សារមន្ទីរ​ទួលស្លែង​ដាក់​តាំង​ពិព័ណ៌​រូបថត​រម្លឹក​ខួប​៤០​ឆ្នាំ​នៃ​ការ​បង្កើត​សារមន្ទីរ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា (ទីមួយរាប់ពីស្ដាំ) ពិនិត្យពិព័ណ៌ នៅ​ព្រឹក​ថ្ងៃទី១៩ ខែ​សីហា ឆ្នាំ២០១៩ នៅសារមន្ទីរទួលស្លែង

សារមន្ទីរ​ទួល​ស្លែង​បាន​បើក​​សម្ពោធ​​ពិព័រណ៌​មួយដាក់តាំង​បង្ហាញ​ការស្រាវជ្រាវនានា​របស់​មន្ត្រី​សារមន្ទីរ​ដល់​សាធារណ​ជនសម្រាប់​រយៈពេល​១ឆ្នាំ ដើម្បី​រំម្លឹក​ពី​​ការ​ចងចាំ​របស់​ជន​រងគ្រោះ​នៅ​មន្ទីរ​សន្តិសុខ​ ស-២១ ក្នុង​សម័យ​ខ្មែរ​ក្រហម។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើកពិព័ណ៌​ «៤០ឆ្នាំ​នៃ​ការ​ចងចាំជន​រងគ្រោះ​ ស២១» នៅព្រឹក​នេះ​ ប្រធាន​សារមន្ទីរ​​ប្រល័យ​ពូជសាសន៍​គុក​ទួល​ស្លែង ​លោក​ ឆាយ វិសុទ្ធ មាន​ប្រសាសន៍​ថា​ ការ​សម្ពោធ​ពិព័ណ៌​នៅ​ថ្ងៃ​នេះ​ គឺ​គាស់​បង្ហាញ​សាធារណៈ​ជន​ឡើង​វិញ​ពី​សកម្មភាព​របស់​សារមន្ទីរ តាំង​ពី​នៅ​ជា​សាលា​រៀន​ព្រះ​ពញ្ញាយ៉ាត រហូត​ដល់​ក្លាយ​ជា​គុក​ប្រល័យ​ពូជ​សាសន៍ និង​ការ​ប្រមូល​ឯក​សារ​ផ្សេង​របស់​សារមន្ទីរដែល​បាន​បន្សល់​មកដល់​បច្ចុប្បន្ន។

លោក​បន្ថែម​ថា ពិព័ណ៌​នេះ​ទៀត​សោត​ក៏​ចង់​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ថែម​ទៀត​រវាង​សារមន្ទីរ​​ជាមួយ​អ្នក​ទេសចរណ៍​ក៏​ដូច​ជា​សិស្សា​នុ​សិស្ស​​ដែល​ចង់​ស្វែង​យល់​ពី​អតីត​គុក​មួយ​​នេះ​ផង​ដែរ។

លោក ​ឆាយ វិសុទ្ធ មាន​ប្រសាសន៍​ថា៖ «ក្នុង​អំឡុង​ពេល​ ២​ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ​នេះ​ ក្រុម​ការ​ងារ​ជួប​ប្រទះនូវ​បញ្ហា​ជា​ច្រើន ជា​ពិសេស​ការប្រមូល​ឯកសារ​សម្រាប់​ការ​ចងក្រង​សៀវភៅ​កាតាឡុក និង​ពិព័ណ៌​ ត្បិត​ដំណើរ​ការ​នៃ​ការ​ស្រាវ​ជ្រាវ​ត្រូវ​ប្រើប្រាស់​ឯកសារ​ដែល​មាន​ប្រភព​នៅខាង​ក្រៅ ហើយ​សារមន្ទីរ​ពុំមាន​លទ្ធភាព​ដែល​បញ្ជូន​បុគ្គលិក​ទៅ​ក្រៅ​ស្រុក។ បញ្ហា​មួយ​ទៀត​​ គឺ​កង្វះ​រូប​ថត​ប្រើ​ប្រាស់​​​ដើម្បី​បង្ហាញ​ពី​ស្ថាន​ភាព​របស់​សារមន្ទីរ​នៅ​ដំណាក់​កាល​ដំបូង​ៗ ​ត្បិត​រូប​ថត​ទាំង​អស់​នោះ​ រក្សា​ទុក​ដោយ​ក្រុម​ហ៊ុន ឬ​អ្នក​ថត​រូប​ឯក​ជន​ដែល​ត្រូវចំណាយ​ថវិកា​ច្រើន​ដែល​ត្រូវ​ប្រើប្រាស់​នឹង​បោះពុម្ភ​ផ្សាយ ហេតុ​ដូច្នេះ​ យើង​មាន​លទ្ធភាព​តែ​ក្នុង​ប្រើប្រាស់​ឯកសារ​ក្នុង​ស្រុក​ប៉ុណ្ណោះ»

បើ​តាម​លោក​ ឆាយ វិសុទ្ធ ទី​តាំង​ពិ​ព័ណ៌​នេះ​មាន​នៅ​ជាន់​ទី​២​ នៃ​អាគារខ ក្នុង​សារមន្ទីរ ដែល​ចែក​ចេញ​ជា​ ៥​ដំណាក់​នៃ​ពិព័ណ៌​ដែល​រួម​មាន​ចាប់​ពី​ពេល​ដែល​សារមន្ទីរ​នេះ​នៅ​ជាសាលា​រៀន ការ​​​កែ​ប្រែ​សាលា​រៀន​ទៅ​ជា​គុក ​ការ​បាត់​បង់​ជិវិត​នៃ​ជន​រងគ្រោះ​ ការ​រៀប​ចំ​សារមន្ទីរ ​ការ​ស្វែង​រក​យុត្តិ​ធម៌​ ​និង​ការ​ចងចាំ​។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​លោកស្រី ភឿង សកុណា មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​ក្នុង​ឱកាស​ពិនិត្យ​ពិព័ណ៌​នោះ​ថា ពិព័ណ៌​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដល់​​ការ​ថែរក្សា​ភស្ភុតាង ដើម្បី​ឱ្យ​យុវជន​ ក៏​ដូច​ជា​អ្នក​ទេសចរណ៍​ អាច​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​​ដ៏​​ខ្មៅ​ងងឹត​របស់​កម្ពុជា ទុក​ជា​មេរៀន​​ដើម្បី​កុំ​ឱ្យ​អំពើ​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​មិន​ថា​នៅ​ទីណា​នៃ​ពិភព​លោក​នោះ​ទេ។

លោក​ស្រី ភឿង សកុណា មាន​ប្រសាសន៍​ថា៖ «ព្រោះ​បណ្ណាសារ​របស់​ទួល​ស្លែង​នេះ​ ត្រូវ​បាន​ចាត់​ទៅ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភព​លោក​របស់​យូណេស្កូ។ ដូច្នេះ​ យូណេស្កូបាន​កត់​ត្រា​ទុក​ តែ​វា​ជា​ភារកិច្ច​របស់​ក្មេង​ជំនាន់​ក្រោយ​ទាំង​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ពិភព​លោក​ទាំង​​មូល​​ចងចាំ​ដើម្បី​កុំ​ឱ្យ​អំពើ​បែប​នេះ​ វា​កើត​ឡើង​ម្ដង​ទៀត​ក្នុង​ប្រទេស​យើង​ក្ដី​ នៅ​អន្តរជាតិ​ក្ដី​»

ប្រធាន​​ផ្នែក​ផែន​ការ​ និង​គម្រោង​របស់​សារមន្ទីរ​ដែល​ទទួល​បន្ទុក​ក្នុង​ការ​តាំង​ពិព័ណ៌​នេះ លោក ហង្ស និស្ស័យ បាន​​ឱ្យអ្នក​សារព័ត៌មាន​ដឹង​ថា​ពិព័ណ៌​របៀប​នេះ​ គឺ​មាន​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្លេះ តែ​ក្នុង​មួយ​ឆ្នាំ​ម្ដង​ នឹង​មាន​ការ​បន្ថែម​នូវ​ការ​ស្រាវជ្រាវ​ថ្មី​ៗ​ដែល​មន្ត្រី​របស់​សារមន្ទីរ​បាន​រកឃើញ បូក​រួម​នឹង​ការ​ធ្វើ​ទំនើប​កម្ម​ផង​ដែរ​។

លោក​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​នេះ​ ក្រុម​ការងារ​របស់​សារមន្ទីរ​បាន​រក​ឃើញផែន​ទី​​គម្រោង​ដែល​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​ចង់​ពង្រីក​សារមន្ទីរ​ឱ្យ​ទៅ​ជា​កន្លែងនៃ​ការ​ចងចាំ​ចម្រុះ​ រួម​ទាំង​មូលហេតុ​ដែល​ធ្វើ​ឱ្យ​សារមន្ទីរ​នេះ​ទទួល​បាន​ភ្ញៀវ​ជាតិ​ច្រើនគំហុក​​ក្នុង​ឆ្នាំ​១៩៨០​ផង​ដែរ។

លោក ហង្ស និស្ស័យ ប្រាប់​ថា៖ «យើង​មាន​ព័ត៌មាន​ថ្មី​មួយ​ចំនួន​ដែល​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង​ដែរ។ អញ្ចឹង ​ខ្ញុំ​គិត​ថា​ប្រសិន​ជា​យុវជនមក​ទស្សនា​នៅ​ទី​នេះ នឹង​បង្កើន​ចំណេះ​ដឹង​ឱ្យ​ច្រើន​ជា​ង​អ្វី​ដែល​គាត់​បានរៀន​ ព្រោះ​​មាន​ចំណុច​ខ្លះ​ដែល​ពួក​យើង​ជា​មន្ត្រី​នៃ​សារមន្ទីរទើប​តែ​ដឹង​តាម​រយៈ​ពិព័ណ៌​ហ្នឹង​ដែរ» 

និស្សិត​សិក្សាប្រវត្តិ​សាស្ត្រ​​នៅ​​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ កញ្ញា មិនា បាន​ឱ្យ​ដឹងថា​ កញ្ញា​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​តាំង​ពិព័ណ៌​នេះ​ដោយ​សារ​មាន​ភាព​ទាក់ទាញ​ និង​បង្ហាញ​នូវ​ការ​ស្រាវជ្រាវ​ច្រើន​ដែល​ធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត​ផង​ដែរ។

កញ្ញា មិនា ប្រាប់​ថា៖«ចំណុច​ដែល​ថ្មី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​ដឹង​ពី​ពិព័ណ៌​នេះ​ គឺ​ភាគ​ច្រើនការ​ចង​ក្រង​ឯកសារ​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ក្រោយអញ្ចឹង​ មួយ​ទៀត​ លក្ខណៈ​នៃ​ការ​តាំង​ពិព័ណ៌​ដោយ​សារ​តែ​ពី​មុន​ពេល​ដែល​យើង​រៀន​ ឬ​ចូល​រួម​ពិព័ណ៌​អី​ផ្សេងៗ ​គេ​អត់​បាន​រៀប​ចំ​អញ្ចឹង​ទេ»

ជន​រងគ្រោះ​ម្នាក់​ក្នុង​គុក​ទួល​ស្លែង​នេះ​ លោក ជុំ ម៉ី មាន​ប្រសាសន៍​ថា​ លោក​សប្បាយ​ចិត្ត​ចំពោះ​ការ​រៀប​ចំ​ពិព័ណ៌ដើម្បី​ឱ្យ​ពិភព​លោក​បាន​ដឹង​ និង​​បញ្ជៀស​អំពើ​បែប​នេះ​កុំ​ឱ្យ​វិញ​ត្រលប់​មក​វិញ។

លោក​ ជុំ ម៉ី មាន​ប្រសាសន៍​ថា៖«នេះ​ជា​គោល​បំណង​របស់​ខ្ញុំ​ចង់​បាន​ជាទី​បំផុត ​ដែល​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ ឱ្យ​ពិភព​លោក​បាន​ដឹង​ដើម្បី​កុំ​ឱ្យ​ទៅ​អា​ផ្លូវ​ចាស់ ​៣ឆ្នាំ ៨ខែ​ ២០​ថ្ងៃ​ហ្នឹង​ទៀតណា!»

ការ​បើក​សម្ពោធ​ពិព័ណ៌​នេះ​​​ សារមន្ទីរ​ទួល​ស្លែង​ក៏​មាន​បំណង​​ដើម្បី​អបអរ​ខួប​ ៤០​ឆ្នាំ​ នៃ​ការ​បើក​ដំណើរ​របស់​ខ្លួន​ផង​ដែរ​​ថ្ងៃទី​​២០ សីហា ឆ្នាំ​១៩៧៩ ដល់​២០ សីហា ឆ្នាំ​២០១៩ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របបដឹក​នាំ​​ខ្មែរ​ក្រហម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ