អតីត​សមាជិកព្រឹទ្ធសភាបក្សកាន់អំណាច​​ថា​ ព័ត៌មាន​លក់ឡៃឡុង​ទ្រព្យ​សម្បត្តិ​​​ប៉ះ​ពាល់​យ៉ាង​​ធ្ងន់​ធ្ងរដល់​កិត្តិយស​ខ្លួន​

អតីត​សមាជិក​ព្រឹទ្ធ​សភា អ្នកស្រី កែវ ម៉ាលី គឺ​ជា​ម្ចាស់​ក្រុមហ៊ុន ជីង គ័រ អ៊ឹមផត អ៊ិចផត និង​សំណង់ (Ching Kor Import Export Co., Ltd) ដែល​ជា​ម្ចាស់​គម្រោង​វិនិយោគ​​«មហា​សមុទ្រ​ទេសចរណ៍​កំពត» ដែល​ត្រួត​គ្នា​ជាមួយ​សហគមន៍​នេសាទ​ចំនួន ២ ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត។ ប្រភពរូប៖ ហ្វេសប៊ុក

សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមួយរូបដែលមានក្តីក្តាំជាមួយធនាគារវៀតណាម ហៅការផ្សព្វផ្សាយលក់ឡៃឡុងអចលនទ្រព្យរបស់ខ្លួនជាង២០កន្លែង​ ថាបានធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​កិត្តិយសរបស់លោកស្រី ហើយក៏ជាការបំបាក់ស្មារតី និងដើម្បីលេបយកទ្រព្យសម្បត្តិ​ក្រុមហ៊ុនផងដែរ​។

យោងតាម​លិខិតលើទំព័រ​ហ្វេសប៊ុករបស់លោកស្រីកែវម៉ាលីដែលចេញកាលពីថ្ងៃ១៥ ខែសីហា ម្សិលមិញ ក្រុមហ៊ុន កែវ ម៉ាលី គ្រុប អះអាងថា​ព័ត៌មាន​ទាំងនោះ​ពុំ​ទាន់ជាក់លាក់​និង​ច្បាស់ការនោះឡើយ។ ប្រភពដដែលឲ្យដឹងថា​ភាគីក្រុមកែវ ម៉ាលី គ្រុប បានប្តឹងជំទាស់​ទៅសាលាឧទ្ធរណ៍ ដែលមា​នន័យ​ថា​សាលាដំបូងរាជធានីភ្នំពេញ​មិន​អាចបន្តនីតិវិធី​បាន​ទេ ដោយរង់​ចាំសេចក្តីសម្រេចរបស់​សាលាឧទ្ធរណ៍សិន។

លិខិតដដែលចាត់ទុកការផ្សព្វផ្សាយព័ត៌មាននោះ​ ជាការបំបាក់ស្មារតី ដើម្បីលេបយកដី និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកែវ ម៉ាលី គ្រុប ​។

ខ្លឹមសារក្នុងលិខិតនោះមានអត្ថន័យថា៖ «ក្រុមហ៊ុនរបស់លោកស្រី កែវ ម៉ាលី ចាត់ទុកការទម្លាយព័ត៌មានពាក់ព័ន្ធការលក់ឡាយឡុងពីខាងធនាគារវៀតណាម ដែលពុំទាន់ជាក់លាក់ទាំងអស់នេះ វាបានធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តី​ថ្លៃថ្នូរ របស់លោកស្រី កែវ ម៉ាលី ប្រធានក្រុមហ៊ុន យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការបំបាក់ស្មារតី
ដើម្បី​លេបយកដី និង ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំង២៦ប័ណ្ណ ពីតម្លៃខ្ពស់ជាង ២០លានដុល្លា មកត្រឹមទាបជាង ៧លាន​ដុល្លាប៉ុណ្ណោះ
»។

កាលពីថ្ងៃទី​០១ ខែសីហា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈអំពីការលក់ឡៃឡុងលើអចលវត្ថុក្រុមហ៊ុនលេនប្រផឹធី អិលធីឌី របស់​លោកស្រី​ កែវ ម៉ាលី និងលោកស្រី កែវ ស៊ុយឆេង ចំពោះដី និងអាគារ ចំនួន ២៦កន្លែង ក្នុងតម្លៃលក់អប្បបរមាជាង៧លាន ២សែនដុល្លារ។

វីអូឌី បានទំនាក់ទំនងទៅបុគ្គលិកធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) របស់វៀតណាមដែរ នៅថ្ងៃនេះ ប៉ុន្តែពួកគេឆ្លើយយ៉ាងខ្លីថា មិនបានដឹងរឿងនេះទេ។

មេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា ការលក់ឡាយឡុងទ្រព្យសម្បត្តិរបស់កូនបំណុលបាន លុះត្រាតែមានសាលក្រម ឬសាលដីការបស់តុលាការចេញជាស្ថាពរ​។ លោកបញ្ជាក់ថា ទ្រព្យដែលលក់នោះ ត្រូវកំណត់តម្លៃសមស្របតាមទីផ្សារបច្ចុប្បន្ន និងមានការការវាយតម្លៃត្រឹមត្រូវពីក្រុមហ៊ុនអចលនាទ្រព្យ ទើបផ្តល់ភាពយុត្តិធម៌ដល់គូភាគី។

លោកពន្យល់ថា៖«ការលក់ឡាយឡុង ត្រូវមានការវាយតម្លៃជាមុន បើសិនជាអត់មានការវាយតម្លៃជាមុនទេ ជាការអនុវត្តនីតិវិធីមិនស្របទៅតាមច្បាប់ទេ នៅពេលដែលយើងអនុវត្តនីតិវិធីមិនស្របតាមច្បាប់ វាប៉ះពាល់ធ្ងន់ជាងគេ គឺផលប្រយោជន៍ ប្រសិនបើរឿងរដ្ឋប្បវេណីវាប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទាំងសងខាង កាលណាយើងមិនអនុវត្តតាមនីតិវិធីច្បាប់ ដូចយើងដឹងហើយ ដូចតម្លៃផ្ទះគាត់១០ម៉ឺន ហើយយើងលក់ឲ្យគាត់១ម៉ឺនដុល្លារ វាប៉ះពាល់នូវទ្រព្យសម្បត្តិឬផលប្រយោជន៍អ្នកចាញ់ក្តីដ៏ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា ក្រុមហ៊ុន លេនប្រផឹធី មានឈ្មោះម្ចាស់កម្មសិទ្ធិករ ចំនួនពីរនាក់ គឺឈ្មោះ លោកស្រី កែវ មាលី និងលោកស្រី កែវ ស៊ុយឆេង សរុបមានចំនួន២៦កន្លែង។

ក្នុងចំណោមអចលនទ្រព្យទាំង២៦កន្លែងនោះ មាន២០កន្លែង ស្ថិតនៅខុនដូវិមាន កែវចរណៃ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  ចំណែក៦កន្លែងទៀត ស្ថិតនៅមូលដ្ឋានដូចគ្នា ប៉ុន្តែនៅក្រៅវិមានកែវចរណៃ៕

សេចក្ដី​កែតម្រូវ៖ សារព័ត៌មាន​វីអូឌី​សូម​កែ​តម្រូវ​ថា អ្នកស្រី កែវ សុម៉ាលី បច្ចុប្បន្ន​នេះ​មិន​មែន​ជា​សមាជិក​ព្រឹទ្ធ​សភា​ទៀត​នោះ​ឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ