វិភាគ៖ បាត់ EBA អ្នកប៉ះពាល់ច្រើនជាងអ្នកគំាទ្របក្សកាន់អំណាច?

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

ការដែលសហភាពអឺរ៉ុប យកប្រព័ន្ធអនុគ្រោះពន្ធ ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» (EBA ) មកដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យឡើងវិញនោះ វាបានលេចចេញនូវការអះអាងផ្សេងគ្នា រវាងវិស័យឯកជន ការរកឃើញរបស់សង្គមស៊ីវិល និងរដ្ឋាភិបាល​អំពី​អត្ថប្រយោជន៍នៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។

របាយការណ៍សិក្សារបស់ក្រុមអ្នកវិនិយោគនៅកម្ពុជាបង្ហាញថា បើកម្ពុជាមិនអាចរក្សា EBA របស់សហភាពអឺរ៉ុបបានទេ វានឹងប៉ះពាល់ដល់ពលរដ្ឋខ្មែរ​ជិត ៤លាននាក់។

សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)នៅសប្តាហ៍មុននេះ បានផ្តល់សញ្ញាជាថ្មីទៀតពីកង្វល់របស់ខ្លួន ដោយទទូ​ច​​​ទៅសហភាពអឺរ៉ុប ឲ្យពិចារណាឡើងវិញ​ចំពោះវិធានការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

 GMAC លើកឡើងថា បើ EBA ត្រូវបានកាត់ផ្តាច់ នឹងធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់កម្មករខ្មែរ ៧៥ម៉ឺននាក់​ក្នុងវិស័យកាត់ដេរ ហើយពលរដ្ឋ ៣លានគ្រួសារ​ផ្សេងទៀត​ប៉ះដោយប្រយោល។

ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ​ ជាមធ្យម កម្មករម្នាក់ទទួលបាន ១៨៣ដុលា្លរ​ក្នុងមួយខែ។ ផលិតផលឧស្សាហកម្មកាត់ដេរ​របស់កម្ពុជា ភាគច្រើនបំផុតនាំទៅលក់នៅប្លុកលោកសេរី មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុបជាដើម។

ការគំរាមកំហែងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ បានកើតឡើងក្រោយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រកាសមិនទទួលស្គាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ឆ្នាំ២០១៨ ដែលការបោះឆ្នោតនោះ បានផាត់គគណបក្សប្រឆាំងចេញពីឆាកនយោបាយ។

សហភាពអឺរ៉ុបបានព្រមាន តាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១២ ខែកុម្កៈថា ការរក្សាទុកប្រព័ន្ធអនុពន្ធនេះ ភ្ជាប់ទៅនឹ​ង​លក្ខខណ្ឌរបស់ខ្លួន ដែលតម្រូវឲ្យរដ្ឋាភិបាល​​ បើកលំហប្រជាធិបតេយ្យឡើងវិញ ត្រូវទម្លាក់ចោល​​បទចោទ​ប្រ​កា​ន់​​លើ​​​មេដឹក​នាំ​បក្សប្រ​ឆាំង លោក កឹម សុខា ឲ្យគណបក្សប្រឆាំងដែលត្រូវ​បានរំលាយ ​ដំណើរការ​ឡើង​វិញ និង​រៀ​បចំកា​របោះឆ្នោតឡើង​វិញមាន​លក្ខណៈ​​សេរីត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យ ។

បើគេធ្វើការប្រៀបធៀបអ្នករងផលប៉ះពាល់ក្នុងរបាយការណ៍របស់(GMAC) ចំនួននេះច្រើនជាងសន្លឹកឆ្នោតដែលគណបក្សកាន់អំណាចទទួលបាន អំឡុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដែលការបោះឆ្នោតនោះមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ ។

លទ្ធផលបោះឆ្នោតផ្លូវការបង្ហាញថា សន្លឹកឆ្នោតបានការជិត៧លានសំឡេង គណបក្សប្រជាជនកម្ពុជាទទួលបានជាង៣លាន៥សែន ស្នើនឹងជាង៥០%។គណបក្សសង្គ្រោះជាតិបានជាង៣លាន៥ម៉ឺន ស្មើជាង៤៣%។

សំណួរត្រង់ថា តើរដ្ឋាភិបាលគួរឆ្លើយតបបែបណាទៅនឹងកង្វល់ម្ចាស់ឆ្នោត បើអ្នករងផលប៉ះពាល់ច្រើនជាងអ្នកគាំទ្រខ្លួនបែបនេះ?

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ​ ស៊ីផាន ឆ្លើយនឹងសំណួរ VOD ក្នុងសន្និសីទសារព័ត៌មាន នាចុងសប្តាហ៍មុន បានរុញការទទួលខុសត្រូវ ទៅលើសហភាពអឺរ៉ុប បើកម្ពុជាត្រូវកាត់ផ្តាច់ EBAមែននោះ។

លោកថា៖«កង្វល់របស់GMACការឆ្លើយតបមិនមែនយើងខ្ញុំ[រដ្ឋាភិបាល]ទេ ​គឺសហភាពអឺរ៉ុបដែលរៀបចំEBA ចំពោះរាជ្យរដ្ឋាភិបាល យើងកំពុងជជែកគ្នាជាដៃគូ ដែលបង្ហាញពីអ្វីដែលរដ្ឋាភិបាលខំប្រឹងប្រែងធ្វើ អ្វីដែលជាសមិទ្ធផល ដែលយើងកំពុងឆ្លើយឆ្លងគ្នា រីឯការសម្រេច​ជារបស់EU»។

លោក ផៃ ស៊ីផាន អះអាងទៀតថា អ្វីដែលរដ្ឋាភិបាលត្រៀមទប់ទល់ទៅនឹងវិធានការរបស់សហភាពអឺរ៉ុប គឺការធ្វើកំណែទម្រង់នៅក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមរបស់អ្នកវិនិយោគ រកទីផ្សារបន្ថែម៦កន្លែងទៀតនៅអឺរ៉ុប ទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម ដើម្បីបង្កើតទីផ្សារការងារ ធ្វើយ៉ាងណាឲ្យអ្នកវិនិយោគនៅតែមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ទោះសហភាពអឺរ៉ុបតម្រូវឲ្យបង់ពន្ធក៏ដោយ។

កម្មវិធី​អនុគ្រោះ​ពន្ធ​លើ «ទំនិញ​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ​» Everything But Arms ឬ​ហៅ​កាត់​ថា​ EBA​ ​​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ឱ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។

ប្រទេសចំនួន១១ជាសមាជិកអាស៊ាន មានតែប្រទេស៣ប៉ុណ្ណោះ មានមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលទទួលបានប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីសហភាពអឺរ៉ុប ។

និយតកម្ម(ភាពត្រឹមត្រូវនៃការអនុវត្តច្បាប់)នៃអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ចែងថា ផលប្រយោជន៍ដែលបទេសទទួលបានពីប្រព័ន្ធនេះនឹងត្រូវផ្អាកក្នុងករណីមាន «ការរំលោភជាប្រព័ន្ធនិងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្ស» ដូចមានចែងក្នុងអនុសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារដូចមានចែងក្នុងឧបសម្ព័ន្ធទី៨នៃនិយតកម្មដែលស​​ហភាពអឺរ៉ុប បានអនុម័តកាលពីឆ្នាំ ២០១២។

សហភាពអឺរ៉ុប  អំឡុងខែកម្ភះ ពេលប្រកាសរាប់ថ្ងៃថយក្រោយលើវិធានការព្យួរEBA ពីកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកការបោះឆ្នោតជាតិនៅកម្ពុជាកន្លងទៅថា «បានប្រព្រឹត្តិទៅ នៅក្នុងបរិយាកាសមួយ ដែលពោរពេញដោយភាពរឹតត្បិត និងមិនបានឆ្លុះបញ្ចាំង ពីឆន្ទះបែបប្រជាធិបតេយ្យ នៃពលរដ្ឋកម្ពុជាឡើយ។ អាជ្ញាធរកម្ពុជា បានប្រើប្រាស់​កាន់ច្រើនឡើងៗ នូវប្រព័ន្ធយុត្តិធម៌ ដើម្បីបង្ក្រាប ទៅលើសំឡេងប្រឆាំង ថែមទាំងពីសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ»។

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយវិស័យឯកជន នាខែមីនាឆ្នាំនេះ  ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា EBA មិនអាចធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសអ្នកមានបានទេ ហើយបើប្រព័ន្ធអនុគ្រោះនេះ ត្រូវដកទៅវិញ ក៏កម្ពុជាមិនស្លាប់ដែរ។

អ្នកវិភាគនយោបាយលោក គឹម សុខ វិភាគថា EBA ស្ថិតនៅលើដៃលោក ហ៊ុន សែន តែម្នាក់គត់ ព្រោះវិធានការសហភាពអឺរ៉ុបជំរុញឲ្យកម្ពុជាវិលចូលគន្លងប្រជាធិបតេយ្យវិញ តាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប។ ប៉ុន្តែលោកវិភាគថា អ្វីដែលបក្សកាន់អំណាច ចង់រក្សាទុកនោះគឺអំណាច មិនមែន EBAទេ បើទោះបីជាដឹងថាការបាត់បង់ប្រព័ន្ធអនុគ្រោះ វាប៉ះពាក់ដល់ម្ចាស់ឆ្នោត រាប់លាននាក់ក៏ដោយ។

លោកថា៖ «នយោបាយរបស់លោក ហ៊ុន សែន នៅពេលនេះគឺការទប់ស្កាត់ការបែកបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនមែនគិតដល់ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងករណីបាត់EBAរបស់សហភាពអឺរ៉ុប និងGSPរបស់អាមេរិកនោះទេ។ ពីព្រោះតាមយោបល់របស់ខ្ញុំ លោក ហ៊ុន សែន គាត់អាចគិតថា កាលណាគាត់រក្សាលំនឹងផ្ទៃក្នុងរបស់គាត់បាន​ គាត់សង្ឃឹមថាគាត់នឹងអាចបង្ក្រាបការងើបឡើងរបស់ប្រជាពលរដ្ឋបានហើយ ប្រសិនបើកើតមាន»

ជ្រុងមួយទៀតនៃបញ្ហានេះ អង្គការលីកាដូ និងសមាគមធាងត្នោត នៅសប្តាហ៍មុននេះដែរ បានចេញរបាយការណ៍ស្រាយជ្រាវមួយ បង្ហាញថា ប្រជាពលរដ្ឋខ្មែរប្រមាណជា ២,៤ លាននាក់ ប្រហែលជា ១៥ ភាគរយនៃចំនួនប្រជាជនសរុប នៅជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុយ៉ាងហោចណាស់៨ពាន់លានដុល្លារ ដែលតួលេខនៅក្នុងរបាយកាណ៍បង្ហា​ញ​ថា ជាមធ្យមអ្នកខ្ចីប្រាក់ម្នាក់ជាប់បំណុល ប្រមាណជា ៣ ៣៧០ ដុល្លារ ដែលនេះជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។

របាយការណ៍បញ្ជាក់ថា លុយដែលពលរដ្ឋសងរំលួយទៅម្ចាស់បំណុលវិញ តាមរយៈលក់ដី កេងប្រវ័ញ្ចពលកម្មកុមា និងការធ្វើចំណាកស្រុក។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា តាមការរកឃើញរបស់លោកនៅតំបន់ណាមានរោងចក្រច្រើន ពលរដ្ឋនៅតំបន់នោះ ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុកាន់តែកើនឡើង ដែលថា ចម្លោះពី៦០ទៅជាង៧០% ដោយពួកគាត់សំអាងលើប្រាក់ខែសមាជិកគ្រួសារធ្វើការនៅក្នុងរោងចក្រផ្ញើអោយសម្រាប់សងរំលួស។

អ្នកស្រាវជ្រាវរូបនេះ អះអាងទៀតថា កម្មកររោងចក្រម្នាក់ គាត់ចិញ្ចឹមសមាជិកយ៉ាងតិច៣ លោកថា លុយដែលគាត់ផ្ញើទៅឲ្យក្រុមគ្រួសារ ក្រៅពីជួលគេធ្វើស្រែ មួយចំណែកធំ សងរំលួសត្រឡប់ទៅមីក្រូហិរញ្ញវត្ថុ។

លោក មាស នី វិភាគថា ការបាត់ EBA នឹងប៉ះពាល់ដល់ម្ចាស់ឆ្នោតច្រើនលាននាក់ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងបញ្ហាសង្គម។លោកវិភាគទៀតថា បញ្ហាធំៗពីរអាចនឹងកើតឡើង គឺភាពផុយស្រួយនៃការបែកបាក់ជាតិ និងសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ដែលជំរុញឲ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យឡើងវិញ។

អ្នកឃ្លាំមើលរូបនេះ វិភាគទៀតថា បើអ្វីៗចេះតែទៅមុខ មិនព្រមថយក្រោយ ដើម្បីស្តារស្ថានការណ៍ឡើងវិញទេ លោកថា ល្បែងនយោបាយនេះ កំពុងធ្វើឲ្យខាតប្រយោជន៍ជាតិ និងប្រយោជន៍បក្សខ្លួនឯងផងក៏ថាបាន បើសិនជាមានការបោះឆ្នោតឡើងវិញ តាមគន្លងប្រជាធិបតេយ្យនោះ។

លោកថា៖ «បើសិនជាធ្វើតាមការគំរាមកំហែង តាមរយៈនៃការចាប់មនុស្ស ដែលគេមើលទៅឃើញថាជាការបំផ្លាញប្រជាធិបតេយ្យថែមទៀតនោះ វាកនា់តែជំរុញឲ្យអាសំឡេងអាក្រក់ហ្នឹងវាកាន់តែឮខ្ទរខ្ទានៅលើពិភពលោកកាន់តែខ្លាំងទៀតហើយ ។ ហើយសិនជាត្រូវវិលត្រឡប់ទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌វិញ ខ្ញុំគិតថាបក្សកាន់អំណាចពិបាកនឹងស្វែងរកការគាំទ្រពីពលរដ្ឋឡើងវិញណាស់»

សរុបសេចក្តីទៅ អ្នករងផលប៉ះពាល់ ដូចមានក្នុងរបាយការណ៍របស់សមាគមរោចក្រកាត់ដេរ និងរបាយការណ៍របស់សង្គមស៊ីវិល អ្នករងផលប៉ះដល់ទៅជាងជាង៦លាននាក់ ដែលនេះលើសចំនួនអ្នកបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចដល់ជិតពាក់កណ្តាល។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា វិភាគប្រហាក់ប្រហែលដែរថា ប្រព័ន្ធអនុគ្រោះពន្ធស្ថិតនៅលើដៃរដ្ឋាភិបាល មិនស្ថិតនៅលើសភាពអឺរ៉ុបទេ ព្រោះផលប្រយោជន៍នៃប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដែលប្រទេសលោកសេរីផ្តល់ឲ្យកម្ពុជាបានភ្ជាប់លក្ខខណ្ឌ លើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតតេយ្យ ។

លោក ឯម សុវណ្ណរ៉ា វិភាគថា បើរដ្ឋាភិបាលបណ្តោលឲ្យប្រព័ន្ធនេះបាត់បង់ ដោយសារផលប្រយោជន៍នយោបាយ នោះ វាហាក់បង្ហាញថា អ្វីដែលរដ្ឋាភិបាលបានចុះលួងចិត្តកម្មករកន្លងទៅ វាហាក់ទទួលផលបញ្ច្រសមកវិញ ព្រោះវាបានរុញពួកគេជាម្ចាស់ឆ្នោតច្រើនលាននាក់ ឲ្យធ្លាក់ក្នុងភាពមិនច្បាស់លាស់ ក្នុងការពង្រឹងជីវភាព ដើម្បីរំដោះខ្លួនចេញភាពក្រីក្រ និងពេញពីការជាប់បំណុល។

អ្នកឃ្លាំមើលរូបនេះបារម្ភថា ស្ថានភាពបែបនេះ វាជាលទ្ធភាពជំរុញកម្ពុជាឲ្យធ្លាក់ក្នុងវិបត្តិសង្គម ព្រោះរដ្ឋាភិបាលនឹងត្រូវទប់ទល់ទៅនឹងសម្ពាធម្ចាស់ឆ្នោតនៅក្នុងស្រុកផង និងសម្ពាធពីអន្តរជាតិផង ដែលជាហេតុជំរុញឲ្យកម្ពុជា ធ្លាក់ប្រជាប្រិយភាពនៅលើឆាកអន្តរជាតិផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ