ក្រុមហ៊ុន​កាណាដា​ Angkor ប្រកាស​ថា ទទួល​បាន​ការ​អនុម័ត​ឲ្យ​រុក​រក​រ៉ែ​នៅ​ភាគ​អាគ្នេយ៍​កម្ពុជា

ផែនទីតំបន់សក្តានុពលប្រេងកាត និងឧស្ម័នប្លុក៨ របស់កម្ពុជា (ប្រភពរូប៖ Angkor Gold Corp)

ក្រុមហ៊ុនកាណាដា Angkor Gold Corp. បានប្រកាសថា ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​​ស្រាវជ្រាវ និងរុករករ៉ែប្រេង និងឧស្ម័ន​នៅ​តំបន់​ប្លុក ៨ ដែល​មាន​ទំហំ ៧៣០០​គីឡូម៉ែត្រ​ការ៉េ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​នេះ បាន​ប្រកាស​បែប​នេះ​នៅ​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ EnerCam Resources Co., Ltd ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Angkor Gold Corp. បានស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​សុំ​អាជ្ញា​ប័ណ្ណ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​សម្បទាន​របស់​ខ្លួន។

ក្នុងសេចក្តីប្រកាសដដែល នាយកប្រតិបត្តិក្រុមហ៊ុន Angkor Gold Corp. លោក Stephen Burega បានថ្លែង​ថា៖ «Angkor គឺជាក្រុមហ៊ុនរុករករបស់ប្រទេសកាណាដាដំបូងដែលទទួលបានឱកាសស្វែងរុករករ៉ែប្រេង និងឧស្ម័ននៅកម្ពុជា ក្រោយពីរដ្ឋាភិបាលពិនិត្យឃើញក្រុមហ៊ុន EnerCam មានសក្តានុពលគ្រប់គ្រាន់ក្នុងការរុករក និងអភិវឌ្ឍសម្បទានប្រេង និងឧស្ម័ន»។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនដដែល លោក Mike Weeks ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «ក្រុមហ៊ុន Angkor កំ​ពុង​ទន្ទឹង​រង់​ចាំការចរចារលើកិច្ចព្រមព្រៀងបែងចែកផលិតកម្ម (Production Sharing Agreement) និងចាប់ផ្តើមពិនិត្យទិន្ន​ន័យ​ និងសិក្សាសំណាកដីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

អគ្គនាយកនៃនាយកដ្ឋានប្រេងកាត​ និង​ជា​អ្នក​នាំ​ពាក្យ​​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា រដ្ឋាភិបាលកម្ពុជា រីករាយ​ធ្វើការជាមួយក្រុមហ៊ុន Angkor ក្នុងការអភិវឌ្ឍសក្តានុពលប្រេងកាត និងឧស្ម័នរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះ បន្ថែមថា រដ្ឋាភិបាលបានឯកភាពជាគោលការណ៍​នៅជំហានទី​១ ក្នុងការផ្តល់សម្បទានដល់ក្រុមហ៊ុន EnerCam បន្ទាប់ពីពិនិត្យឃើញក្រុមហ៊ុនកាណាដាមួយនេះ មានលក្ខណៈសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងវិស័យប្រេង និងឧស្ម័ន។

លោក ជៀប សួរ ប្រាប់​វីអូឌី​បន្ថែមថា៖ «ជំហានទៅមុខតិចទៀត គឺយើងហ្នឹងបង្កើតគណៈកម្មការអន្តរក្រសួងអីហ្នឹង ដើម្បីធ្វើការចរចាកិច្ចព្រមព្រៀងប្រេងកាតហ្នឹង ដើម្បីអនុញ្ញាតឱ្យគាត់ចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ»។

លោក សួរ ឱ្យដឹងបន្ថែមថា ប្រសិនបើក្រុមហ៊ុនកាណាដានោះ រកឃើញថា តំបន់សម្បទាន មាន​រ៉ែប្រេងកាត និងឧស្ម័នមែន ពួកគេអាចស្នើសុំនិតិវិធីធ្វើអាជីវកម្មបាន មុនរយៈពេលកំណត់ដោយ​​ច្បាប់ ៧​ឆ្នាំ និងអាចពន្យាបន្ត ៣ឆ្នាំទៀត។

ទាក់ទងទៅនឹងសំណើសុំរុករកធនធានរ៉ែនេះ ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ធ្លាប់លើកឡើងពីក្តីកង្វល់ចំពោះផលប៉ះពាលទៅលើបរិស្ថាន និងពលរដ្ឋក្នុងតំបន់។

ប៉ុន្តែ លោក ជៀប សួរ បញ្ជាក់​ថា រាល់ការស្រាវជ្រាវ និងរុករកធនធានរ៉ែរបស់ក្រុមហ៊ុន EnerCam គឺសុទ្ធតែត្រូវសិក្សាពីផលប៉ះពាលទៅលើបរិស្ថាន។

ក្រុមហ៊ុន EnerCam ក៏​ទទួលបានការអនុញ្ញាតសិក្សាស្រាវជ្រាវធនធានរ៉ែប្រេងកាត និងឧស្ម័នលើដែនដីគោក​ស្ថិត​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ផង​ដែរ។

បើតាមការឱ្យដឹងពីលោក ជៀប សួរ ក្រុមហ៊ុន Petrovietnam ​របស់​ប្រទេស​វៀតណាម ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក អនុញ្ញាត​ឲ្យ​រុក​រក​រ៉ែ​ប្រេង​កាត និង​ឧស្ម័ន​នៅប្លុក១៥ដែលលាតសន្ធឹងក្នុងខេត្តសៀមរាប និង កំពង់ធំ ប៉ុន្តែ ដោយសារមានវិប្បត្តិតម្លៃប្រេង ក្រុមហ៊ុននោះ ក៏ដកខ្លួនទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ