ក្រសួងរៀបចំដែនដី​បន្ត​បដិសេធ​ដោះ​ស្រាយ​ដី​ធ្លីជូន​ពលរដ្ឋ ១៩៧ គ្រួសារ​មក​​ពី​​ខេត្ត​​កោះកុង

ពលរដ្ឋមកមានវិវាទដីធ្លី មកពីស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី ១៧ ឧសភា

ក្រសួងរៀបចំដែន​ដី នគររូបនីយកម្ម និងសំណង់ នៅ​តែ​រក្សា​ជំហរ​មិន​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ​ ១៩៧​គ្រួសារ ដែល​អះ​អាង​ថា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ ហេង ហ៊ុយ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង​នោះ​ឡើយ បើទោះបីជា​ពលរដ្ឋ​ទាំង​នោះ បន្ត​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​យ៉ាងណា​ក៏​ដោយ។

កាលពីម្សិលមិញ​នេះ ពលរដ្ឋប្រហែល ១០០នាក់ ដែលអះអាងថា ជាតំណាងឲ្យពលរដ្ឋ ១៩៧ គ្រួសារមកពីឃុំជីខលើ និងជីខក្រោម បានឡើងមកតវ៉ាមុខក្រសួងរៀបចំដែនដីជាថ្មីទៀត ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ពី​រដ្ឋ​មន្ត្រី​ដែនដី លោក ជា សុផារ៉ា ក៏ដូចជា​​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ប៉ុន្តែ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មា ក្រសួងដែន​ដី​បាន​បដិសេធ​ជា​ថ្មី​ទៀត​​មិន​ទទួល​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពលរដ្ឋ​ទាំង​នោះ​ទេ ហើយ​នៅ​តែ​អះ​អាង​ថា ទីតាំង​ដី​ធ្លី​ដែល​ពលរដ្ឋ​ទាំង​នោះ​ទាមទារ គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ហេង ហ៊ុយ ដែល​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ។

កាលពីខែកក្តដា ក្រសួងរៀបចំដែនដី​បាន​បដិសេធ ២​លើក​រួច​មកហើយ​ចំពោះ​​ដំណោះស្រាយ​វិវាទ​ដីធ្លី​សម្រាប់​ពលរដ្ឋ​​មក​ពី​ខេត្ត​កោះកុង​ទាំង​នោះ​ទេ ហើយ​ក្រសួង​ក៏​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ទាំង​នោះ​ទៀត​ផង។

បច្ចុប្បន្ននេះ ពលរដ្ឋ ១០នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង ១៩៧​ គ្រួសារ​នោះ ត្រូវបានតុលាការ​ខេត្ត​កោះកុង កោះហៅជា​បន្ត​បន្ទាប់ ទៅ​តាម​បណ្ដឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ដែល​ប្ដឹង​ឡើង​ដោយ​​លោក ហេង ហ៊ុយ ដែល​ជា​នាយក​ក្រុមហ៊ុន​ចម្ការ​ស្ករ​អំពៅ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ