទាំងនោះ លោក សៀង ថៃ ថា ធ្វើឲ្យការផ្តល់សេវាមួយចំនួនដល់អ្នកវិនិយោគចំនេញថវិកា ចំនេញពេវេលាច្រើនជាងមុន ព្រមទាំង​មិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជានោះទេ។

លោកអះអាងថា៖ «កាលពីមុនមិនទាន់មានវិធានការរបស់រដ្ឋាភិបាល បងនាំទំនិញមួយកុងទ័រនឺ ឧទាហរណ៍ត្រូវចំណាយធ្វើនេះ ធ្វើនោះនៅក្នុងស្រុក​អស់មួយរយដុល្លារ ខ្ញុំឧទាហរណ៍ ឥឡូវពេលមានវិធានការនេះ បងឯងអត់ត្រូវការចំណាយមួយរយដុល្លារហ្នឹងទេ អញ្ចឹងយកមួយរយដុល្លារហ្នឹងទៅបង់ពន្ធទៅ បើសិនជាគេអត់ឲ្យ EBA យើងបន្តទៀត ទំនិញយើងនាំទៅក្រៅប្រទេសត្រូវបង់ពន្ធ ប្រសិនបើគេអត់ឲ្យEBAយើងបន្តទៀត ទំនិញយើងនាំទៅត្រូវបង់ពន្ធ យកអាហ្នឹងទៅបង់ពន្ធទៅ វាបានសល់លុយចំនេញដូចតែគ្នា»។

ប៉ុន្តែ សាស្ត្រាចារ្យ​នយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា វិធានការរបស់រដ្ឋាភិបាលគ្រាន់តែជាផ្នែកមួយ អាចជួយសេដ្ឋកិច្ចកម្ពុជាបានក្រោម៥០ភាគរយ និងរយៈពេលខ្លីតែប៉ុណ្ណោះ។ ករណីនេះ លោកថា នឹងធ្វើឲ្យកម្ពុជាជួបបញ្ហាប្រឈមច្រើន ជាពិសេសការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសជិតខាងទៅវិញ។

លោកវិភាគថា៖ «ការជួយរបស់រដ្ឋាភិបាល ឧទាហរណ៍កាត់បន្ថយថ្លៃភ្លើង ហើយវត្ថុធាតុដើមនៅកម្ពុជាវានៅថ្លៃទាំងអស់ ដ៏អញ្ចឹងកក្តាផលិតកម្មគឺវាថ្លៃមិនអាច​ឲ្យអ្នកផលិតទៅប្រកួតប្រជែង ប្រឡងប្រណាំងជាមួយប្រទេសជិតខាង ដូចវៀតណាម ដូចនៅថៃ គេមានការដឹកជញ្ជូនថោកជាងយើង ហើយនឹងថ្លៃទំនិញថោកជាងយើង ដ៏អញ្ចឹងកម្ពុជា ជួបហានិភ័យក្នុងការប្រកួតប្រជែង​ជាមួយប្រទេសជិតខាង​»។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា  មានប្រសាសន៍ថា ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ EBA បាន លុះត្រាតែរដ្ឋាភិបាល ធ្វើកំណែទម្រង់ផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងស្តារស្ថានការនយោ​បាយ​នៅក​ម្ពុជាឡើងវិញ ទើបធ្វើឲ្យកម្ពុជាមានភាពរីកចំរើន។

លោក​មានប្រសាសន៍ថា«ប្រសិនបើរដ្ឋាភិបាលដោះស្រាយបាន ធ្វើតាមតំរូវការរបស់សហគមន៍អឺរ៉ុប នានន័យថា រដ្ឋាភិបាលទទួលបាន​ផលជាច្រើន នៅក្នុងនោះយើងឃើញទីមួយ រក្សាកំណើនសេដ្ឋកិច្ច ទីពីរទាញអ្នកវិនិយោគមករកស៊ីនៅស្រុកខ្មែរកាន់តែច្រើន​ ទីបីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀតដល់ប្រជាពលរដ្ឋយើងដែលមានវ័យគ្រប់អាយុចូលធ្វើការ មានន័យថា គាត់មានឱកាសចូលធ្វើការងាររបស់គាត់បានកាន់តែច្រើន ហើយកាត់បន្ថយការធ្វើចំណាកស្រុក»

 កាល​ពី​ថ្ងៃ​ទី​១២ កក្កដា​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​ថា បញ្ហា EBA បាន​ក្លាយ​ជា​ស្រមោល​បាត់​ទៅ​ហើយ ប៉ុន្តែ លោក​អះ​អាង​ថា កម្ពុជា​នៅ​តែ​បន្ត​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ដដែល។

ចាប់ពីខែកុម្ភៈមក សហភាពអឺរ៉ុបដែលមានសមាជិក ២៨ ប្រទេស បានដំណើរការនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្ដោះ​អាសន្ន​ ក្រោយពីរកឃើញថា រដ្ឋាភិបាលបានបរាជ័យក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួន។

គិតត្រឹមថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩  ក្រុមការងាររបស់សហភាពអឺរ៉ុបបានបញ្ចប់នីតិវិធី៦ខែក្នុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ហើយបើសិនជាមានការដកមែនអឺរ៉ុបនឹងសម្រេចនៅដើមឆ្នាំក្រោយនេះ។​

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់​ថា​ EBA ត្រូវបានមន្ត្រីជំនាញ រដ្ឋាភិបាលប៉ាន់ប្រមាណថា ទឹក​ប្រាក់​ជិត ៧០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ