រដ្ឋមន្ត្រីក្រសួងធនធានទឹកបន្ទោសបញ្ហាទឹកជំនន់ទៅលើបាតុភូតធម្មជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បន្ទោស​បញ្ហា​ទឹកជំនន់​ក្នុងរយៈពេល​ជាង ១សប្ដាហ៍​មក​នេះ ​ទៅ​លើ​បាតុភូត​ធម្មជាតិ ខណៈលោក​ថា ប្រទេស​កម្ពុជា​មានស្ថានភាព​ទឹកជំនន់​ប្រសើរ​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ផង​ដែរ។

​រដ្ឋ​មន្ត្រី​រូប​នេះ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ក្នុងសន្នីសិទកាសែត​នៅទីស្តីការគណៈរដ្ឋមន្ត្រី​នៅព្រឹក​នេះ តែ​ជាង ១​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយ​ពី​ខេត្ត​ព្រះសីហនុ បាន​លិច​លង់​ក្រោម​ទឹក​ជំនន់។

លោក លឹម គានហោ ថ្លែង​ថា៖ «វាមិនខុសពីយកកែវមួយចំណុះមួយលីត្រ ចាក់ទឹកមួយលីត្រអត់អីទេ លើសតែមួយលីត្របន្ដិចហៀរកែវហើយ ឱ្យហៀរហៅថា ជំនន់ហើយ នេះជាបញ្ហា! អញ្ចឹង ខ្ញុំអាចឆ្លើយយ៉ាងសាមញ្ញថា មកពីភ្លៀងវាហួសហេតុពេក​ដែលកន្លែង​នោះ​ទីតាំង​នោះមិនអាចទទួលយកបាន»

សកម្មជនបរិស្ថាន លោក សាន ម៉ាឡា ទទួលស្គាល់ការលើកឡើងរបស់លោក លឹម គានហោ ប៉ុន្ដែ លោកថា បញ្ហា​របស់​មនុស្ស​​ដែល​បង្កើត​ឡើង​ក៏ជាផ្នែកដែលធ្វើឱ្យមានបញ្ហានេះកើតឡើងផងដែរ។ លោកបន្ថែមថា ខេត្តដែលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ទឹក​ជំនន់​នេះ​ ភាគ​ច្រើន​ជា​ខេត្ត​ដែល​មានទំនប់វារីអគ្គិសនីដូចជាខេត្តកំពត ខេត្តរតនៈគិរី និងខេត្តដែល​អភិវឌ្ឍ​លឿន​ដោយ​មិនសូវ​បាន​គិត​គូរ​ពី​បរិស្ថាន ដូចជា ខេត្ត​ព្រះសីហនុ​ជាដើម ដែលនេះសុទ្ធតែជាបញ្ហាដែលមនុស្សបង្កើតឡើង។

លោក សាន ម៉ាឡា ប្រាប់ថា៖«ព្រោះពេលណាដែលយើងអភិវឌ្ឍន៍ យើងកសាងទំនប់វារីអគ្គិសនីដោយមិនបានគិតពីផលប៉ះពាល់ច្បាស់លាស់ អញ្ចឹង នៅពេលដែលមានបាតុភូតធម្មជាតិ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងអញ្ចឹង វានឹងធ្វើឱ្យផ្នែកខាងលើនៃទំនប់វារីអគ្គិសនី។ វាត្រូវបានជន់លិចដោយស្វ័យប្រវត្តិហើយនៅក្នុងលក្ខខណ្ឌថា ប្រសិនជាក្នុងករណីណាមួយដែលទ្វារ​ទំនប់ត្រូវបើកបន្ទាន់ភ្លាមៗធ្វើឱ្យបាក់ទំនប់ មួយក៏យ៉ាងមិចយ៉ាងម៉ាប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនោះក៏រងគ្រោះដោយសារតែ ការសាងសង់ទំនប់វារីអគ្គិសនី ឬក៏ការអភិវឌ្ឍន៍ដែលមិនបានគិតស៊ីជម្រៅលើធនធានធម្មជាតិហ្នឹង»

របាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគិតត្រឹមថ្ងៃ១៤ សីហា ម្សិលមិញឱ្យ​ដឹងថា គ្រោះទឹកជំនន់​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៨ ដែលរួមមានខេត្តព្រះសីហនុ កំពត កែប កោះកុង រតនគិរី មណ្ឌលគិរី បាត់ដំបង និងកំពង់ធំ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជិត ៨​ពាន់គ្រួសារ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជិត ១ពាន់គ្រួសារ ស្លាប់ ៤នាក់ ខូចខាតស្រូវ និងដំណាំរួមផ្សំជាង ១២០០​ហិកតា និង​ប៉ះ​ពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនទៀត។

ទោះជាយ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា រដ្ឋាភិបាល​កំពុងសិក្សា​ពីបញ្ហាដែល​នៅពីក្រោយ​ការ​លិចលង់​​នេះផងដែរ។

លោក ផៃ ស៊ីផាន ប្រាប់​ថា៖ «អ្វីដែលយើងរៀនសូត្រដូចជា នៅកំពង់សោម ដូចដែលយើងរៀនសូត្រជាបន្កបន្ទាប់ទៀត។ ឥឡូវនេះ គ្រាន់តែ​ដោះទឹក​ឱ្យធ្លាក់ទៅកន្លែងផ្សេងទៀត ដើម្បីសម្រាលការរស់នៅរបស់មហាជនរបស់យើងទេ ក៏ប៉ុន្តែ បន្ទាប់​ពីហ្នឹង​មក​ បាន​យើង​ធ្វើការ​រៀន​សូត្រ។ វាពាក់ព័ន្ធដល់ក្រសួងដែនដីនគរូបនីយកម្ម ក្រសួងសាធារណៈការ  ក្រសួងដទៃទៀត ដែលយើងនឹង​ស្រាវជ្រាវ​តទៅទៀត»

គិតរហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលនៅមិនទាន់វាយតម្លៃពីទំហំខូចខាតដែលកើតចេញពីផលប៉ះពាល់នៃទឹកជំនន់នេះនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ