កូនប្រុសអតីតមន្ត្រីបក្សប្រឆាំងនៅ​ខេត្តកំពត​ថា ឪពុក​ខ្លួន​គ្មាន​កំហុស ហើយ​ស្នើ​​ឲ្យ​តុលាការ​ដោះ​លែង

សមត្ថកិច្ចនគរបាលខេត្តកំពតចាប់ខ្លួនលោកនុត ពេជ ចេញពីស្រែកំពុងស្ទូង នៅឃុំបឹងនិមលស្រុកឈូកខេត្តកំពតកាលពីថ្ងៃទី១៧ សីហា ២០១៩ (រូបភាពពលរដ្ឋតាមហ្វេសប៊ុក)

កូនប្រុសរបស់អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​​ដោះ​លែង​ឪពុក​របស់​ខ្លួន ដោយ​ថា ឪពុក​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នោះ​ឡើយ។

កូន​ប្រុស​របស់​អនុ​ប្រធាន​ប្រតិបត្តិរបស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ឈូក​ លោក នុត ពេជ គឺ​លោក ពន់ ធានី អាយុ ២៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​​គាត់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហានេះ​ នៅវាស្រែខណៈដែលគាត់កំពុងស្ទូងក្នុង​ភូមិ​ស្រង៉ែ ស្ថិត​ក្នុង​ឃុំ​បឹងនិមល ស្រុកឈូក ខេត្តកំពត។

ក្នុង​ដីកា​ចាប់​ខ្លួន​ចេញ​​​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពត លោក អ៊ី ឃាង បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​លោក នុត ពេជ អាយុ ៦៣​ឆ្នាំ ក្រោយ​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ជា​អាទិ៍» និង​ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក និង​ហាម​ឃាត់​រាល់​សកម្មភាព​នយោបាយ​របស់​បក្ស​​ប្រឆាំង​មួយ​នេះ។

លោក ពន់ ធានី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ឪពុក​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ពី​តុលាការ​នោះ​ឡើយ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ឪពុក​លោក​ថា ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

លោក ពន់ ធានី បាន​ឲ្យ​ដឹង​ទៀត​ថា រូប​លោក និង​ម្ដាយ​របស់​លោក ​កំពុង​ស្វះស្វែង​ចូល​សួរ​ទុក្ខ​ឪពុក​របស់​លោក​នៅ​ស្នងការ​នគរបាល​ខេត្ត​ ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​នៅ​ឡើយ​ទេ។

លោក ពន់ ធានី ប្រាប់​ថា៖ «ថ្ងៃចាប់ហ្នឹង មិនដល់ ១០នាទីទេ គេវៃខ្នោះ។  ម៉ែខ្ញុំរត់តាមសួរថា មូលហេតុអី គេថា ចង់ដឹងមូលហេតុទៅសាលាស្រុកសួរទៅ។ ចាប់ទាំងប្រឡាក់ភក់ស្រម៉ក ស្បែកជើងក៏អត់ អាវក៏រហែក។ ពេលទៅដល់ស្រុក គេថា បញ្ជូនទៅខេត្តហើយ។ ខ្ញុំចង់ឱ្យខាងតុលាការខាងអីដោះស្រាយបញ្ហានេះ លែងគាត់ទៅ គាត់គ្មានកំហុសទេ។ សុំឱ្យសង្គមស៊ីវិលជួយអន្តរាគមន៍ករណីនេះផង»

លោក ពន់ ធានី បន្តថា ឪពុករបស់ខ្លួនបានគេចខ្លួនចេញពីផ្ទះកាលពីដើមឧសភា ហើយត្រឡប់មកផ្ទះធ្វើស្រែវិញនៅចុងខែកក្កដានេះ។ លោករំលឹកថា ការគេចខ្លួននោះ គឺដោយសារភ័យខ្លាចការគំរាមកំហែងផ្នែកនយោបាយ ដែលកាលនោះមេឃុំបឹងនិមល បានហៅលោក នុត ពេជ ទៅជួបនៅសាលាឃុំដោយមិនបញ្ជាក់ពីមូលហេតុ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា ការចាប់ខ្លួនមន្ត្រីថ្នាក់មូលដ្ខាននេះ បង្ហាញពីការរឹតត្បិតសេរីភាពនយោបាយ និងការធ្វើទុក្ខបុកម្នេញ​កាន់តែខ្លាំងលើប្រជាពលរដ្ឋ។ អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ មើល​ឃើញ​ថា ប្រសិនជាការចាប់ខ្លូននៅតែបន្ដ នោះសង្គមកម្ពុជានឹងកាន់តែបែកបាក់។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​ថា​៖ «ខ្ញុំយល់ថា ជារឿងមួយរឹតត្បិតសេរីភាពខ្លាំងពេកចំពោះប្រជាពលរដ្ឋ លោក [នុត ពេជ] ជាមន្ត្រីថ្នាក់មូលដ្ឋានទេ មិនមែនជាអ្នកសម្រេចចិត្តផ្នែកនយោបាយទេ។ ទោះបីជាសមាជិកគណបក្សសង្គ្រោះជាតិក៏ដោយ ប៉ុន្តែ អ្នកដែលនៅក្រោមៗហ្នឹង ជួនកាលមិនបានដឹងទេ ពួកគាត់មិនទាន់ដឹងថា ខ្លួនត្រូវអនុវត្តសាលដីកាហ្នឹងយ៉ាងម៉េចផង»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីនេះ ជាករណីថ្មីមួយទៀតដែលបង្ហាញថាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋថ្នាក់ក្រោមជាតិ ត្រូវបានរំលោភបំពាន។

លោក ករុណា៖ «តាមការអង្កេតមើលទៅ ការចាប់ខ្លួននេះទំនងជាអាចពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងការអនុវត្តច្បាប់»

ចំពោះមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស​របស់អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ករណីចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិនេះ នឹងកាន់តែនាំមតិសហគមន៍ជាតិ និងអន្តរជាតិរិះគន់​ទៅ​លើ​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថា មានការលម្អៀងកាន់តែខ្លាំងថែមទៀត​ទៅរក​បក្សកាន់អំណាច។

លោក អំ សំអាត មាន​ប្រសាសន៍​ថា៖ «គេចាត់ទុកថា វាជាការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងហ្នឹង។ អង្គការលីកាដូនឹងសិក្សាបន្ថែម តាមដានករណីនេះ ដើម្បីរកព័ត៌មានឱ្យបានគ្រប់គ្រាន់លើករណីហ្នឹង»

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​នគរបាល​ខេត្ត​កំពត​ចាប់​ខ្លួន​តែ​ ១​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្រកាស​​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា​ខាង​មុខ​នេះ ហើយ​លោក​ក៏​បាន​អំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេសប្រមូលផ្តុំចាំទទួលលោក ក៏ដូចជាប្រឆាំងវិធានការនានាដែលបញ្ជាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់​ទុក​ចំណាត់របស់​សមត្ថកិច្ច​ថា ជា​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​ហៅ​ថា បាន​ជួប​ជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្រោម​ការ​ចាត់​តាំង​ពី​បក្ស​ប្រឆាំង ប្រឆាំង​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល។

លោក ជិន ម៉ាលីន ប្រាប់​ថា៖ «សុំសង្គមស៊ីវិលកុំវាយតម្លៃថា ហ្នឹងជាសកម្មជន ឬមិនសកម្មជន សុំមើលលើសកម្មភាពរបស់អ្នកទាំងហ្នឹងថាល្មើសច្បាប់ ឬក៏អត់»

លោក អំ  សំអាតឱ្យដឹងថា នៅឆ្នាំ២០១៩នេះ សកម្មជន និងមន្ត្រីថ្នាក់ដឹកនាំ​មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិចំនួន ៦​នាក់​ហើយ ត្រូវបានចាប់សមត្ថកិច្ច​ខ្លួន​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​អាជ្ញាធរ​ចាត់​ទុក​ថា ជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍

មន្ត្រីសង្គមស៊ីវិល​រូប​នេះ ក៏បានកត់សម្គាល់ដែរថា សកម្មជន និងមន្ត្រីគណបក្សប្រឆាំងជាង ១៥០នាក់​ហើយ ត្រូវបានកោះហៅដោយសមត្ថកិច្ចនិងតុលាការ ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ