ប៉ូលិស​ហុងកុង​១៨០​នាក់​រង​របួស និង​​ការ​គំរាម​កំហែង​ ខណៈ​បាតុកម្ម​​អូស​បន្លាយ​ទៅទៀត

ក្រុម​បាតុករ​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​ព្រលាន​យន្តហោះ​​អន្តរជាតិ​ទីក្រុង​ហុងកុង និង​បាន​បិទ​ផ្លូវ​ច្រក​ចូល​ត្រួត​ពិនិត្យ​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​នេះ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៩ (ប្រភពរូប៖ CNA)

រដ្ឋាភិបាល​ហុងកុង បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ប្រហែល ១៨០​នាក់ បាន​រង​របួស​អំឡុង​បាតុកម្ម​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​សមាជិក​គ្រួសារ​របស់​ពួកគេ បាន​ទទួល​រង​ការ​ប្រមាថ​មើល​ងាយ​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​តាម​រយៈ​ការ​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង ដែល​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​បាតុកម្ម​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។ រដ្ឋាភិបាល​ទីក្រុង​ហុងកុង បាន​ហៅ​បាតុកម្ម​របស់​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា សំដៅ​ទៅ​លើ​ប៉ូលិស។

ទីក្រុង​ហុងកុង​បាន​ជាប់​គាំង​ក្នុង​ចលនា​បាតុកម្ម​របស់​ប្រជាជន​អស់​រយៈ​ពេល​ជាង ៤​ខែ​មក​ហើយ​ចាប់​តាំង​ពី​ចុង​ខែ​មីនា​កន្លងមក ដែល​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​គម្រោង​បង្កើត​ច្បាប់​បត្យាប័ន។ សំណើ​ច្បាប់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ទម្លាក់​ចោល​ទៅ​ហើយ​នោះ ត្រូវ​បាន​ចាត់​ទុក​ជា​វិធី​ដែល​ជួយ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​បង្ក្រាប​លើ​ក្រុម​អ្នក​រិះគន់​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​ឈ្មោះ​ថា ​រណសិរ្ស​សិទ្ធិ​មនុស្ស​ស៊ីវិល (CHRF) បាន​ចាត់​ទុក​បាតុកម្ម​នា​ចុង​សប្ដាហ៍​កន្លង​មក​នេះ​ថា ជា​ការ​តវ៉ា​ដោយ​អហិង្សា ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បាតុករ​រាប់​រយ​ពាន់​នាក់ ច្រើន​ជាង​ចំនួន​ពលរដ្ឋ​តវ៉ា​កាល​ពី​ខែ​មិថុនា និង​ខែ​កក្កដា​ទៅ​ទៀត។

ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឧទ្យាន Victoria កាល​ពី​ថ្ងៃ​ម្សិល​មិញ ដើម្បី​បង្ហាញ​ទៅ​មេដឹកនាំ​ទីក្រុង​ហុងកុង​ថា ចលនា​បាតុកម្ម​របស់​ពួកគេ​នៅ​តែ​ទាក់​ទាញ​ការ​គាំ​ទ្រ​ពី​សាធារណជន បើទោះបី​ជា​ប្រឈម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ក៏​ដោយ។

តែ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង បាន​និយាយ​ថា ប៉ូលិស​បាន​ប្រើ​ប្រាស់​កម្លាំង​ក្នុង​កម្រិត​ទាប​បំផុត នៅ​ពេល​ដែល​ពួកគេ​គ្មាន​ជម្រើស​ណា​មួយ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ