កម្មករ​ និង​​ភាគី​រោងចក្រ​ ហ៊ឹង ជីង ចោទ​គ្នា​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​អំឡុង​ពេល​តវ៉ា​ទារ​ប្រាក់​អតីតភាព​ការងារ

កម្មកររោងចក្រ ហ៊ឹង ជីង កំពុងឈរតវ៉ាមុខរោងចក្រ

ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ហ៊ឹង ជីង បាន​ចោទ​ថៅកែ​ និង​រដ្ឋបាល​រោងចក្រ​នេះ​​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ពួកគេ​អំឡុង​ពេល​ពួកគេ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប៉ុន្តែ ភាគី​រោងចក្រ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​កម្មករ​ប្រហែល ៤០​នាក់ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ ហ៊ឹង ជីង លើស​ពី ៥​ឆ្នាំ​មក​ហើយ​នោះ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​ច្រក​ចូល​នៃ​រោងចក្រ​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា​កន្លង​មក​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​រម្លឹក​អតីតភាព​ការងារ ដែល​ក្រុម​កម្មករ​អះ​អាង​ថា ថៅកែ​មិន​ទាន់​បើក​ឲ្យ​ពួកគេ។

លោក គឹម ឫទ្ធី ជា​គណនេយ្យករ​នៅ​រោងចក្រ និង​ជា​តំណាង​របស់​ក្រុម​កម្មករ បាន​ឲ្យ​ដឹង​ថា កូដកម្ម​របស់​ក្រុម​កម្មករ​បាន​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា បន្ទាប់​ពី​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ក្រុម​កម្មការិនី និង​មន្ត្រី​រដ្ឋបាល​ និង​ថៅកែ​រោងចក្រ។

កម្មករ​រូប​នេះ បានឱ្យដឹងថា បុគ្គលិករដ្ឋបាលរោងចក្រ​ឈ្មោះ អួយ ណៃស៊ីម បានទាញកម្មករឱ្យចូលធ្វើការដោយបង្ខំ ខណៈពួកគេកំពុងឈរតវ៉ាមុខរោងចក្រ ហើយ​បន្ទាប់​មក​រួចថៅកែរោងចក្រជនជាតិចិន លោក តាយ ជីនចែរ៍ បានមកដល់ក៏រុញបន្ថែម ធ្វើឱ្យពួកគេដួល និងរងរបួស។

លោក គឹម ឫទ្ធី រៀប់​រាប់​ថា​៖ «គាត់[កម្មករ]ឈរតវ៉ាឈរគៀនៗ គាត់[រដ្ឋបាលរោងចក្រ]ទាញមកទីណាត់ទីណែងប៉ះក៏រុញចុះរុញឡើងទៅស្រាប់តែខាងថៅកែរោងចក្រហ្នឹងវាមកពីក្រោយវារុញបន្ថែម​ហ្មង»

លោកបញ្ជាក់បន្ថែមថា កម្មការិនី​ ២​នាក់ បាន​របួស​មេជើង ថ្លោះ​ដៃ និង​រលាត់​ផ្ទៃ​មុខ ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​រោងចក្រ អ្នកនាង អួយ ណៃស៊ីម រង​របួស​រលាត់​ក្បាល​ជង្គង់​ទាំង​សង​ខាង។

លេខាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខាវឌូ)​ប្រចាំ​នៅ​រោងចក្រ ហ៊ឹង ជីង កញ្ញា ពៅ លីណា ដែល​បាន​រង​របួស​នោះ បានចោទអ្នកនាង ណៃស៊ីម បានបង្ករបួសស្នាមលើផ្ទៃមុខរបស់កម្មការិនី​​អំឡុង​ពេល​ប្រទាញ​ប្រទង់​នោះ ហើយ​កញ្ញា​បាន​ស្នើ​ឲ្យ​ពន្លឿន​ដំណោះ​ស្រាយ​ទៅ​តាម​ការ​ទាមទារ​របស់​ក្រុម​កម្មករ។

អ្នកនាង អួយ ណៃស៊ីម បានបដិសេធចំពោះការចោទប្រកាន់ខាងលើ និងអះអាងថា ពួកគេបានប្រើហិង្សាទៅលើខ្លួន ហើយចោទ​ក្រុម​កម្មករ​វិញ​ថា ប៉ុន​ប៉ង​​បិទ​ច្រក​ចូល​រោងចក្រ​ដោយមិនព្រមយោគយល់ទទួលយកដំណោះស្រាយដែលខាងរោងចក្រផ្តល់ឱ្យ​​។

លោកស្រី ណៃស៊ីម ប្រាប់ថា៖ «រោងចក្រអត់ទាន់មានលុយគុណចែកឱ្យគាត់។ រោងចក្ររកដំណោះស្រាយឱ្យគាត់ដែរ ប្រាប់ដែរថា សុំពន្យាពេលថ្ងៃនេះៗ​ ដើម្បីឱ្យខាងក្រុមហ៊ុនរកលុយមកបើកឱ្យកម្មករសិន តែកម្មករគាត់អត់ជឿទុកចិត្ត។ គាត់បាតុកម្ម ១ខែបួនដង»។

ក្រុម​កម្មករ និង​មន្ត្រី​រដ្ឋបាល​រោងចក្រ​នេះ សុទ្ធ​តែ​អះ​អាង​ថា ពួកគេ​បាន​ដាក់​បណ្ដឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ២ ក្រោយ​ពី​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​មុន។

មេ​ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ លោក ណេង សាមឿន បានឱ្យដឹងថា លោកបានទទួលបណ្តឹងពីភាគីសងខាងហើយ និងកំពុងកោះហៅភាគីពាក់ព័ន្ធឱ្យចូលខ្លួនមកធ្វើការដោះស្រាយ។

មន្រ្តីសម្របសម្រួលផ្លូវច្បាប់សហជីព​ស៊ីខាវឌូ លោក គឹម មករា ឱ្យ​វីអូឌី​ដឹងថា ភាគីរោងចក្រតែងតែលើកឡើងពីបញ្ហាហិរិញ្ញវត្ថុរបស់ខ្លួន មិនអាចដោះស្រាយតាមការទាមទាររបស់កម្មករ។

លោក​ មករា​ថា៖ «រោងចក្រហ្នឹង គាត់ប្រើភាសាមួយថា អត់មានលទ្ធភាព អត់មានលុយណាបើកឱ្យទេ ហើយគាត់ថា រោងចក្រខាតជារៀងរាល់ខែ។ អីចឹង ចំណុចនេះ គ្រាន់តែជាការគេចវេសរបស់និយោជកទេ»។

លោក មករា បន្ថែមថា បើនៅតែគ្មានដំណោះស្រាយទៀត លោក និងកម្មករ អាចនឹងប្រើវិធីដើរចុះផ្លូវតវ៉ាទៅកាន់ក្រសួងការងារ ឬផ្ទះ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទោះយ៉ាងណា នៅម៉ោង ២​រសៀលថ្ងៃចន្ទនេះ មន្ត្រី​សហជីព​រូប​នេះ បាន​ឲ្យ​ដឹង​ថា ខាងភាគីក្រសួង​ ថៅកែរោងចក្រ និងកម្មករ កំពុងធ្វើការដោះស្រាយគ្នា ប៉ុន្តែ រហូតមកទល់ពេលនេះ ខាង​វីអូឌី​មិនទាន់ទទួលបានព័ត៌មានស្តីពីដំណោះស្រាយ​ថាយ៉ាងណានៅឡើយទេ។

កាលពី​ឆ្នាំ២០១៨ ក្រសួង​ការងារ​បានផ្លាស់ប្តូរ​នីតិវិធី​អនុវត្ត​ការទូទាត់​ប្រាក់​​អតីតភាព​ការ​ងារ​ជូន​កម្មករ​និយោជិក​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ​និង​ផលិត​ស្បែកជើង​ ពី​ការបើក​សរុប​នៅពេល​បញ្ចប់ការងារ​របស់​កម្មករ ​មកបើក​ជា​ទៀង​ទាត់​ក្នុង​ ១ឆ្នាំ​ ២ដងវិញ ​ហើយ​ត្រូវអនុវត្ត​ជា​ដំណាក់​កាល​​ទាំង​ប្រាក់​អតីត​ភាពការងារ​ថ្មី និង​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ២០១៩ ដោយ​​ចាប់ពី​ខែ ​មិថុនា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ