ប្រមុខហុងកុង មើលឃើញផ្លូវសន្ទនាជាមួយក្រុមបាតុករជាច្រកចេញពីភាពច្របូកច្របល់

ប្រមុខដឹកនាំហុងកុង លោកស្រី Carrie Lam ថ្លែងក្នុងសន្និសីទកាសែតមួយនៅហុងកុង (ប្រភពរូប៖ Bloomberg)

ប្រមុខដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងថា លោកស្រីនឹងបង្កើតកិច្ចសន្ទនាមួយជាមួយក្រុមបាតុករ ដើម្បីស្តារស្ថានការណ៍ដែលកំពុងជាប់គាំង បន្ទាប់ពីចលនាបាតុកម្ម បានបន្តអូសច្រើនខែ។ នេះបើយោងតាមប្រភពព័ត៌មានពី ទូរទស្សន៍ TRTWorld របស់ទួគី ចេញផ្សាយថ្ងៃអង្គារ៍។

យោងតាមប្រភពដដែល លោកស្រី Carrie Lam មានប្រសាសន៍ថា៖ «យើងនឹងចាប់ផ្តើមធ្វើការបង្កើតកម្មវិធីជាបន្ទាន់មួយសម្រាប់កិច្ចសន្ទនា។​ ខ្ញុំសង្ឃឹមថា វាគឺជាការចាប់ផ្តើមនៃការទាញស្ថានការវឹកវរក្នុងសង្គមឱ្យវិលទៅរកភាពប្រក្រតី និងជៀសផុតពីអំពើហិង្សា»។

ការថ្លែងបែបនេះរបស់ប្រមុខដឹកនាំលោកស្រី Lam គឺធ្វើឡើងបន្ទាប់ពីចលនាបាតុកម្មចុះផ្លូវតវ៉ានៅតែបន្តអូសបន្លាយ និងបង្កជាអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលីស អស់រយៈពេល៤ខែ ដោយផ្តើម​​ពីការទាមទារលុបចោលសំណើច្បាប់ធ្វើបត្យាបណ្ណជនជាប់សង្ស័យហុងកុងទៅកាត់ក្តីនៅប្រទេសចិន នៅចុងខែមិនា។

លោកស្រីបន្ថែមថា កម្មវិធីសន្ទនានោះ នឹងបើកផ្លូវតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលនៃដែនកោះមួយនេះ ជាមួយក្រុមបាតុករមហាជន ក្នុងការស្វែងយល់ពីការពិតនៅពីក្រោយមូលហេតុបង្កឱ្យមានបាតុ​កម្មទាមទារឱ្យលោកស្រីលាលែង​ពីតំណែង និងការបង្ក្រាបដោយហិង្សាពីសំណាក់ប៉ូលីសទៅលើក្រុមបាតុករ។

ចាប់ពីខែឧសភា មក បាតុករជាង៧០០ នាក់ ត្រូវបានចាប់ខ្លួន ខណៈក្រុមប៉ូលីសរងការរិះគន់ថាបានប្រើវិធីបង្ក្រាបហិង្សាកាន់តែខ្លាំងឡើងនាពេលកន្លងមកដើម្បីបំបែកហ្វូងបាតុករ ប៉ុន្តែ នៅថ្ងៃអាទិត្យសប្តាហ៍មុន វត្តមានរបស់ពួកគេ ត្រូវគេមើលឃើញមានចំនួនតិចតួច និងពុំមានបាតុករណាម្នាក់ត្រូវបានចាប់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ