អគ្គនាយកពន្ធដារប្រកាសវិធានការប្រឆាំងអំពើពុករលួយធានាតម្លាភាពនៃការប្រមូលពន្ធ

លោក គង់ វិបុល និង លោក គង់ វិបុល

អគ្គ​នាយក​ដ្ឋានពន្ធដារ លោក គង់ វិបុល ប្រកាសចាត់​វិធានការប្រឆំាងអំពើពុករលួយ ដោយថា ដើម្បីបន្តជំរុញយន្តការធ្វើកំណែទម្រង់របស់ខ្លួន ធានាដល់ប្រសិទ្ធិភាពនៃការប្រមូលពន្ធ ខណៈសហភាពអឺរ៉ុបគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ។

លោក គង់ វិបុល ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីអំពើពុករលួយ នៅថ្ងៃចន្ទម្សិលមិញ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រមូលពន្ធ ៥ឆ្នាំមកនេះ មានការកើនឡើងជាបន្តបន្ទាប់​លើសពីផែនការកំណត់នៃថវិកាជាតិ។ លោកថា កំណើននេះកើតឡើងក្រោយពីមានការធ្វើកំណែទម្រង់​ទប់ស្កាត់អំពើពុករលួយ។

លោក គង់ វិបុល អះអាងទៀតថា កន្លងទៅមន្ត្រីខិលខូចខ្លះ ត្រូវរ៉ូវជាមួយអ្នកជាប់ពន្ធ ឯខ្លះទៀត​ទារពីអ្នកជាប់ពន្ធច្រើនជាង​ចំនួន​ដែល​តម្រូវ​ឲ្យ​បង់ចូលថវិការដ្ឋ និងខ្លះទៀតបង្កការលំបាកដល់អ្នកបង់ពន្ធ ដើម្បីទារកម្រៃក្រៅផ្លូវការណ៍ដែលលោកថា​ជា​អំពើពុលរលួយ។

មន្ត្រីជាន់ខ្ពស់នៅស្ថាប័នប្រមូលពន្ធមួយនេះ ព្រមានថា វិធានការធ្វើកំណែទម្រង់នៅតែបន្ត តាមរយៈសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាពីប្រសិទ្ធភាពនៃការប្រមូលពន្ធនេះ។

លោក គង់ វិបុល ថ្លែង​ថា​៖ «ត្រូវជម្រះគ្នានៅថ្ងៃនេះថាកន្លែងពន្ធដារមិនមែនជាកន្លែងខ្លាញ់សម្រាប់មកប្រមូលលុយសម្រាប់ខ្លួនទេ ប្រមូលលុយសម្រាប់រដ្ឋ។ ដូច្នេះ រដ្ឋាភិបាលបានដាក់ចេញ និងបង្កើតអង្គភាពប្រឆាំងអំពើពុករលួយនេះ គឺដើម្បីពង្រឹងអភិបាលកិច្ចល្អសម្រាប់រដ្ឋទាំងមូល»

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងពិធីនេះថា វិធានការនៅតែបន្តចាត់វិធានការទៅលើមន្ត្រីខិលដូចដែលធ្វើឲ្យខាតប្រយោជន៍ជាតិ។

លោក ឱម យ៉ិនទៀង ថ្លែង​ថា​៖ «សូមកុំភ្លេចថា ទារ ឬទទួល ទទួលតាមបែបណាក៏ដោយជាប់ហើយ[បទអំពើពុករលួយ]សូកវិញយ៉ាងម៉េង? ជូន ឬសន្យាជូន គ្រាន់តែសន្យាឲ្យជាប់បទសូកបាត់ហើយ សូមប្រយ័ត្ន!»

សហភាពអឺរ៉ុបបានបញ្ចប់នីតិវិធ ៦ខែដំបូង​របស់ខ្លួនត្រឹមថ្ងៃទី១២សីហានេះ លើវិធានាការព្យួរ EBA ហើយត្រូវប្រើពេល ៦ខែទៀត ទើបសម្រេចថា ព្យួរ ឬមិនព្យួរ អាស្រ័យលើកការព្យាយាមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញតាមលក្ខណ្ឌរបស់ខ្លួន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ហៅវិធានការនេះថា អាចនឹងជោគជ័យទៅបានលុះណា​នីតិវិធនៃការប្រមូលពន្ធ លុបបំបាត់នូវភាពស្មុកស្មាញដល់អ្នកជាប់ពន្ធ ហើយត្រូវធានាថា ទាំងអ្នកមានទាំងអ្នកក្រ និងអ្នកមាន​អំណាចផង ត្រូវជាប់កាតព្វកិច្ចបង់ពន្ធដូចគ្នា។

លោក សន ជ័យ ប្រាប់​ថា៖ «ដើម្បីធានានូវប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ពន្ធដារ ពិសេសការទប់ស្កាត់កុំឲ្យមន្ត្រីរបស់ខ្លួនមានការពាក់ព័ន្ធពីអ្នកទារលុយក្រោមតុ[ទារលុយក្រៅច្បាប់]ពីអ្នកបង់ពន្ធការពង្រឹងនៃការប្រមូលពន្ធជាពិសេសធ្វើឲ្យមានភាពសាមញ្ញនៃនីតិវិធីនៃការប្រមូលពន្ធ និងការប្រមូលពន្ធគឺជារឿងចាំបាច់»

លោក គង់ វិបុល ជាទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​ចាប់​តាំង​​ពី​ឆ្នាំ​២០១២​។

ប៉ុន្ត មន្ត្រីស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះ ត្រូវបានសារព័ត៌មានអូស្រ្តាលី​ចុះផ្សាយកាល​ឆ្នាំ​២០១៧​ថា ជាប់ពាក់ព័ន្ធនឹងបទ​ក្លែង​បន្លំ​ថា ជា​អ្នក​រស់​នៅ​ប្រទេស​អូស្រ្តាលី ហើយ​បើក​អាជីវកម្ម​គេច​ពន្ធ និង​ការ​ផ្ទេរ​លុយ​រាប់​លាន​ដុល្លារ​ពីកម្ពុជា ដែល​អាច​នឹង​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ​ថែម​ទៀត បើ​សិន​ជា​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដី​អូស្រ្តាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ